កម្ពុជារកប្រាក់បានប្រមាណជាង ១,៤ពាន់លានដុល្លារអាមេរិក ពីការនាំចេញម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែករបស់វា(Electrical machinery and equipment and part thereof) ទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៤ ធ្លាក់ចុះ ១/៣ ដងបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ខណៈអ្នកសេដ្ឋកិច្ចយល់ឃើញថាភាពអវិជ្ជមាននេះបណ្តាលមកពីកំណើនសេដ្ឋកិច្ចសកលមិនរឹងមាំ។
ទិន្នន័យកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ ការនាំចេញទំនិញក្នុងជំពូក (HS ២ ខ្ទង់) ដែលមានលេខកូដ ៨៥ រួមមានម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែករបស់វា មានទឹកប្រាក់សរុប ១ ៤១០,៣៤ លានដុល្លារ ធ្លាក់ចុះ ៣៤,៨ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមាន ២ ១៦២,៣៩ លានដុល្លារ។
ទឹកប្រាក់នេះ ស្មើនឹង ៨ ភាគរយនៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជារយៈពេល ៨ ខែឆ្នាំ ២០២៤ ដែលមានចំនួន ១៧,៥៨ពាន់លានដុល្លារ។
GDCE បានឱ្យដឹងទៀតថា សម្រាប់ខែសីហា ឆ្នាំ២០២៤ ទឹកប្រាក់នាំចេញទំនិញលេខកូដ ៨៥ មានចំនួន ២២៦,១៧ លានដុល្លារ ធ្លាក់ចុះ ២៥,៣ ភាគរយធៀបខែសីហា ឆ្នាំ២០២៣ ដែលមាន ៣០២,៨៨ លានដុល្លារ។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៤ ខែតុលា លោក ហុង វណ្ណៈ សេដ្ឋវិទូនៅរាជបណ្ឌិត្យសភាកម្ពុជា ឱ្យដឹងថា ការធ្លាក់ចុះទឹកប្រាក់នាំចេញទំនិញប្រភេទម៉ាស៊ីន និងឧបករណ៍អគ្គិសនី ក្នុងអំឡុងនេះអាចបណ្តាលមកពីកត្តាចម្បងចំនួន ២ គឺកំណើនសេដ្ឋកិច្ចសកលមិនរឹងមាំដែលជះឥទ្ធិពលដល់ចង្វាក់ផលិតកម្មខ្លះ និងកំណើនការនាំចេញដ៏ច្រើនកាលពីឆ្នាំ ២០២៣។
លោកបន្ថែមថា ការនាំចេញផលិតផលម៉ាស៊ីន និងឧបករណ៍អគ្គិសនី នឹងកើនឡើងវិញនៅពេលសេដ្ឋកិច្ចសកលបោះជំហានទៅមុនលឿន ព្រោះនៅពេលសេដ្ឋកិច្ចដើរល្អ តម្រូវការវត្ថុប្រើប្រាស់ និងការចំណាយរបស់មនុស្សក៏នឹងកើនឡើងទៅតាមនោះដែរ។
លោកបានអះអាងថា៖«ឥទ្ធិពលនៃជម្លោះភូមិសាស្រ្តនយោបាយ និងសង្គ្រាមនៅប្រទេសមួយចំនួនបានជំរុញឱ្យអ្នកប្រើប្រាស់កាត់បន្ថយការចំណាយទៅលើវត្ថុ ឬឧបករណ៍ប្រើប្រាស់មួយចំនួនដែលមិនចាំបាច់ខ្លាំងដូចម្ហូបអាហារ។ នៅពេលសេដ្ឋកិច្ចសកលដំណើរការល្អ ការបញ្ជាទិញឧបករណ៍ទាំងអស់ខាងលើនឹងមានសម្ទុះឡើងវិញ»។
ដើម្បីបង្កើនទំនាក់ទំនង ពង្រីកការផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគបរទេស ជាពិសេសវិនិយោគិនអាមេរិក និងកាណាដា ឱ្យមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា ព្រមទាំងបញ្ជាទិញទំនិញកម្ពុជាឱ្យកាន់តែច្រើន គណៈប្រតិភូរដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជា ក៏បានធ្វើដំណើរទៅប្រទេសអាមេរិក និងកាណាដា កាលពីចុងខែកញ្ញា រហូតដល់ដើមខែតុលា កន្លងមក។
ក្នុងជំនួបជាមួយ លោក Laurent Ferreira ប្រធាន និងជានាយកប្រតិបត្តិនៃធនាគារជាតិកាណាដា ដែលជាក្រុមហ៊ុនមេនៃធនាគារ ABA នៅកម្ពុជា កាលពីថ្ងៃទី២៦ ខែកញ្ញា លោក ស៊ុន ចាន់ថុល អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីបច្ចុប្បន្នភាពនៃការវិនិយោគឯកជនក្នុងរយៈពេល ១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលបានទទួលគម្រោងវិនិយោគសរុប ៣៨១ គម្រោង កើនឡើងចំនួន ១៦៨ គម្រោងបើធៀបនឹងនីតិកាលទី ៦ ដែលនេះបង្ហាញអំពីទំនុកចិត្តរបស់វិនិយោគិនមកកាន់រាជរដ្ឋាភិបាលកម្ពុជា។
លោកថ្លែងថា៖«ដើម្បីបង្កើនជំនឿទុកចិត្តបន្ថែមមួយកម្រិតទៀតជូនដល់វិនិយោគិន ក្នុងពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពាសពេញផ្ទៃប្រទេសទាំងផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក ប្រព័ន្ធភស្ដុភារកម្ម ក៏ដូចជាវិស័យពាក់ព័ន្ធនានារួមទាំងការគិតគូរលើតម្លៃថាមពលអគ្គិសនី ដើម្បីគាំទ្រដល់ការវិនិយោគឯកជន បង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋខ្មែរ»។
ក្នុងឆ្នាំ ២០២៣ ទឹកប្រាក់ដែលកម្ពុជាប្រមូលបានពីការនាំចេញផលិតផលលេខកូដ ៨៥ គឺមានចំនួន ៣ ១២៩,៩១ លានដុល្លារ កើនឡើង ៥៦,៦ភាគរយធៀបឆ្នាំ២០២២។ ទឹកប្រាក់នាំចេញនេះស្មើនឹង ១៣,៨ ភាគរយនៃចំនួនទឹកប្រាក់នាំទំនិញចេញសរុបដែលមានចំនួនជាង ២២,៦៤ ពាន់លានដុល្លារ។ នេះបើតាម GDCE៕