បុព្វលាភធានារ៉ាប់រងដុលនៅកម្ពុជាក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៤ មានប្រមាណ ២៧២លានដុល្លារ កើនឡើងតិចតួចបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈអ្នកជំនាញអះអាងថាកំណើនតិចតួចនេះគឺមានជាប់ទាក់ទងនឹងកត្តាខាងក្រៅ និងខាងក្នុងរបស់កម្ពុជា។
ទិន្នន័យរបស់និយ័តករធានារ៉ាប់រងកម្ពុជា(Insurance Regulator of Cambodia) បានបង្ហាញថា ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៤ បុព្វលាភធានារ៉ាប់រងដុល (Gross Premium) មានទឹកប្រាក់សរុបជាង ២៧២ លានដុល្លារ កើនឡើងក្នុងរង្វង់ ៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ២៦៤ លានដុល្លារ។
យោងតាមនិយ័តករធានារ៉ាប់រងកម្ពុជា នៅកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងទូទៅ(General Insurance)ចំនួន ១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត (Life Insurance) ១៤, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច (Micro Insurance) ចំនួន ៧ ក្រុមហ៊ុនធានារ៉ាប់រងបន្ត (Reinsurance) ចំនួន ១, និងក្រុមហ៊ុនជើងសារធានារ៉ាប់រង (Insurance Broker)ចំនួន ២០, ព្រមទាំងក្រុមហ៊ុនពាក់ព័ន្ធមួយចំនួនទៀត។
ទន្ទឹមនឹងបុព្វលាភដុលដែលប្រមូលបានខាងលើ ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ក៏បានបញ្ចេញសំណងដុល(Gross Claim Incurred) ប្រមាណ ៥៥,៦ លានដុល្លារនៅក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២៤ ដោយកើនឡើង ១៤,១៣ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣។
នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង Forte Group លោក យក់ ចំរើនរិទ្ធិ បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ៣១ ខែតុលា ថា ភាពយឺតយ៉ាវនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺបណ្តាលមកពីកត្តាខាងក្រៅ និងខាងក្នុង។ កត្តាខាងក្រៅសំដៅដល់បញ្ហាជាច្រើនដែលកើតមានជាបន្តបន្ទាប់ដូចជា វិបត្តិបណ្តាលមកពីជំងឺកូវីដ១៩ ជម្លោះភូមិសាស្រ្តនយោបាយរវាងប្រទេសធំៗ សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងជម្លោះនៅតំបន់មជ្ឈឹមបូព៌ា ដែលបញ្ហាទាំងអស់នេះបានធ្វើឱ្យកំណើនសេដ្ឋកិច្ចសកលធ្លាក់ទៅក្នុងភាពមិនច្បាស់លាស់។ នៅពេលសេដ្ឋកិច្ចមិនល្អ លំហូរសាច់ប្រាក់ និងការវិនិយោគក៏ធ្លាក់ចុះដែរ។
លោកបន្តថា សម្រាប់កត្តាខាងក្នុងគឺចំណេះដឹងរបស់ប្រជាជនខ្មែរទាក់ទងនឹងវិស័យធានារ៉ាប់រងនៅមានកម្រិត ព្រោះវិស័យនេះទើបឈានចូលក្នុងប្រទេសកម្ពុជាជាង ២ ទ សវត្សប៉ុណ្ណោះ ខណៈនៅប្រទេសជឿនលឿនគេមានរាប់រយឆ្នាំមកហើយ។ នៅក្នុងអំឡុងពេលសេដ្ឋកិច្ចសកលដំណើរការមិនសូវល្អ វិស័យហិរញ្ញវត្ថុនៅកម្ពុជាក៏ជួបបញ្ហាខ្លះៗដែរ។
លោកបានថ្លែងថា៖«បើវិស័យធនាគាររងផលប៉ះពាល់ វិស័យធានារ៉ាប់រងនឹងកាន់តែរងផលប៉ះពាល់។ វិស័យទាំង ២ នេះតែងតែនៅផ្សារភ្ជាប់ជាមួយគ្នា»។
លោកប្រាប់ទៀតថា បច្ចុប្បន្ននៅកម្ពុជាមានធានារ៉ាប់រងសំខាន់ៗចំនួន ៣ ប្រភេទ គឺធានារ៉ាប់រងទូទៅ, ធានារ៉ាប់រងអាយុជីវិត, និងធានារ៉ាប់រងខ្នាតតូច។ សម្រាប់ធានារ៉ាប់រងខ្នាតតូច គឺកំពុងមានដំណើរការល្អជាងគេ ប៉ុន្តែដោយសារផ្នែកនេះមានចំនួនទឹកប្រាក់តិច(ករណីខ្លះអាចមានចាប់ពី ១ដុល្លារអាមេរិកឡើងទៅ) ដូច្នេះវាមិនអាចជួយធ្វើឱ្យវិស័យធានារាប់រងកម្ពុជា ហក់ឡើងបានភ្លាមៗទេ។
លោកបានបញ្ជាក់ថា៖«សម្រាប់ធានារ៉ាប់រងខ្នាតតូច ជាសមាមាត្រគឺកើនឡើងរហូតដល់ ៦០-៧០ ភាគរយ ប៉ុន្តែបើនិយាយពីចំនួនទឹកប្រាក់គឺមានតិចតួចប៉ុណ្ណោះ»។ មួយរយៈចុងក្រោយនេះយើងឃើញវិស័យធានារ៉ាប់រងខ្នាតតូចមានសន្ទុះកើនឡើងគួរឱ្យចាប់អារម្មណ៍»។
លោកបានលើកឡើងថា៖«នៅពេលសេដ្ឋកិច្ចពិភពលោកមានដំណើរការល្អឡើងវិញ ខ្ញុំមានសុទិដ្ឋនិយមថា វិស័យធានារ៉ាប់រងកម្ពុជានឹងមានសម្ទុះខ្លាំងជាងបច្ចុប្បន្ន គឺនឹងស្ថិតក្នុងកំណើនលេខ ២ខ្ទង់ដូចមុនពេលមានវត្តមានជំងឺកូវីដ១៩»។
លោក ប៊ូ ចាន់ភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា (BOU Chanphirou, Director General of the Insurance Regulator of Cambodia (IRC),
នៅក្នុង«ទិវាធានារ៉ាប់រង ២០២៤» ដែលរៀបចំក្នុងខេត្តព្រះសីហនុ ពីថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៤ បានលើកឡើងថា វិស័យធានារ៉ាប់រងនៅកម្ពុជានារយៈពេល ៥ ឆ្នាំកន្លងមកនេះបានរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយទំហំទីផ្សារធានារ៉ាប់រងកម្ពុជាក្នុងឆ្នាំ២០២៣ បានកើនឡើងដល់ប្រមាណ ៣៤៤ លានដុល្លារ ដែលបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិក្នុងអត្រាប្រមាណ ១,១៦ភាគរយ នៃ ផ.ស.ស. និងដង់ស៊ីតេធានារ៉ាប់រងចំនួន ២១,០២ ដុល្លារក្នុងមនុស្សម្នាក់។
លោកនិយាយថា៖«ទីផ្សារធានារ៉ាប់រងកម្ពុជានៅមានសក្តានុពលធំធេងសម្រាប់ការរីកចម្រើននាពេលខាងមុខ។ ទោះយ៉ាងណាបញ្ហាកង្វះខាតការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងជំនឿទុកចិត្តរបស់អតិថិជនលើក្រុមហ៊ុនធានារ៉ាប់រង គឺជាបញ្ហាប្រឈមមួយដែលទាមទារឱ្យមានការផ្សព្វផ្សាយ និងអប់រំបញ្ជ្រាបជូនដល់សាធារណជនបន្ថែមទៀតអំពីខ្លឹមសារ និងអត្ថប្រយោជន៍នៃការធានារ៉ាប់រង»។
យោងតាមរបាយការណ៍របស់ IRC បុព្វលាភធានារ៉ាប់រងដុល (Gross Premium Income) របស់វិស័យធានារ៉ាប់រងកម្ពុជា កាលពីឆ្នាំ ២០២៣ មានចំនួន ៣៤៤,២៦ លានដុល្លារ កើនឡើង ៣,៦ ភាគរយពី ៣៣២,៣៥ លានដុល្លារកាលពីឆ្នាំ ២០២២៕