ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) ជាមួយនឹងក្រុមហ៊ុនបៃតងកម្ពុជា (CG) និងមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) ក្នុងន័យដើម្បីរួមគ្នាលើកកម្ពស់វិស័យកសិកម្មកម្ពុជា និងបង្កើនសក្តានុពលសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។
ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ៣០ ខែតុលា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីលោក ឌិត ទីណា ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងពិធីចុះ MoU នេះ លោក ឌិត ទីណា បានសម្តែងការស្វាគមន៍ចំពោះដៃគូជាតិ អន្តរជាតិ និងវិស័យឯកជនទាំងអស់ដែលបានចូលរួមចំណែកក្នុងការជំរុញវិស័យកសិកម្មកម្ពុជាឱ្យបោះជំហានទៅមុខកាន់តែលឿន ព្រមទាំងបានអនុវត្តកិច្ចការអភិរក្សធនធានធម្មជាតិ ប្រកបដោយភាពជោគជ័យជាបន្តបន្ទាប់។
លោកបន្តថា ការចុះ MoU ជាមួយក្រុមហ៊ុនបៃតងកម្ពុជា គឺជាការងារដ៏សំខាន់ក្នុងការជួយរក្សាស្ថេរភាពថ្លៃវិស័យស្រូវអង្ករនាប៉ែកពាយ័ព្យ ដែលជាបរិបទថ្មីជួយកាត់បន្ថយការចំណាយ ដើម្បីបង្កើនផលចំណេញ ទាំងកសិករ និងអ្នកប្រើប្រាស់។
ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រី ក៏បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលប្រើប្រាស់ពូជ និងបច្ចេកទេសច្បាស់លាស់ មានទុនក្នុងការវិនិយោគ មានទីផ្សារពិតប្រាកដ និងជំរុញពូជសែនក្រអូប ដែលជាពូជស្រូវកម្ពុជាឱ្យកាន់តែមានសក្តានុពលក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ក្នុងការងារនេះលោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖«ក្រសួងកសិកម្មត្រូវការដៃគូ ដែលមានគោលដៅរួមច្បាស់លាស់ មានបច្ចេកទេសពិតប្រាកដ និងមានឆន្ទៈរួមគ្នា ដើម្បីសម្រេចនូវលទ្ធផលល្អ»។
កាលពីពេលថ្មីៗនេះ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា វិស័យកសិកម្មកម្ពុជាបានបង្ហាញពីភាពវិជ្ជមានជាបន្តបន្ទាប់ ដោយបរិមាណនៃការនាំចេញទៅទីផ្សារអន្តរជាតិបានបន្តកើនឡើងគួរឱ្យកត់សម្គាល់។ កំណើននៃការនាំចេញនេះគឺកើនចេញពីការបណ្តាក់ទុនកាន់តែច្រើននៅក្នុងវិស័យកសិកម្មពីសំណាក់វិនិយោគិនក្នុងស្រុក និងក្រៅប្រទេស។
លោកបន្តថា ក្រៅពីនេះវិស័យកសិកម្មនៅកម្ពុជាក៏មានប្រើប្រាស់បច្ចេកវិទ្យា និងការជ្រើសរើសពូជ និងការថែទាំបានល្អជាងមុនផងដែរ។
លោកអះអាងថា៖«ការរយៈការខិតខំរបស់រដ្ឋាភិបាល និងផ្នែកឯកជន យើងដឹងថាបរិមាណ និងគុណភាពផលិតផលកសិកម្មកម្ពុជានឹងកាន់តែច្រើន»។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញផលិតផលកសិកម្មចំនួន ៦ ១៣៥៨១៣,១២តោនទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងប្រមាណ ៥៧,២៨ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ផលិតផលកសិកម្មសំខាន់ៗដែលនាំចេញរួមមាន ស្រូវ ចំណិតដំឡូងមីស្រស់-ក្រៀម អង្ករ គ្រាប់ស្វាយចន្ទី កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច ពោត ប្រេងដូង ផ្លែមៀនស្រស់ និងកសិផលជាង ៧៧ មុខផ្សេងទៀត។
ទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា(CRF) បានបង្ហាញថា ក្នុងចន្លោះពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិសម្រេចបានក្នុងបរិមាណ ៤៤៥ ៩១៣ តោន គិតជាប្រាក់មានចំនួន ៣៣៥,៤ លានដុល្លារ។ សម្រាប់បរិមាណអង្ករនាំចេញគឺថយចុះ ២,៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ប៉ុន្តែចំនួនទឹកប្រាក់ដែលទទួលបាន គឺកើនឡើង ២,៤ ភាគរយ៕