បើទោះបី​កំណើន​សេដ្ឋកិច្ច​សកល​នៅ​​មិនទាន់​​រឹងមាំ ប៉ុន្តែ​​សេដ្ឋកិច្ចប្រទេស​កម្ពុជា​បាន​បង្ហាញ​ពី​ភាព​រឹង​មាំ​គួរ​ឱ្យ​កត់​សម្គាល់​ ដោយ​ក្នុង​រយៈ​ពេល ១០ ​ខែ​ដើម​ឆ្នាំ ២០២៤ នេះ​ការ​នាំ​ចេញ នាំចូល​ទំនិញ​ជា​មួយ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទាំង​អស់​មាន​ទឹក​ប្រាក់​សរុបជាង ៤៥ ពាន់​លាន​ដុល្លារ កើន​ឡើង​ជិត ២០​ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៣។ ចំនួន​ទឹក​ប្រាក់​នេះ គឺ​ជិតស្មើ​នឹង​រយៈ​ពេល ១២ ខែ​កាល​ពី​ឆ្នាំ ២០២៣។

តារាង​ស្ថិតិ​ជញ្ជីង​ពាណិជ្ជកម្ម​ទំនិញ​អន្តរជាតិ​របស់​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)​ ចេញ​ផ្សាយ​ក្នុង​ថ្ងៃទី ១១ ខែ​វិច្ឆិកា បាន​បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​ ២០២៤ ការ​នាំចេញ​-​ចូល​ទំនិញ​រវាង​កម្ពុជា​ជាមួយ​​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទាំង​អស់​មាន​ទឹក​ប្រាក់​សរុប ៤៥,0៦ ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៥​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែល​មាន​ចំនួន ៣៨,៦៧​ ពាន់​លាន​ដុល្លារ។ ​

ក្នុង​នោះ​ទឹក​ប្រាក់​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា មាន​ចំនួន​ ២១,៥៧​ ពាន់​លាន​ដុល្លារ កើន​ឡើង ១៦ ​ភាគរយ​ពី​ចំនួន​ ១៨,៥៩​ ពាន់​លាន​ដុល្លារ និង​ទំនិញ​នាំចូល​ពី​ទីផ្សារ​អន្តរជាតិ ​មាន​ចំនួន​ ២៣,៤៩ ​ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៥ ​ភាគរយ​ពី​ចំនួន​ ២០,០៧ ពាន់​លាន​ដុល្លារ​។

ផ្អែក​តាម​ស្ថិតិ​ខាងលើ​ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព​ប្រមាណ​ជាង ១,៩១​ ពាន់​លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ ២០២៣ កម្ពុជា​មាន​ឱនភាព​ចំនួន​ ១,៤៨​ ពាន់​លាន​ដុល្លារ។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី ១១ ខែវិច្ឆិកា ថា ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០២៤ នេះ​គឺ​បង្ហាញ​សញ្ញា​វិជ្ជមាន​ស្ទើ​គ្រប់​វិស័យ​ ដោយ​រួម​មាន​ កំណើន​ទឹក​ប្រាក់​នាំចេញ​នាំចូល​ទំនិញ​ទៅ​​​ទីផ្សារ​អន្តរ​ជាតិ, ការ​បណ្តាក់​ទុន​ថ្មី​និង​ពង្រីក​ផលិតកម្ម​ពី​សំណាក់​វិនិយោគិន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស, និង​ការ​បើក​ដំណើរ​ការ​ក្រុមហ៊ុន/​អាជីវកម្ម ជាដើម​។ 

ភាព​វិជ្ជមាន​ទាំង​នេះ គឺ​កើត​ចេញ​ពី​កត្តា​ស្ថិរភាព​នយោបាយ ទីតាំង​ភូមិសាស្រ្ត​អំណោយ​ផល ច្បាប់​វិនិយោគ​ល្អ​ប្រសើរ សម្បូរកម្លាំង​ពលកម្ម​ជំនាញ​និង​មាន​តម្លៃ​សមរម្យ មាន​ទីផ្សារ​នាំ​ចេញ​ច្រើន ​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី CCFTA, CKFTA, RCEP ព្រម​ទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទៅ​កាន់​ប្រទេស​មួយ​ចំនួន។

លោក​បាន​បន្ថែម​ថា សម្រាប់​ចំនួន​ទឹក​ប្រាក់នាំ​ចូល​ដែល​ច្រើន​ជាង​ទឹក​ប្រាក់​នាំ​ចេញ​​នោះ គឺ​ដោយ​សារ​តែ​ទំនិញ​នាំ​ចូល​មួយ​ចំនួន​ គឺ​ជា​ផលិតផល​វត្ថុធាតុ​ដើម ឬ​ពាក់​កណ្តាល​សម្រេច​សម្រាប់​យក​ទៅ​កែច្នៃ​បន្ត​ មុន​នឹង​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរ​ជាតិ។

លោក​បាន​ថ្លែង​ថា៖​«ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​នឹង​បន្ត​សញ្ញា​វិជ្ជមាន​បន្ថែម​ទៀត​នៅ​ពេល​សេដ្ឋកិច្ច​ពិភពលោក​ដំណើរ​ការ​ល្អ​ពេញ​លេញ ខណៈ​ចំនួន​រោងចក្រ​ថ្មីៗបាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា។ រោងចក្របង្កើត​ថ្មី​​ទាំង​អស់​នោះ​ គឺ​មាន​​ស្ទើ​គ្រប់​ផលិត​ផល​ទាំងលក្ខណៈ​ឧស្សាហកម្ម​ធន់ស្រាល និង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើប​ៗ»។

លោក​លើក​ឡើង​ទៀត​ថា ផលិតផល​ផលិត​​នៅ​កម្ពុជា​ គឺ​​មាន​គុណភាព និង​ច្រើន​ប្រភេទ​ ដែល​អាច​ឆ្លើយ​តបបាន​កាន់​តែ​ច្រើន​ទៅ​នឹង​តម្រូវ​ការ​ពី​គ្រប់​ផ្នែក និង​គ្រប់​ប្រទេស។​ អ្វីដែល​កម្ពុជា​ត្រូវ​ខិតខំ​បន្ថែម​ទៀត​នោះ គឺ​ការ​បន្ទាប​ថ្លៃដើម​ផលិត​នៅ​ក្នុង​ស្រុក​ ដើម្បី​លើកកម្ពស់​សមត្ថភាព​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អន្តរជាតិ។

ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន កេន ថ្មីៗ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​បង្កើត​បរិយាកាស​អំណោយ​ផល​ពី​សំណាក់​រដ្ឋាភិបាល​បាន​ជួយ​ឱ្យ​កម្ពុជា​ទាក់​ទាញ​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​បរទេស​កាន់​តែ​ច្រើន​មក​បោះទុន​ផ្ទាល់​។ វិស័យ​បច្ចេក​វិទ្យា​កំពុង​ដើរតួនាទី​កាន់តែ​សំខាន់​នៅ​ស្ទើរ​គ្រប់​ប្រតិបត្តិការ​នៅ​កម្ពុជា​។​ លោក​បន្ត​ថា សញ្ញា​វិជ្ជមាន​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​បន្ត​កើន​ឡើង​លឿន​ថែម​ទៀត​នៅ​ពេល​ខាង​មុខ។

លោក​និយាយ​ថា​៖​«​សមត្ថភាព​នៃ​ការ​យល់​ដឹង​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ប្រជាជន​ខ្មែរ ព្រម​ទាំង​ការ​ខិតខំ​របស់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​ចូល​មក​បណ្តាក់​ទុន និង​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា នឹង​ជួយ​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ ពិសេស​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​ទឹក​ប្រាក់​កាន់​តែច្រើន។ សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​មានកំណើន​កាន់​តែ​ខ្ពស់​នៅ​ឆ្នាំ​ ២០២៥ ខាង​មុខ»។​

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី កាល​ពី​ថ្ងៃទី​២៥ ខែ​តុលា បាន​ឱ្យ​ដឹង​ថា យោង​លើ​ការ​វាយ​តម្លៃ​នៃ​ក្របខ័ណ្ឌ​ហិរញ្ញវត្ថុ​សាធារណៈ​រយៈពេល​មធ្យម​របស់​រាជ​រដ្ឋាភិបាល ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ ២០២៥ ត្រូវ​បាន​ព្យាករ​ថា ស្ថិត​ក្នុង​អត្រា​កំណើន ៦,៣ ភាគរយ​។ អត្រា​កំណើន ៦,៣​ ភាគរយ​ត្រូវ​បាន​រំពឹង​ថា នឹង​គាំទ្រ​ដោយ​វិស័យ​សេដ្ឋកិច្ច​សំខាន់ៗ​ដូច​ជា វិស័យ​ឧស្សាហកម្ម នឹង​មាន​កំណើន ៨,៦ ភាគរយ, វិស័យ​សេវាកម្ម​នឹង​មាន​កំណើន ៥,៦ ភាគរយ និង​វិស័យ​កសិកម្ម នឹង​កើន​ឡើង ១,១ ភាគរយ៕