ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ១,៨ លាននាក់បានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជា ក្នុងអំឡុងពេល ៣ ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយក្នុងនោះខេត្តចំនួន ៥ បានទទួលភ្ញៀវទេសចរលើសពី ១០ ម៉ឺននាក់។ ជាមួយគ្នានេះក៏មានព៌ត៌មានអវិជ្ជមានមួយចំនួនទាក់ទងនឹងការកំណត់តម្លៃម្ហូបអាហារខ្ពស់ផងដែរ។
ទិន្នន័យក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី ១-៣ ខែតុលា ឆ្នាំ ២០២៤ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចេញធ្វើដំណើរចំនួន ១ ៧៨ ០៧៧នាក់(ទេសចរបរទេស ៣៧,០៩១នាក់)។
ខេត្តចំនួន ៥ បានទទួលភ្ញៀវទេសចរច្រើនជាងគេ រួមមាន ខេត្តបាត់ដំបង ចំនួន ២១៦ ១៧៩ ៩នាក់, សៀមរាប ១៨០ ៨៩៣ នាក់, ព្រះសីហនុ ១៧០ ៥១៣ នាក់, កំពង់ឆ្នាំង ១៥៣,៩១១ នាក់ និងខេត្តកំពត ១២៣ ៩០៨ នាក់។
ប្រធានសមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិកកម្ពុជា (PATA) លោក ធួន ស៊ីណាន បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៧ ខែតុលា ថា ការបិទបញ្ចប់ក្តីបារម្ភពីការឆ្លងរាលដាលជំងឺកូវីដ១៩ ការងើបឡើងវិញជាបណ្តើរៗនៃកំណើនសេដ្ឋកិច្ច និងចរន្តនៃការធ្វើដំណើររបស់ប្រជាជនក្នុងស្រុក និង បរទេស បានជំរុញឱ្យភ្ញៀវធ្វើដំណើរកម្សាន្តក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៤ មានចំនួនច្រើនគួរសមបើធៀបរយៈពេល ៣-៤ ឆ្នាំមុន។ ចរន្តនៃការធ្វើដំណើររបស់ភ្ញៀវក្នុងស្រុក និងបរទេស គឺជាចំណុចវិជ្ជមានសម្រាប់វិស័យទេសចរណ៍កម្ពុជា។
លោកនិយាយថា៖«ទោះយ៉ាងណាសម្រាប់តួលេខដែលរាយការណ៍ថា មានចំនួនជិត ២ លាននាក់ គឺខ្ញុំមិនមានមូលដ្ឋានសម្រាប់បកស្រាយឡើយ ព្រោះខ្ញុំមិនមិនមានព័ត៌មានអំពីរូបមន្ត ឬវិធីសាស្រ្តក្នុងការកត់ត្រា»។
ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មានពីការលក់អាហារ(បាយឆា)ក្នុងតម្លៃដ៏ខ្ពស់នៅតំបន់ទេសចរណ៍ក្នុងខេត្តកែប អំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះ លោក ស៊ីណាន បានប្រាប់ថា ព័ត៌មានពីការលក់ទំនិញក្នុងតម្លៃខ្ពស់ គឺពិតជាជះផលអវិជ្ជមានខ្លាំងដល់វិស័យទេសចរណ៍ ខណៈអាជ្ញាធរមូលដ្ឋានតែងអះអាងថា បានធ្វើការអប់រំណែនាំជាប្រចាំទៅដល់អាជីវករហើយដោយ។ នេះជា ជំងឺមហារីក” ដែលត្រូវការដោះស្រាយជាបន្ទាន់ ដើម្បីស្តារមុខមាត់ខេត្ត និងឧស្សាហកម្មទេសចរណ៍កម្ពុជាទាំងមូល។
លោកបន្ថែមថា ភាពអសកម្មទាំងនេះក៏បង្ហាញពីសមត្ថភាពក្នុងការគ្រប់គ្រងរបស់អាជ្ញាធរផងដែរ ខណៈបញ្ហាអស់នេះមិនមែនកើតមានតែនៅក្នុងខេត្តកែប នោះទេ។
អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ កាលពីយប់ថ្ងៃទី ៤ ខែតុលា បានសរសេរនៅលើបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋខេត្តកែប នូវការទទួលបដិសណ្ឋារកិច្ច ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលមកទស្សនា សម្រាកលម្ហែកម្សាន្តយ៉ាងច្រើនកុះករនៅខេត្តកែប ក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលមានចំនួន ៧៩ ៥៣៨ នាក់ កើនឡើង ២៦,១១ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣។
លោកបន្តថា ទោះបីមានការខិតខំប្រឹងប្រែងឱ្យល្អឥតខ្ចោះយ៉ាងណាក៏ដោយ ក៏អាចនៅមានចន្លោះប្រហោង និងភាពខ្វះខាតខ្លះៗដែរ ដូចជា រយៈពេលកន្លងមកមានការរិះគន់ផ្សេងៗ និងបញ្ហាមួយចំនួនតូចពាក់ព័ន្ធទៅនឹងតម្លៃម្ហូបអាហារ នៅខេត្តកែប។
លោកអះអាងថា៖ «រដ្ឋបាលខេត្តសូមទទួលយកនូវរាល់មតិរិះគន់ក្នុងន័យស្ថាបនារបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដើម្បីជាមូលដ្ឋានក្នុងការកែលម្អ និងដោះស្រាយនូវរាល់ចំណុចខ្វះខាតដែលជាបញ្ហាកង្វល់របស់បងប្អូន ហើយក៏ជាចំណុចដែលរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ជាប្រចាំឱ្យកាន់តែល្អប្រសើរ សំដៅធ្វើយ៉ាងណាឱ្យខេត្តកែប កាន់តែមានភាពទាក់ទាញ និងខិតខំបង្កើនការអភិវឌ្ឍបន្ថែមនូវតំបន់សក្ដានុពលទេសចរណ៍នានា សម្រាប់ទទួលស្វាគមន៍ដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋជាបន្តទៀត»។
នាយករដ្ឋបាលសាលាខេត្តកែប លោក ឈុន ច័ន្ទវ៉ាន់ថុន(Chhun Chan Vanthon, Director of Administration at Kep Provincial Hall) បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អាជ្ញាធរខេត្តតែងតែធ្វើការផ្សព្វផ្សាយ និងអប់រំជាប្រចាំដល់អាជីវកម្មទាក់ទងនឹងការកំណត់ថ្លៃសេវាកម្ម និងម្ហូបអាហារ។
លោកនិយាយថា៖«ទោះយើងខិតខំដោះស្រាយបែបណាក៏ការឆកល្វែងនៅតែមានតិចតួច។ អាជ្ញាធរខេត្តនឹងខិតខំដោះស្រាយបញ្ហាទាំងអស់នេះបន្ថែមទៀត»។
បើតាម លោក ច័ន្ទវ៉ាន់ថុន នៅក្នុងខេត្តកែប មានរមណីយដ្ឋានទេសចរណ៍ជាង ៣០កន្លែង៕