កម្ពុជាបានបញ្ចេញប្រាក់ជាង ៤០០ លានដុល្លារនាក្នុងរយៈពេល ៨ខែដើមឆ្នាំ ២០២៤ ដើម្បីនាំចូលដែក និងដែកថែប ដោយចំនួននេះកើនឡើងជិត ៦០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ កំណើនទឹកប្រាក់នាំចូលដែក និងដែកថែប ជាសញ្ញាបង្ហាញថាវិស័យសាងសង់នៅកម្ពុជាចាប់ផ្តើមកម្រើកឡើងវិញជាបណ្តើរហើយ។
តួលេខដែលកត់ត្រាដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ចន្លោះពីខែមករា-ខែសីហា ឆ្នាំ ២០២៤ កម្ពុជាបាននាំចូលទំនិញស្ថិតក្នុងជំពូក(HS ២ ខ្ទង់) លេខកូដ ៧២ ដែលរួមមានដែក និងដែកថែប ក្នុងទឹកប្រាក់សរុប ៤០៤,៨៥ លានដុល្លារ កើន ៥៩,២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមាន ២៥៤,៣៧ លានដុល្លារ។ ចំនួននេះស្មើនឹង ២,១ ភាគរយនៃចំនួនទឹកប្រាក់នាំទំនិញចូលសរុបរបស់កម្ពុជារយៈពេល ៨ ខែ ឆ្នាំ ២០២៤ ដែលមានចំនួន ១៨,៩ ពាន់លានដុល្លារ។ រយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ទឹកប្រាក់នាំចូលផលិតផលលេខកូដ ៧២ គឺស្មើនឹង ១,៦ ភាគរយនៃចំនួនទឹកប្រាក់នាំចូលសរុប។
សម្រាប់ខែសីហា ឆ្នាំ ២០២៤ ទឹកប្រាក់នាំចូលទំនិញលេខកូដ ៧២ មានចំនួន ៥១,៨៩ លានដុល្លារ កើនឡើង ៣៥,១ ភាគរយធៀបនឹងខែសីហា ឆ្នាំ២០២៣ ដែលមានចំនួន ៣៨,៤២ លានដុល្លារ។
អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក ហ៊ុយ វណ្ណា បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៩ ខែតុលាថា ការកើនឡើងចំនួនទឹកប្រាក់នាំចូលដែក និងដែកថែប គឺមិនអាចបញ្ជាក់ថាវិស័យសំណង់នៅកម្ពុជាកំពុងមានវឌ្ឍនភាពល្អនោះទេ ព្រោះដែក និងដែកថែប អាចត្រូវបានគេយកទៅប្រើប្រាស់ក្នុងមុខងារជាច្រើនទៀតក្រៅពីវិស័យសំណង់។
លោកបន្តថា សម្រាប់ស្ថានភាពនៅតាមការដ្ឋានសំណង់លំនៅឋាននៅក្នុងប្រទេសកម្ពុជានាពេលនេះ គឺស្ទើតែមិនមានការបើកគម្រោងសាងសង់សង់ថ្មីៗនោះទេ។
លោកបាននិយាយថា៖«ការសាងសង់ និងការទិញលក់លំនៅឋាននៅកម្ពុជាស្ទើតែគ្មានសកម្មភាពសោះនៅពេលនេះ។ បញ្ហាទាំងអស់នេះ គឺជាប់ទាក់ទងទៅនឹងកំណើនសេដ្ឋកិច្ចសកល ក៏ដូចជាសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ»។
បើតាមលោក វណ្ណា កំណើនទឹកប្រាក់នាំចូលដែក និងដែកថែប រយៈពេល ៩ ខែខាងលើ ក៏អាចបានពីការនាំចូលដែកសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា ព្រលានយន្តហោះ កំពង់ផែ និងទីតាំងចំណត ជាដើម។
អ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជា លោក ជីវ ស៊ីវផេង កន្លងមកបាននិយាយថា បន្ទាប់ពីស្ងប់ស្ងាត់ខ្លាំងក្នុងអំឡុងពេលនៃការរីករាលដាលកូវីដ ១៩ វិស័យសំណង់នៅកម្ពុជា បានកម្រើកឡើងវិញជាបណ្តើរ ប៉ុន្តែមិនបានហក់ឡើងខ្លាំងនោះទេ។ នៅពេលមានការសាងសង់ តម្រូវការដែក និងសម្ភារសំណង់ផ្សេងទៀតក៏កើនឡើងដែរ។
លោកបន្ថែមថា ប្រសិនបើស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសកលមិនមានប្រឈមបញ្ហាធំៗបន្ថែមទៀតនោះ វិស័យសំណង់ និងអចលនទ្រព្យពិភពលោក រួមទាំងកម្ពុជាប្រាកដជានឹងងើបឡើងវិញ។
លោកបានលើកឡើងថា៖ «ភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចសកល រួមទាំងប្រទេសកម្ពុជា បានជួយឱ្យវិស័យសាងសង់កម្ពុជាមិនមានសញ្ញាអវិជ្ជមានដូចកាលពី ៣-៤ឆ្នាំទេ»។
កាលពីឆ្នាំ២០២៣ ប្រទេសកម្ពុជាបាននាំចូលទំនិញលេខកូដ ៧២ ក្នុងទឹកប្រាក់សរុប ៥២៩,០៥ លានដុល្លារ ធ្លាក់ចុះ ១៣,១ ភាគរយពីចំនួន ៦០៨,៥៦ លានដុល្លារក្នុងឆ្នាំ ២០២២៕