គម្រោងវិនិយោគថ្មីចំនួន ២៦ និងគម្រោងពង្រីកផលិតកម្មចំនួន ២ ដែលមានទុនវិនិយោគសរុបជាង ៤០០ លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តឱ្យវិនិយោគនៅកម្ពុជា ដោយក្នុងនោះទុនវិនិយោគជិត ៤០ ភាគរយបានមកពីវិនិយោគិន ចិន។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។
សេចក្តីប្រកាសព័ត៌មានរបស់ CDC កាលពីរសៀលថ្ងៃទី ៧ ខែតុលា ឱ្យដឹងថា ក្នុងខែកញ្ញា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឱ្យគម្រោងវិនិយោគថ្មីចំនួន ២៦ និងគម្រោងពង្រីកផលិតកម្មចំនួន ២ ដែលមានទុនវិនិយោគសរុបជាង ៤៤៣ លានដុល្លារ និងអាចបង្កើតការងារបានជិត ២៥ ពាន់កន្លែង។
ក្នុងចំណោមគម្រោងទាំង ២៨ គឺមានចំនួន ២២ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស និង ៦ នៅក្រៅតំបន់សេរដ្ឋកិច្ចពិសេស។ ការវិនិយោគរបស់ចិន ស្ថិតនៅលំដាប់លេខរៀងទី ១ ដោយបានគ្របដណ្តប់ ៣៨,២៣ ភាគរយនៃទុនវិនិយោគសរុប ចំណែកការវិនិយោគក្នុងស្រុក មានចំនួន ៣២,៩២ ភាគរយ ក្រៅពីនោះមានដូចជា ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី អាមេរិក វៀតណាម និងកោះ Samao។
គម្រោងធំៗដែល CDC បានអនុម័តក្នុងខែកញ្ញា រួមមាន គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ដែលស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់, គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហ្វុងហ្វូ អ៊ិនធើណេសិនណល នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង, គម្រោងបង្កើតរោងចក្រផលិតដំឡើង និងបង្គុំសមាសធាតុគ្រឿងម៉ាស៊ីន និងមេកានិច, គម្រោងបង្កើតរោងចក្រកែច្នៃផលិតផលពីទឹកដោះគោ ភេសជ្ជៈគ្រប់ប្រភេទគ្មានជាតិអាល់កុល និងអាហារគ្រប់ប្រភេទ, គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាប, គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម, និងគម្រោងពង្រីកផលិតកម្មរបស់រោងចក្រកាត់ដេរសម្លៀកបំពាក់។ល។
ប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group លោក សំ សុខនឿន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៨ ខែតុលា ថា មានកត្តាជាច្រើនដែលជួយឱ្យប្រទេសកម្ពុជា អាចទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុន ដែលមានដូចជា កត្តាស្ថិរភាពនយោបាយ សន្តិសុខ ច្បាប់វិនិយោគដែលអនុញ្ញាតឱ្យជនបរទេសអាចប្រើប្រាស់ទុនវិនិយោគរបស់ខ្លួន ១០០ ភាគរយ។ បន្ថែមលើនេះ ពួកគេក៏អាចយកប្រាក់ចំណេញពីអាជីវកម្ម ចេញទៅវិញបានដោយសេរីផងដែរ(ប្រទេសខ្លះរឹតត្បិតចំពោះការយកប្រាក់ចំណេញចេញទៅវិញ)។
លោកបានថ្លែងថា៖ «កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះឱកាសក្នុងការវិនិយោគគឺមានច្រើន។ កម្ពុជាក៏ជាប្រទេសដែលមានទីតាំងភូមិសាស្ត្រអំណោយផលសម្រាប់ការវិនិយោគលើគ្រប់វិស័យ ខណៈលក្ខខណ្ឌផ្សេងៗរួមទាំងតម្លៃពលកម្ម ក៏មានភាពសមរម្យ»។
លោកលើកឡើងទៀតថា កម្ពុជានឹងកាន់តែមានភាពទាក់ទាញនៅពេលដែលគម្រោងព្រែកជីកហ្វូណន តេជោ បើកដំណើរការ។ វិនិយោគិនកាន់តែច្រើននឹងចូលមកបណ្តាក់ទុន។
លោកបញ្ជាក់ថា៖«គម្រោងព្រែកជីកនេះនឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការទាក់ទាញវិនិយោគិន តាមរយៈការកាត់បន្ថយចម្ងាយទៅគ្រប់តំបន់នៅក្នុងប្រទេស និងពិភពលោក។ នៅពេលតម្លៃដឹកជញ្ជូនទាប សមត្ថភាពប្រកួតប្រជែងទំនិញរបស់កម្ពុជានៅទីផ្សារអន្តរជាតិក៏នឹងកើនឡើងដែរ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ថ្មីៗនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទោះបីកំណើនសេដ្ឋកិច្ចពិភពលោកទទួលរងផលប៉ះពាល់ជាបន្តបន្ទាប់តាំងពីដើមឆ្នាំ ២០២០ ដែលបណ្តាលមកពីការឆ្លងរាលដាលជំងឺកូវីដ១៩ និងឥទ្ធិពលអវិជ្ជមានពីជម្លោះភូមិសាស្រ្តនយោបាយ និងសង្គ្រាមនៅប្រទេសមួយចំនួនក៏ដោយ ក៏ប្រទេសកម្ពុជានៅតែអាចទទួលបាននូវការគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មជាបន្តបន្ទាប់។
លោកបន្ថែមថា ភាពទាក់ទាញដែលកម្ពុជាមាននោះ គឺដោយសារតែកម្ពុជារក្សាបានស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចរឹងមាំ ច្បាប់វិនិយោគ ទីតាំងភូមិសាស្ត្រ ពលកម្ម និងហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ។ ក្រៅពីនោះផលិតផលកម្ពុជា ក៏ទទួលបានភាពអនុគ្រោះពន្ធនាំទៅប្រទេសធំៗមួយចំនួនដូចជា អាមេរិក តំបន់អឺរ៉ុប ចិន កូរ៉េ និងជប៉ុន។
លោកបន្តថា លើសពីនោះកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាបានធ្វើជាមួយប្រទេសដៃគូសំខាន់ៗដូចជា ចិន កូរ៉េ និងកិច្ចព្រមព្រៀង RCEP ដែលមានប្រទេស ១៥ ក៏កំពុងរួមចំណែកក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
លោកប្រាប់ថា៖«ការវិនិយោគរបស់វិនិយោគិនក្នុងស្រុក និងបរទេសនៅកម្ពុជានឹងកើនឡើងថែមទៀតនៅពេលស្ថានភាពសេដ្ឋកិច្ច និងនយោបាយពិភពលោកប្រសើរ។ ការវិនិយោគផ្ទាល់គឺពិតជាសំខាន់ណាស់សម្រាប់ភាពរឹងមាំនៃសេដ្ឋកិច្ច ព្រោះក្រៅពីជួយបង្កើតការងារ វាក៏ជួយលើកកម្ពស់សមត្ថភាពនាំចេញផលិតផលសម្រេចពីកម្ពុជាទៅទីផ្សារអន្តរជាតិឱ្យកាន់តែខ្លាំង»។
ក្នុងឆមាសទី១ ឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្ម, សរុបចំនួន ១៩០ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ ពាន់លានដុល្លារ និងអាចបង្កើតការងារបាន ១៦៨.៥៧២ កន្លែង។
បើប្រៀបធៀបនឹងរយៈពេលដូចគា្នក្នុងឆ្នាំ ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧ គម្រោង ខណៈទុនវិនិយោគបានកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ ពាន់លានដុល្លារ។ នេះបើយោងតាម CDC៕