អ្នកជំនាញទេសចរណ៍មានសុទិដ្ឋិនិយមថា កម្ពុជានឹងទទួលបានផលវិជ្ជមានច្រើនពីការបង្កើនចំនួនជើងហោះហើររវាងទីក្រុងសំខាន់ៗរបស់ឥណ្ឌាជាមួយកម្ពុជា ខណៈតាមការគ្រោងទុកក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo នឹងបើកជើងហោះហើរត្រង់ពីទីក្រុងសំខាន់ៗចំនួន ២ មកកាន់ទីក្រុងសំខាន់ចំនួន ២ របស់កម្ពុជា នៅដើមឆ្នាំ ២០២៥ ខាងមុខ។
អតីតឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋឥណ្ឌា ដែលទើបបញ្ចប់អាណ្តតិ លោក កុយ គួង បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ក្នុងថ្ងៃទី ៨ ខែតុលាថា៖«មានជើងហោះហើរត្រង់(Direct Flight) កម្ពុជា ឥណ្ឌា (Phnom Penh_ New Delhi) ដោយអាកាសចរណ៍កម្ពុជា Cambodia Angkor Air ចាប់ផ្តើមកាលពីខែមិថុនា ឆ្នាំ២០២៤។ តាមគម្រោងអាកាសចរណ៍ឥណ្ឌា IndiGo នឹងចាប់ផ្តើមជើងហោះហើរត្រង់ (New Delhi_Phnom Penh) និង (Kolkata_Siem Reap) ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥»។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) លោក ធួន ស៊ីណាន បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ៨ ខែតុលាថា ការបង្កើនចំនួនជើងហោះហើរត្រង់រវាងឥណ្ឌា និងកម្ពុជា គឺជារឿងល្អណាស់ ព្រោះនៅពេលមានជើងហោះហើរកាន់តែច្រើន វានឹងផ្តល់ផលវិជ្ជមានកាន់តែច្រើនសម្រាប់ប្រទេសទាំង ២ តាមរយៈការជំរុញសកម្មភាពពាណិជ្ជកម្ម និងជាពិសេសវិស័យទេសចរណ៍។
លោកលើកឡើងថា New Delhi និង Kolkata ជាទីក្រុងដ៏ធំ និងមានប្រជាជនច្រើន ដូច្នេះកម្ពុជាត្រូវតែខិតខំធ្វើការងារនេះឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព ដើម្បីអាចស្រូបយកផលប្រយោជន៍ឱ្យបានជាអតិបរមា។ បច្ចុប្បន្នទីផ្សារទេសចរណ៍ឥណ្ឌាអាចនិយាយថា ធំទី២ បន្ទាប់ពីប្រទេសចិន។
លោកនិយាយថា«យើងត្រូវតែខិតខំពង្រីកការផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព ខណៈមានប្រទេសមួយចំនួនបានព្យាយាមផ្សាយព័ត៌មានអវិជ្ជមានពីកម្ពុជា ដើម្បីទាញយកផលចំណេញពីវិស័យទេសចរណ៍យើង»។
បើតាមលោក ស៊ីណាន ជនជាតិឥណ្ឌា មិនមែនផ្តោតសំខាន់តែទៅលើទេសចរណ៍បែបសាសនានោះទេ ពួកគេក៏ចាប់អារម្មណ៍ការដើរកម្សាន្ត ការទិញទំនិញ ម្ហូបអាហារ ពិសេសការដើរកម្សាន្តនៅពេលរាត្រី។
ចំណែកប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ បាននិយាយថា ការបន្ថែមជើងហោះហើរត្រង់នឹងជួយឱ្យចំនួនភ្ញៀវទេសចរ និងអ្នកវិនិយោគរវាងប្រទេសទាំង ២ កើនឡើង។ វាក៏អាចជាមោទនភាពមួយសម្រាប់ជនជាតិឥណ្ឌា ក្នុងការមកទស្សនាប្រាសាទបុរាណដែលមានចំណងទាក់ទងទៅនឹងជំនឿសាសនាហិណ្ឌូ សាសនាព្រាហ្មណ៍ និងសាសនាព្រះពុទ្ធ ជាដើម។
លោកបានអះអាងថា៖«បច្ចុប្បន្នកម្ពុជាក៏មានកន្លែងស្នាក់នៅ និងអាហារដ្ឋានដែលជាតម្រូវការរបស់ភ្ញៀវជនជាតិឥណ្ឌាច្រើននៅតាមរាជធានី-ខេត្តដែលជាគោលដៅទេសចរណ៍»។
បើតាមលោក ខៀវ ធី បច្ចុប្បន្នការហោះហើរត្រង់រវាងទីក្រុងញ៉ូដេលី-ភ្នំពេញ មានប្រមាណ ៤ជើងក្នុង ១សប្តាហ៍ ដែលប្រតិបត្តិការដោយក្រុមហ៊ុន Cambodia Angkor Air។
ទិន្នន័យក្រសួងទេសចរណ៍ បង្ហាញថា ចន្លោះពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៣ ៧៤២ ២៣០ នាក់កើនឡើង ២៣,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ ក្នុងចំណោមភ្ញៀវខាងលើ គឺភ្ញៀវមកពីប្រទេសឥណ្ឌា មានចំនួន ៥០ ០២២ នាក់ កើនឡើង ១៥,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕