កម្ពុជា-​ហុងកុង​ បាន​សន្យា​នឹង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ជា​ពិសេស​បង្កើន​ការ​ផ្សព្វផ្សាយ​ទៅ​ដល់​វិនិយោគិន​ហុងកុង​ឱ្យ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន​ ខណៈ​ទឹក​ប្រាក់​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ភាគី​ទាំង ២ ក្នុង​រយៈ​ពេល​ ៩​ខែ​ដើម​ឆ្នាំ ​២០២៤ មាន​ប្រមាណ​ជាង ៤៥០ លានដុល្លារ។

ការ​សន្យា​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​សភា​ពាណិជ្ជកម្ម​កម្ពុជា ​(CCC) កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ​នា​ជំនួប​រវាង​លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​គណៈ​ប្រតិភូ​ធុរកិច្ច​ហុងកុង​ ដែល​ដឹកនាំ​ដោយ លោក Dewan Saiful Alam ប្រធាន​គណៈ​កម្មាធិការ​អាស៊ី អាហ្វ្រិក និង​មជ្ឈិមបូព៌ា នៃ​សភា​ពាណិជ្ជកម្ម​ហុងកុង ក្នុង​អំឡុង​ពេល​បំពេញ​បេសកកម្ម​ធុរកិច្ច​នៅ​កម្ពុជា។

ជា​កិច្ច​ចាប់​ផ្តើម​ លោក គិត ម៉េង បាន​លើក​ឡើង​អំពី​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា-​ចិនហុងកុង និង​បាន​លើក​ទឹក​ចិត្ត​ឱ្យ​វិនិយោគិន​ចិន​ហុងកុង​ចូល​មក​ច្បាម​យក​ប្រយោជន៍​ជា​អតិបរមា​ពី​ទំនាក់ទំនង​ដ៏​ល្អ​នេះ តាម​រយៈ​ការ​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា។

លោក​បន្ត​ថា វិនិយោគិន​ចិន​ហុងកុង​អាច​ប្រើប្រាស់​នូវ​ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការ​សំខាន់ៗ​ដែល​ប្រទេ​កំពុង​មាន ដូចជា គំនិតវផ្តួចផ្តើម​ខ្សែ​ក្រវាត់​និង​ផ្លូវ កិច្ច​សហប្រតិបត្តិការ​ឡាងឆាង​មេគង្គ ព្រម​ទាំង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន-​អាស៊ាន កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​តំបន់ ​(RCEP) និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ចិន​(CCFTA)។

បន្ថែម​ពី​លើ​នេះ លោក គិត ម៉េង ក៏​បាន​ពន្យល់​គណៈ​ប្រតិភូ​ហុងកុង​អំពី​គោល​នយោបាយ​លើក​ទឹក​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ចំពោះវិ​និយោគិន​ដែល​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់ និង​ភាព​ធំទូលាយ​នៃ​ទីផ្សារ​នាំ​ចេញ​ទំនិញ​ផលិត​នៅ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ទៀតផង។

លោក Dewan Saiful Alam បាន​សម្តែង​ក្តីរីករាយ​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​បញ្ជាក់​អំពី​សក្តានុពល​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​ហុងកុង ជា​ពិសេស​ក្នុង​វិស័យ​ទេសចរណ៍ ថាមពល ពាណិជ្ជកម្ម និង​វិនិយោគ។

លោក​បន្ត​ថា៖​ «​គណៈ​ប្រតិភូ​ធុរកិច្ច​ហុងកុង មាន​ចំណាប់​អារម្មណ៍​ខ្ពស់​ក្នុង​ការ​ស្វែង​រក​កាលានុវត្តភាព និង​ដៃគូ​សហការ​ជាមួយ​ធុរកិច្ច​កម្ពុជា។ សភា​ពាណិជ្ជកម្ម​ហុងកុង​នឹង​សហការ​ជិត​ស្និទ្ធ​ជាមួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា ក្នុង​ការ​កំណត់​ និង​អភិវឌ្ឍន៍​គម្រោង​រួមគ្នា​ដែល​ផ្តល់​ផល​ប្រយោជន៍​ទៅវិញ​ទៅមក»។

បើ​តាម CCC ក្រុម​គណៈ​ប្រតិភូ​ហុងកុង ដែល​ចូល​ក្នុង​ជំនួប​ខាង​លើ គឺ​មាន​មក​ពី​វិស័យ​ពាណិជ្ជកម្ម សុខាភិបាល ថាមពល សេវាកម្ម​ផ្នែក​ច្បាប់ អចលនទ្រព្យ និង​ទេសចរណ៍។​

ទិន្នន័យ​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ ២០២៤ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ហុងកុង មាន​ទឹក​ប្រាក់​សរុប ៤៥៦,៧៥​ លាន​ដុល្លារ កើន​ឡើង​ ៤៦,៩ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣។ ទំនិញ​ដែល​កម្ពុជា​នាំ​ទៅ​ហុងកុង ១៥៥,០៧ លាន​ដុល្លារ ធ្លាក់ចុះ ២៩,២​ ភាគរយ ចំណែក​ទំនិញ​ហុងកុង នាំ​មក​កម្ពុជា ៣០១,៦៨ លានដុល្លារ កើន​ឡើង ៥៨ ភាគរយ។

យោង​តាម​តួលេខ គឺ​កម្ពុជា​មាន​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម​ ១៤៦,៦១ លាន​ដុល្លារ កើន​ឡើង​ពី​ ៧០,៨៩ លាន​ដុល្លារ នា​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣។

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី៣០ ខែ​តុលា​ថា ចំនួន​វិនិយោគិន​ហុងកុង​ដែល​មក​បើក​រោងចក្រ និង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ហើយ​ចំនួននេះ​នឹង​មាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​នា​ពេលខាងមុខ ជា​ពិសេស​នៅ​ពេល​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ ដោយ​នៅ​ពេល​នោះ​កម្ពុជា​នឹង​មាន​តម្រូវ​ការ​ផលិតផល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើបៗ​កាន់​តែ​ច្រើន។

លោក​បន្ត​ថា បច្ចុប្បន្ន​វិនិយោគិនហុងកុងបាន​បណ្តាក់ទុន​នៅ​កម្ពុជា​ភាគ​ច្រើន​ក្នុង​ផ្នែក​កម្មន្តសាល និង​អចលនទ្រព្យ។ មូល​ហេតុដែល​វិនិយោគិន​ហុងកុង​ចូល​ចិត្ត​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ព្រោះ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​​ដីនៅ​មាន​តម្លៃ​ទាប​ជា​ឆ្ងាយ​បើ​ធៀប​នឹង​តម្លៃ​ក្នុង​ទីក្រុងហុងកុង។​ ជាមួយ​គ្នា​នេះ​កម្ពុជា​ក៏​ជា​ប្រទេស​ដែល​មាន​សម្ទុះ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​លឿន​ផងដែរ ដោយ​មាន​កំណើន​ជាង ៧ ​ភាគរយ​ក្នុង​រយៈ​ពេលជាង ២ ទសវត្ស។

លោក​បាន​ថ្លែង​ថា៖​«នៅ​ពេល​អនាគត​ទំហំទឹក​ប្រាក់​នៃ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ហុងកុងនឹង​បន្ត​កើន​ឡើងទៀត ព្រោះ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុងគឺ​មាន​ជំនាញ​​ផ្នែក​បច្ចេក​វិទ្យា​ ​និង​នវានុវត្តន៍ ​ជា​ពិសេស​ចាប់​ពី​ឆ្នាំ​២០៣០ ដែល​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​ ព្រោះ​នឹងមាន​​តម្រូវ​ការ​សម្ភារ​ប្រើប្រាស់ និង​បច្ចេកវិទ្យា​កាន់​តែ​ច្រើន»។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជាជា លោក លឹម ហេង បាន​និយាយ​​ថា ជំនួប​រវាង​ផ្នែក​ឯកជន​កម្ពុជា​-​ហុងកុង នឹង​ជួយ​ទាក់​ទាញ​អ្នក​វិនិយោគ​ហុងកុង​ឱ្យ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន ហើយ​ក៏​អាច​ជួយ​ឱ្យ​មាន​លំហូរ​ទំនិញ​រវាង​ភាគី​ទាំង ២ កាន់​តែ​ច្រើន​ផង​ដែរ។

លោក​បន្ត​ថា៖​«​បច្ចុប្បន្ន​ការ​វិនិយោគ​របស់​ហុងកុង ​នៅ​កម្ពុជា​មាន​ភាគ​ច្រើន​ក្នុង​វិស័យ​កាត់ដេរ ផលិតកម្ម​គ្រឿង​បង្គុំ​អេឡិចត្រូនិក អគ្គិសនី និង​កសិកម្ម ជាដើម»។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​សភា​ពាណិជ្ជកម្ម​ហុងកុង (Hong Kong General Chamber of Commerce) ​នេះ ក៏​មាន​ជំនួប​ជា​មួយ​ថ្នាក់​ដឹក​នាំ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​ពាណិជ្ជកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​សមាគម​ពាណិជ្ជកម្ម​នៅ​កម្ពុជា​មួយ​ចំនួន​ទៀត៕