រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​តម្លៃ​ប្រមាណ​ ១២ លាន​ដុល្លារ​នៅ​ខេត្ត​កំពង់ធំ របស់​ក្រុមហ៊ុន​ CSNC Agriculture Co.,Ltd ដែល​ចាប់​ផ្តើម​សាងសង់​កាល​ពី​ចុង​ឆ្នាំ​ ២០២៣ នៅ​ពេល​នេះ​បាន​បញ្ចប់​ការ​សាងសង់​ស្ទើរ​ ១០០​ភាគរយ​ហើយ ដោយ​អាច​នឹង​ចាប់​ផ្តើម​ដំណើរការ​នា​ដើម​ឆ្នាំ​២០២៥ ខាង​មុខ។

បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​សិប្បកម្ម​/រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​ចំនួន​ជាង ៤០​ កំពុង​ដំណើរការ។

CSNC Agriculture Co., Ltd ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​កម្ពុជា-​សិង្ហបុរី បាន​បើក​ការដ្ឋាន​សាង​សង់​រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​នៅ​ក្នុង​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ កាល​ពីថ្ងៃ​ទី ០៦ ខែធ្នូ ឆ្នាំ ២០២៣។ រោងចក្រ​នេះ​សាងសង់​លើ​ផ្ទៃដី​សរុប​ ១៤ ហិកតា​ ដោយ​អាច​ត្រូវ​ការ​កម្លាំង​ពលកម្ម​ជិត​ ២០០​ នាក់​នៅ​ពេល​ដំណើរការ។

ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា លោក អួន ស៊ីឡុត បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី ២៥ ខែតុលា​ថា តាម​គម្រោង​នៅ​ដើម​ឆ្នាំ ២០២៥ ខាង​មុខ កម្ពុជា​នឹង​មាន​រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ ទំហំ​មធ្យម​ ១ ទៀត​ចាប់​ផ្តើម​ដំណើរការ ដោយ​រោង​ចក្រ​ថ្មី​នេះ​មាន​សមត្ថភាព​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី បាន​ចំនួន ៤០ តោន​ក្នុង ១​ ថ្ងៃ ឬ​ប្រមាណ ១២ ០០០​តោន​ក្នុង ១ ឆ្នាំ​។ 

លោក​បន្ត​ថា នៅ​ពេល​មាន​រោងចក្រ​កែច្នៃ​ក្នុង​ស្រុក​កាន់​តែ​ច្រើន វា​មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​ការ​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​មិន​ទាន់​កែច្នៃ​ទៅ​ក្រៅ​ប្រទេស​ដែល​នាំ​ឱ្យ​កម្ពុជា​បាត់​បង់​តម្លៃ​បន្ថែម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​បង្កើត​ការងារ និង​ប្រាក់​ចំណូល​ទៅ​ដល់​គ្រួសារ​ប្រជាកសិករ អ្នក​កែច្នៃ និង​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​ទាំង​មូល។

លោក​បាន​ថ្លែង​ថា៖​«​នៅ​ពេល​រោងចក្រ​របស់​ CSNC Agriculture ដំណើរការ​ វា​នឹង​ជួយ​លើក​កម្ពស់​សមត្ថភាព​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​កែច្នៃ​ទៅ​លក់​នៅ​ទីផ្សារ​បាន​កាន់​តែ​ច្រើន។ CSNC Agriculture នឹង​ក្លាយ​ជា​រោងចក្រ​កម្រិត​មធ្យម​ទី ៧ នៅ​កម្ពុជា»។

បើ​តាម​លោក ស៊ីឡុត គិត​មក​ដល់​ពេល​នេះ នៅ​កម្ពុជា​មាន​រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​កំពុង​ដំណើរការចំនួន ៤៤ ក្នុង​នោះ​ រោងចក្រ​ទំហំមធ្យម មាន​ចំនួន ៦(អាច​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​បាន​ចន្លោះ​ពី ៧ ០០០​-​ ១៤ ០០០​តោន​ក្នុង ១​ ឆ្នាំ) និង​រោងចក្រ​តូចៗ​លក្ខណៈ​សិប្បកម្ម​ចំនួន ៣៨។ ភាគច្រើន​នៃ​រោងចក្រ/សិប្បកម្មកែច្នៃគ្រាប់​ស្វាយចន្ទី គឺស្ថិត​ក្នុង​ខេត្ត​កំពង់​ធំ កំពង់ចាម ព្រះវិហារ និង​ត្បូងឃ្មុំ។

ទាក់​ទង​នឹង​ទីផ្សារ​នាំ​ចេញ​ លោក ស៊ីឡុត បាន​ប្រាប់​ថា បច្ចុប្បន្ន​គ្រាប់​ស្វាយចន្ទី​កែច្នៃ​ ត្រូវ​បាន​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​ជា​ច្រើន​ដូច​ជា ចិន អាមេរិក និង​តំបន់​អ៊ឺរ៉ុប ជា​ដើម។ ចំណែក​គ្រាប់​ស្វាយចន្ទី​មិន​ទាន់​កែច្នៃ ត្រូវ​បាន​ឈ្មួញ​ប្រមូល​ទិញ​យក​ទៅ​លក់​នៅ​ប្រទេស​ជិតខាង​​ក្នុង​បរិមាណ​ដ៏​ច្រើន​ជា​រៀងរាល់​ឆ្នាំ។

លោក​អះអាង​ថា៖​«​ដោយ​សារ​សមត្ថភាព​របស់​រោងចក្រ​/សិប្បកម្ម​កែច្នៃ​ស្វាយចន្ទី​នៅ​កម្ពុជា​មាន​កម្រិត ដូច្នេះ​គ្រាប់​ស្វាយ​ចន្ទី​ជាង ៨០​ភាគ​រយ​ត្រូវ​បាន​ឈ្មួញ​នាំ​ចេញ​ទៅ​កែច្នៃ​នៅ​តាម​រោងចក្រ​ក្នុង​ប្រទេសវៀតណាម។

លោក ស៊ីឡុត បាន​ប្រាប់​ទៀត​ថា គ្រាប់​ស្វាយចន្ទី​(ស្ងួត)ឆ្នាំ​ ២០២៤ នេះមាន​តម្លៃ​ជា​មធ្យម ៦ ៥០០​រៀល​ក្នុង ១ គីឡូក្រាម កើន​ពី ៥ ៩០០​រៀល​កាល​ពី​ឆ្នាំ​ ២០២៣។ ចំណែក​ទិន្នន័យ​ដែល​ប្រមូល​បាន​គឺ​កើន​លើស​ឆ្នាំ​មុន​ប្រហែល ២៦​ ភាគរយ។​

ក្នុង​រយៈពេល​ជិត ១០​ខែ​ (ពី​ខែ​មករា ដល់​ថ្ងៃទី​២៥ ខែ​តុលា) កម្ពុជា​ផលិត​គ្រាប់​ស្វាយ​ចន្ទី​បាន ៨៤០ ០០០​តោន (កើន​ឡើង​២៦%) នាំ​ចេញ​ទៅ​វៀតណាម ៧៩៦ ០០០តោន គិត​ជា​ទឹកប្រាក់ ១០១០​លាន​ដុល្លា (កើន​៣១%)។ នៅ​បើ​តាម​សមាគម​ស្វាយ​ចន្ទី​កម្ពុជា។

រាជ​រដ្ឋាភិបាល​កម្ពុជា​ កាល​ពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ ២០២៣ បាន​អនុម័ត​លើ​សេចក្តី​ព្រាង “គោល​យោបាយជាតិ​ស្តីពី​ស្វាយចន្ទី ឆ្នាំ ២០២២-២០២៧” ដើម្បី​អភិវឌ្ឍន៍​ផលិត​កម្ម កែច្នៃ និង​ទីផ្សារ​ស្វាយចន្ទី​ឱ្យ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ប្រកប​ដោយ​បរិយាប័ន្ន ធានា​នូ​វ​និរន្តរភាព និង​ការ​ធ្វើ​ពិពិធ​​សេដ្ឋកិច្ច។

រដ្ឋាភិបាល​ធ្លាប់​បាន​លើក​ឡើង​ថា ស្វាយ​ចន្ទី ជា​ដំណាំ​កសិ​ឧស្សាហកម្ម និង​ជា​ដំណាំ​អាទិភាព​មួយ​ក្នុង​ចំណោម​ដំណាំ​អាទិភាព​ទាំង ១២​មុខ ដែល​រាជ​រដ្ឋាភិបាល​កំពុង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​ការ​បង្កើន​ផលិតភាព និង​ការ​ប្រកួត​ប្រជែង​តាម​រយៈការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ក្នុង​សកម្មភាព​ដែល​មាន​តម្លៃ​ខ្ពស់។ គោល​នយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី មាន​គោល​បំណង​ប្រែ​ក្លាយ​កម្ពុជា​ឱ្យ​ទៅ​ជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​សា្វយ​ចន្ទី​ដ៏​សំខាន់​មួយ សម្រាប់​បម្រើ​ទីផ្សារ​ក្នុង​ស្រុក តំបន់ និង​ពិភពលោក។

ទិន្នន័យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ផ្ទៃដី​ដាំដុះ​ដំណាំ​ស្វាយចន្ទី​ជាង ៥៨ ម៉ឺន​ហិកតា និង​ប្រមូល​ផល​បាន​ជាង ៨០ ម៉ឺន​តោន​ក្នុង​ ១ ឆ្នាំ។ សម្រាប់​រយៈពេល ៨ ខែ ដើម​ឆ្នាំ​២០២៤ កម្ពុជា​បាន​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​ប្រមាណ​ជាង ៥៦ ម៉ឺន​តោន ទៅ​កាន់ ១១ ប្រទេស៕