កិច្ចសហប្រតិបត្តិការផ្នែកការទូត និងទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ ត្រូវបានរំពឹងថានឹងបោះជំហានទៅមុខកាន់តែល្អបន្ថែមទៀតបន្ទាប់ពីថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជួបពិភាក្សាជាមួយគណៈប្រតិភូអាល្លឺម៉ង់ ខណៈពាណិជ្ជកម្មរវាងប្រទេសទាំង ២ ក្នុងរយៈពេល ៩ខែដើមឆ្នាំ ២០២៤ សម្រេចបានទឹកប្រាក់ជាង ៧៨៤ លានដុល្លារ។
ជំនួបពិភាក្សារវាងកម្ពុជា-អាល្លឺម៉ង់ ត្រូវបានធ្វើឡើងនៅទីស្តីការប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដែលភាគីកម្ពុជាដឹកនាំដោយលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីអាល្លឺម៉ង់ ដឹកនាំដោយ លោកស្រីបណ្ឌិត Bärbel Kofler រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់ ព្រមទាំងមានការចូលរួមពីលោក Stefan Anton Masserer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ជាពិសេសកិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាលប្រទេសទាំងពីរនាពេលខាងមុខ, ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា, ទិសដៅគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា, អភិបាលកិច្ច និងសិទ្ធិមនុស្ស, ភាពជាដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក៏ដូចជាផ្លាស់ប្តូរយោបល់ និងបទពិសោធដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូនាពេលអនាគត។
នៅក្នុងជំនួបនោះ លោក ឈៀង យ៉ាណារ៉ា បានសម្តែងការស្វាគមន៍ចំពោះលោកស្រី Barbel Kofler ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលបានបន្តប្តេជ្ញាផ្តល់ការគាំទ្រដល់កម្ពុជា និងចាត់ទុកកម្ពុជាជាដៃគូសំខាន់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ខ្លួន។
សមិទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី គឺពិតជាបានរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់ដល់សង្គម- សេដ្ឋកិច្ចពីវិបត្តិដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បានបង្ហាញថា ចន្លោះពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-អាល្លឺម៉ង់ មានទឹកប្រាស់សរុប ៧៨៤,៥៤ លានដុល្លារ កើនឡើង ០,៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ក្នុងនោះទំនិញកម្ពុជានាំទៅអាល្លឺម៉ង់ មានទឹកប្រាក់ ៦៧១,៧៩ លានដុល្លារ កើនឡើង ៨,៤ភាគរយ និងអាល្លឺម៉ង់នាំមកកម្ពុជា ១១២,៧៥ លានដុល្លារ ធ្លាក់ចុះ ២៩,១ភាគរយ។
យោងតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាបានឧត្តមភាពចំនួន ៥៥៩,០៣ លានដុល្លារ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ មានចំនួន ៤៦០ លានដុល្លារ។ អាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី១០ របស់កម្ពុជា។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ០១ ខែវិច្ឆិកាថា អាល្លឺម៉ង់គឺជាប្រទេសរីកចម្រើន និងមានសេដ្ឋកិច្ចធំជាងនៅក្នុងទ្វីបអឺរ៉ុប ហើយប្រទេសនេះក៏ជាទីផ្សារចម្បងមួយផងដែរសម្រាប់ផលិតផលវាយនភណ្ឌកម្ពុជា។
ការកើនឡើងនៃទឹកប្រាក់នាំចេញពីកម្ពុជា គឺដោយសារទំនិញកម្ពុជាមានភាពចម្រុះ គុណភាពល្អ និងតម្លៃប្រកួតប្រជែង។ លោកបន្តថា សម្រាប់ចំនួនទឹកប្រាក់ដែលអាល្លឺម៉ង់នាំចូលមកកម្ពុជាតិច គឺដោយសារទំនិញនាំពីមកអាល្លឺម៉ង់ ភាគច្រើនមានតម្លៃខ្ពស់លើសពីការចង់បានរបស់ទីផ្សារកម្ពុជា។
លោកលើកឡើងថា៖«ក្នុងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចអាល្លឺម៉ង់ គឺជាបងធំនៅអ៊ឺរ៉ុប ដូច្នេះការបង្កើនកិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់កម្ពុជា»។
ទំនិញដែលកម្ពុជានាំចេញទៅអាល្លឺម៉ង់ មានភាគច្រើនជា សម្លៀកបំពាក់ ស្បែកជើង ទំនិញសម្រាប់ធ្វើដំណើរ កង់ និងផលិតផលកសិកម្ម ចំណែកទំនិញអាល្លឺម៉ង់ នាំមកកម្ពុជា គឺជា រថយន្ត សម្ភារសុខាភិបាល គ្រឿងអគ្គិសនី អេឡិចត្រូនិក និងគ្រឿងសំណង់។ នេះបើតាមលោក ហុង វណ្ណៈ។
លោកអះអាងថា៖«អាល្លឺម៉ង់ជាប្រទេសរីកចម្រើន និងស្ថិតក្នុងសហភាពអ៊ឺរ៉ុប ដូច្នេះប្រសិនបើកម្ពុជាបង្កើនការផលិតទំនិញឱ្យកាន់តែមានលក្ខណៈចម្រុះ និងមានគុណភាពកម្រិតស្តង់ដារនោះ ខ្ញុំគិតថា ទឹកប្រាក់នាំចេញទៅអាល្លឺម៉ង់នឹងមានកាន់តែច្រើន។ ទំនាក់ទំនងការទូតកាន់តែល្អ លំហូរទំនិញនឹងមានកាន់តែច្រើន»។
ក្នុងឆ្នាំ ២០២៣ ចរាចរណ៍ទំនិញរវាងកម្ពុជា-អាល្លឺម៉ង់ មានទឹកប្រាក់សរុប ១ ០១១,៤៧លានដុល្លារ ធ្លាក់ចុះ ១៨,៩ ភាគរយធៀបឆ្នាំ ២០២២ ក្នុងនោះការនាំចេញរបស់កម្ពុជាមានចំនួន ៨១៥,៥២ លានដុល្លារ ធ្លាក់ចុះ ២៤,៧ ភាគរយ និងអាល្លឺម៉ង់ នាំចូល ១៩៥,៩៥ លានដុល្លារ កើនឡើង ២០ ភាគរយ។ នេះបើតាម GDCE៕