ភ្នំពេញ៖ ផលិតផល​វាយនភណ្ឌ​ដែល​មាន​ទឹក​ប្រាក់​ជាង ៩,៣​ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​កម្ពុជា​នាំ​ចេញ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈ​ពេល ១០ ខែ​ដើម​ឆ្នាំ ​២០២៤ ដោយ​ចំនួន​នេះ​គឺ​បាន​កើនទឹក​ប្រាក់​ដែល​បាន​នាំ​ចេញ​កាល​ពី​ឆ្នាំ​ ២០២៣។​ អាមេរិក និង​អ៊ឺរ៉ុប ​នៅ​តែ​ជា​ទីផ្សារ​សំខាន់​ជាង​គេ​ដែល​ទទួល​ទិញ​ផលិតផល​វាយនភណ្ឌ​ពី​កម្ពុជា។

យោង​តាម​ទិន្នន័យ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា គឺ​ចន្លោះ​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​២០២៤ ប្រភេទ​ទំនិញ​ដែល​មាន​លេខ​កូដ៍​(HS ២​ខ្ទង់) ៦១ និង ៦២ ដែល​រួម​មាន សម្លៀក​បំពាក់ និង​គ្រឿង​បន្ទាប់​បន្សំ ធ្វើ​ឡើង​ពី​ក្រណាត់ ឬ​មិន​ធ្វើ​ពី​ក្រណាត់​ និង​ប្រភេទ​ទំនិញ លេខ​កូដ៍ ៦៤ ដែល​រួម​មាន​ស្បែក​ជើង ស្រោមជើង និង​វត្ថុ​វាយនភណ្ឌ​កែច្នៃ​មួយ​ចំនួន​ទៀត ត្រូវ​បាន​កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ ក្នុង​ទឹក​ប្រាក់​សរុប ៩ ៣៣២,៦៥ ​​លាន​ដុល្លារ កើន​ឡើង ២៣,៤៧​ ​ភាគ​រយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២៣ ដែល​មាន​ ៧ ៥៥៨,៦៩ ​លាន​ដុល្លារ។

ទឹក​ប្រាក់​សរុប​ការ​នាំ​ចេញ​ផលិត​ផល​ទាំង​អស់​ខាង​លើ គឺស្មើ​នឹង ៤៣,២៥ ​ភាគ​រយ​នៃ​ចំនួន​ទឹក​ប្រាក់​នាំ​ចេញ​សរុប​របស់​កម្ពុជា ​រយៈ​ពេល ១០​ ​ខែ​ដើម​ឆ្នាំ​ ២០២៤ ដែល​មាន​ចំនួន​ ២១ ៥៧៤,២៦ ​លាន​ដុល្លារ។

បើ​ញែក​ចេញ​តាម​លេខកូដ៍​របស់​ GDCE គឺ​ទំនិញ​មាន​ប្រភេទ​លេខ​កូដ៍​(HS ២​ខ្ទង់) ៦១ មាន​ទឹក​ប្រាក់​ ៥ ៤៧២,០៧ លាន​ដុល្លារ កើន​ឡើង ២០,៥ ភាគរយ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​២០២៣, លេខ​កូដ៍ ៦២ មាន​ទឹក​ប្រាក់ ២ ៥២៨,២៥ លាន​ដុល្លារ កើន ៣១,១ ភាគរយ និង​ទំនិញ​លេខកូដ៍ ៦៤ មាន​ចំនួន ១ ៣៣២,៣៣ លាន​ដុល្លារ កើន ២២,៣ ភាគរយ។

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​ថា ភាព​ធូរ​ស្បើយ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក អស្ថិរភាព​ផ្នែក​នយោបាយ​នៅ​ប្រទេស​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​មួយ​ចំនួន និង​ភាព​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ ព្រម​ទាំង​ការ​កើន​ឡើង​នៃ​សមត្ថភាព​ផលិតនៅ​កម្ពុជា បាន​ជួយ​ឱ្យ​ការ​នាំ​ចេញ​ផលិតផល​ក្នុង​វិស័យ​វាយនភណ្ឌ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ជាង ១​ឆ្នាំ​កន្លង​មក​នេះ។

លោក​បន្ត​ថា ផលិតផល​ទាំង​អស់​នេះ គឺ​មាន​ទំនាក់​ទំនង​ច្រើន​នឹង​ការ​រស់នៅ និង​ធ្វើ​ដំណើរ ដូច្នេះ​នៅ​ពេល​វិស័យ​ទេសចរណ៍​ពិភពលោក​មាន​ដំណើរ​ការ​ល្អ តម្រូវ​ការ​ក៏​មាន​ច្រើន​ដែរ​។​

លោក​បាន​ថ្លែង​ថា៖​«​ផ្អែក​តាម​ស្ថាន​ភាព​សេដ្ឋកិច្ច​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ខ្ញុំ​គិត​ថា​ការ​នាំ​ចេញ​ផលិត​ផល​វាយនភណ្ឌ​របស់​កម្ពុជា​នឹង​បន្ត​កើន​ឡើង​ថែម​ទៀត​ ខណៈ​ការ​ពង្រីក​ទីផ្សារ​នាំចេញ​ក៏​មាន​ចំនួន​កាន់​តែ​ច្រើន​ផងដែរ»។

ប្រធាន​សហព័ន្ធ​សមាគម​អ្នក​វិនិយោគ​កម្ពុជា និង​ជា​ប្រធាន​សមាគម​ស្បែក​ជើង​កម្ពុជា លោក លី ឃុនថៃ កាល​ពី​ខែ​តុលាបាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ បន្ទាប់​ពី​ធ្លាក់​ចុះ​មួយ​រយៈ​ដោយ​សារ​ឥទ្ធិពល​នៃ​ការ​រីករាល​ដាល​ជំងឺកូវីដ​១៩ ការ​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​បាន​ចាប់​ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន​ឡើង​វិញ​ចាប់​ពី​ពាក់​កណ្តាល​ឆមាស​ទី​២ ឆ្នាំ​២០២៣ មក។

លោក​បន្ត​ថា ការ​កើន​ឡើង​ចំនួន​ទឹក​ប្រាក់​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​ គឺ​ដោយ​សារ​កម្ពុជា​ជា​ប្រទេស​មាន​ស្ថិរភាព​នយោបាយ​ល្អ​ មាន​ច្បាប់​វិនិយោគ​អំណោយ​ផល ​សម្បូរ​កម្លាំង​ពលកម្ម​ជំនាញ ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​ល្អ​ប្រសើរ និង​មាន​ទីផ្សារ​ទទួល​ទិញ​កាន់​តែ​ច្រើន។

លោក​បាន​ថ្លែង​ថា៖​«​កំណើន​ទឹក​ប្រាក់​នាំ​ចេញ​ផលិត​ផល​វាយនភណ្ឌ​នៅ​ពេល​នេះ គឺ​ដោយ​សារ​ប្រទេស​កម្ពុជា​មាន​ស្ថិរភាពនយោបាយ​នឹងនរ​នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន កត្តា​កម្មករ​កម្មការិនី​ធ្វើការ​មាន​ភាព​រហ័សរហួន មាន​ស្នាដៃ​ល្អ​សម្រាប់​ចង្វាក់​ផលិតកម្ម​ទាំង​គុណភាព និង​បរិមាណ»។

លោក​បាន​លើក​ឡើង​ទៀត​ថា សមិទ្ធិផល​ដែល​សម្រេច​បាន​នា​ពេល​នេះ ក៏​ដោយ​សារ​តែ​មាន​ការ​យកចិត្ត​ដាក់​ខ្លាំង​ផង​ដែរ​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​ដែល​តែង​ខិតខំ​ផ្សព្វផ្សាយ និង​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា ក៏​ដូច​ជា​បញ្ជាទិញ​ទំនិញ​ផលិត​នៅ​កម្ពុជា។

បើ​តាម​លោក ឃុនថៃ ទីផ្សារ​សំខាន់ៗ​ដែល​បញ្ជា​ទិញ​ផលិតផល​វាយនភណ្ឌ​ពី​កម្ពុជា មាន​ដូច​ជា អាមេរិក សហគមន៍​អឺរ៉ុប ចក្រភព​អង់គ្លេស ជប៉ុន កូរ៉េ និង​ប្រទេសចិន ជាដើម។

ទាក់​ទង​នឹង​ស្ថាន​ភាព​ការ​នាំ​ចេញ​សម្រាប់​រយៈ​ពេល​នៅ​សល់​ក្នុង​ឆ្នាំ​២០២៤ និង​ឆ្នាំ ២០២៥ ខាង​មុខ លោក ឃុនថៃ បាន​អះអាង​ថា ការ​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​នឹង​បន្ត​កើន​ឡើង​បន្ថែម​ទៀត។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB) និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF) កាល​ពី​ខែ​កញ្ញា បាន​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ​២០២៤ នេះ​នឹង​ស្ថិត​ក្នុង​កម្រិត ៥,៨ ភាគរយ និង ៥,៥ ភាគរយ​។ កំណើន​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​សារ​ការ​ងើប​ឡើង​វិញ​នៃ​វិស័យ​វាយនភណ្ឌ និង​តាម​ពី​ក្រោយ​ដោយ​វិស័យ​កសិកម្ម និង​ទេសចរណ៍។

លោកស្រី Jyotsana Varma នាយិកា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា មាន​ថ្លែង​ថា៖​ ​«ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​វិស័យ​វាយនភណ្ឌ ជា​ពិសេស​សម្លៀក​បំពាក់ ស្បែក​ជើង និង​ទំនិញ​ធ្វើ​ដំណើរ​កំពុង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា។ វិស័យ​កសិកម្ម និង​ទេសចរណ៍​កំពុង​បន្ត​កើន​ឡើង ខណៈ​ការ​បន្ត​ហូរ​ចូល​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស កំពុង​ជួយ​ជំរុញ​ល្បឿន​សេដ្ឋកិច្ច​កម្ពុជា។ ជារួម កម្លាំង​ចលករ​ទាំង​នេះ​កំពុង​នាំ​មក​នូវ​ស្ថានភាព​ល្អ​ប្រសើរ​សម្រាប់​ឆ្នាំ ២០២៤ ព្រម​ទាំង​ពង្រឹង​មូល​ដ្ឋាន​សម្រាប់​កំណើន​រឹងមាំ​នៅ​ឆ្នាំ ២០២៥ និង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត»។

ទិន្នន័យ​របស់ GDCE បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ២០២៣ ការ​នាំ​ចេញ​ផលិត​ផល​លេខកូដ៍​ទាំង ៣ ​ខាង​លើ​មាន​ទឹក​ប្រាក់​សរុប ៩,២៣ ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ ១៤,២៨​ភាគ​រយ​ធៀប​នឹង​ឆ្នាំ​២០២២ ដែល​មាន​ចំនួន ១០,៧៧ ពាន់​លាន​ដុល្លារ​។