នៅតាមបង្គោលភ្លើង ដើមឈើ ឬនៅតាមរបងខ្លះ គេអាចឃើញមានការបិទខិត្តប័ណ្ណផ្សព្វផ្សាយសេវាឥណទានក្រៅផ្លូវការ ដែលសន្យាផ្ដល់ប្រាក់កម្ចីរហ័សដល់អតិថិជន ឬ អតិថិជនអាចដាក់ប្រាក់ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ត្រឡប់មកវិញ។
សេវាឥណទានបែបនេះក៏ត្រូវបានផ្សព្វផ្សាយនៅបណ្ដាញសង្គមទិកតុក ហ្វេសប៊ុក តេឡេក្រាម ឬការចែកចាយខិត្តប័ណ្ណផ្សព្វផ្សាយនៅលើដៃចង្កូតម៉ូតូ ដែលសុទ្ធតែគ្មានទីតាំងច្បាស់លាស់។ ជាទូទៅ ឥណទានបែបនេះតម្រូវឲ្យអ្នកប្រើប្រាស់ដាក់តម្កល់អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ឬ ប័ណ្ណក្រីក្រ ឬឯកសារមានតម្លៃមួយចំនួនទៀត។
ប៉ុន្តែ ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា និង សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា ឥណទានបែបនេះមានហានិភ័យខ្ពស់សម្រាប់អតិថិជន ពីព្រោះភាគច្រើនគឺជាការឆបោក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ខែតុលា លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានពន្យល់ថា អ្នកប្រើប្រាស់ឥណទានក្រៅផ្លូវការ អាចរងការគំរាមកំហែង ឬកើតមានអំពើហិង្សា នៅពេលណាដែលគេមិនមានលទ្ធភាពសង។
សម្រាប់អ្នកដាក់ប្រាក់សន្សំដោយស្រមៃថានឹងទទួលបានការប្រាក់ខ្ពស់មកវិញ លោកស្រីថា ពួកគេងាយនឹងចាញ់បោកគេ ហើយធ្លាក់ខ្លួនជំពាក់បំណុល ដោយសារពួកគេភាគច្រើនបានទៅលុយពីធនាគារដើម្បីយកមកដាក់ជាមួយឥណទានក្រៅផ្លូវការទាំងនោះ។
លោកស្រីថ្លែងដូច្នេះថា៖ «អ្នកដែលមានបញ្ហាភាគច្រើនគឺអ្នកចងការ គាត់ទៅខ្ចីពីមីក្រូហិរញ្ញវត្ថុ ឬពីធនាគារ យកមកដាក់ជាមួយឥណទានក្រៅផ្លូវការ ដូចជា ដាក់ ៣០០ដុល្លារ បាន ១៨០០ដុល្លារក្នុងរយៈពេល ២៤ម៉ោង។ ដល់ពេលគេយកទៅបាត់ ហើយគ្មានអ្វីសងគេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏មកទារពីគាត់ ហើយបញ្ហាក៏កើតមានឡើង ហើយគាត់ចោទថា មីក្រូហិរញ្ញវត្ថុមករឹបអូសទ្រព្យសម្បត្តិគាត់»។
ខណៈដែលពិភពលោកកំពុងរងផលប៉ះពាល់ពីសង្គ្រាម និងឥទ្ធិពលនៃវិបត្តិកូវីដ១៩ កម្ពុជាក៏មិនមានការលើកលែងដែរ។ កត្តានេះអាចជំរុញឲ្យប្រជាពលរដ្ឋខ្លះកាន់តែងាយធ្លាក់ចូលក្នុងអន្ទាក់នៃការឆបោករបស់ឥណទានក្រៅផ្លូវការ បន្ទាប់ពីពួកគេត្រូវបានបដិសេធសំណើសុំឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្លូវការ។ នេះបើតាមការលើកឡើងរបស់លោកស្រី ជា សិរី។
លោកស្រីថ្លែងដូច្នេះថា៖ «សូមប្រជាជនយើងប្រយ័ត្នឲ្យមែនទែន ជាពិសេសក្នុងរយៈពេលនេះ គឺមានអ្នកឆ្លៀតឱកាសច្រើន។ នៅពេលគាត់មិនអាចខ្ចីឥណទានពីគ្រឹះស្ថានផ្លូវការ យើងខ្លាចថា គាត់ងាកទៅសេវាក្រៅផ្លូវការ។ ប៉ុន្តែ សូមយល់ថា បើគ្រឹះស្ថានគេមិនឲ្យខ្ចី បានន័យថា គេបានសិក្សារួចហើយថាគាត់មិនមានលទ្ធភាពសង។ ដូច្នេះ គួរតែកុំខ្ចីល្អជាង»។
ធនាគារជាតិនៃកម្ពុជា សមាគមធនាគារ ក៏ដូចជាសមាគមមីក្រូហិរញ្ញវត្ថុ អំពាវនាវកុំឲ្យប្រជាពលរដ្ឋប្រើប្រាស់ឥណទានក្រៅផ្លូវការ ពីព្រោះអាជ្ញាធរមានសមត្ថកិច្ចក៏ពិបាកជួយដែរ នៅពេលមានបញ្ហាកើតឡើង ដោយហេតុថា អ្នកឆបោកគ្មានអាសយដ្ឋានច្បាស់លាស់ ហើយក៏គ្មានយន្តការនៃការដោះស្រាយវិវាទបែបនេះទេ៕