ក្រសួងពាណិជ្ជកម្ម និងស្ថានទូតន័រវេស បានរៀបចំសិក្ខាសាលាមួយនៅទីក្រុងភ្នំពេញដើម្បីបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅសម្រាប់មន្ត្រីនិងភាគីពាក់ព័ន្ធអំពីការទទួលបានផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់ប្រទេសន័រវេស។
សិក្ខាសាលានេះត្រូវបានបើកដោយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការវត្តមានចូលរួមរបស់លោកស្រី Astrid Emilie Helle ឯកអគ្គរាជទូតន័រវេសប្រចាំកម្ពុជាដែលមាននិវាសដ្ឋាននៅប្រទេសថៃ និងមន្ត្រីតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
លោកស្រី ចម និម្មល បានថ្លែងអំណរគុណដល់ឯកអគ្គរាជទូតន័រវេស ដែលបានផ្តួចផ្តើម និងផ្ដល់ការគាំទ្រដល់ការរៀបចំនិងដំណើរការសិក្ខាសាលានេះ សម្រាប់ឱកាសធុរកិច្ចនិងវិនិយោគដែលកំពុងមានកំណើនក្នុងប្រទេសទាំងពីរ។
លោកស្រីថ្លែងថា រាជរដ្ឋាភិបាលទាំងពីរពិតជាមានបំណងទាញយកប្រយោជន៍ពីការបំពេញបន្ថែមឱ្យគ្នាដើម្បីជំរុញការដោះដូរពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរទ្បើងថែមទៀត។
លោកស្រីថ្លែងថា៖ «តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេស ក្រុមហ៊ុននាំចេញកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធនេះ តួយ៉ាង គឺផលិតផលទាំងអស់ដែលមានដើមកំណើតនៅប្រទេសកម្ពុជា ទទួលបានការអនុគ្រោះរួចពន្ធ (Duty-Free) នៅពេលនាំចូលទៅកាន់ប្រទេសន័រវេស ដោយការនាំចេញទាំងនោះត្រូវអនុលោមតាមវិធានដើមកំណើរទំនិញ (Rules of Origin) និងវិធាននិងលក្ខខណ្ឌផ្សេងៗដូចមានចែងក្នុងប្រព័ន្ធអនុគ្រោះ GSP»។
ស្ថានទូតន័រវេស បានថ្លែងនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា លោកស្រី ចម និម្មល និងលោកស្រី Astrid Emilie Helle បានពិភាក្សាគ្នាអំពីទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយរវាងប្រទេសទាំងពីរ និងថាតើត្រូវធ្វើយ៉ាងណាដើម្បីឲ្យទំនាក់ទំនងនេះកាន់តែរឹងមាំនាពេលអនាគត។
ស្ថានទូតបន្តថា ជំនួបនិងសិក្ខាសាលានេះធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានគយន័រវេស (Tolletaten) បានរៀបចំសិក្ខាសាលាមួយដែលពិភាក្សាអំពីវិធីដែលធុរកិច្ចនៅកម្ពុជា អាចនាំចេញទៅប្រទេសន័រវេសដោយមិនជាប់ពន្ធ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP។
យោងតាមអគ្គនាយកដ្ឋានគយន័រវេស ប្រទេសកម្ពុជាទទួលបានការលើកលែងពន្ធតាមប្រព័ន្ធ GSP សម្រាប់ការនាំចេញទៅប្រទេសន័រវេស ក្នុងឋានៈកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួច។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និង ន័រវេស មិនស្ថិតនៅក្នុងចំណោមប្រទេស២០នៅលើតារាងស្ថិតិទំនិញនាំចេញនាំចូលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានោះទេ ដោយសារតែពាណិជ្ជកម្មទ្វេភាគីមានទំហំតូចពេក។ យោងតាមគេហទំព័រ Trading Economics ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានតែ ៦,៧១លានដុល្លារប៉ុណ្ណោះ នៅឆ្នាំ២០២២៕