កម្ពុជា​នឹង​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ការ​នាំចេញ និង​កំណើន​សេដ្ឋកិច្ច​បន្ទាប់​ពី​ចាក ចេញ​ពី​ឋានៈ​ប្រទេស​មាន​ការ​អភិវឌ្ឍន៍​តិច​តួច​នៅ​ឆ្នាំ ​២០២៩ ដែល​ភាគច្រើន​ពាក់​ព័ន្ធ​នឹង​កំណើន​អត្រា​ពន្ធ​សម្រាប់​ទំនិញ​ដូចជា ​វាយនភ័ណ្ឌ កសិកម្ម កង់ និង​កំណើន​សេដ្ឋកិច្ច​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​ប្រាក់​ប្រមាណ​ជាង ៧០០​ លា​ន​ដុល្លារ។

យោង​តាម​​ឯកសារ​ឯកសារ «គោល​នយោបាយ​សង្ខេប ការ​ចាក​ចេញ​របស់​កម្ពុជា​ពី​ចំណាត់​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច៖ ការ​ត្រៀមខ្លួន និង​សក្តានុពល​នៃ​ផល​ប៉ះ​ពាល់​សេដ្ឋកិច្ច និង​សង្គម» ​ដែល​ក្រសួង​ផែនការ និង​អង្គការ​ UNDP បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា កំណើន​អត្រាពន្ធ​សម្រាប់​ការ​នាំ​ចូល​ចូល​ទៅ​សហភាព​អឺរ៉ុប​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP+ និង​កើន​ឡើង​ពី ០ ទៅ​ដលើ​ ៨,៨ ភាគរយ។

ចំណែក​ពន្ធ​ស្ថិត​ក្រោម​ប្រព័ន្ធ​ អត្រា​ពន្ធគយ​នាំចូល​សម្រាប់​ប្រជាជាតិ​ដែល​ទទួល​បាន​ការអនុគ្រោះ​បំផុត(MFN) នឹង​កើន​ដល់ ​១១,៥ ​ភាគរយ។ពន្ធគយ​សម្រាប់​អង្ករ​គ្រាប់​វែង​នាំ​ចូល​ទៅ​អឺរ៉ុប នឹង​ឡើង​ពី ០ ​ដល់​ទៅ​ ១៧៥ ​អឺរ៉ូ​ក្នុង​មួយ​តោន​ និង​ពន្ធ​សម្រាប់​​អង្ករ​ធម្មតា​ឡើង​ដល់ ៦៥ ​អឺរ៉ូ​ក្នុង​មួយ​តោន។

ឯកសារ​ដដែល​បញ្ជាក់​ថា៖ «ការ​នាំចេញ​អង្ករ​ត្រូវ​បាន​ព្យាករ​ថា​នឹង​ធ្លាក់​ចុះ​ ១៣,៨ ភាគរយ​ស្មើ​នឹង​ទឹក​ប្រាក់ ៥៧,៣ លាន​ដុល្លារ, ការ​នាំចេញ​កង់​ធ្លាក់​ចុះ​ ១៨,២​ភាគរយ​ ស្មើ​នឹង​ ២៤៣ ​លាន​ដុល្លារ, សម្លៀក​បំពាក់ ស្បែកជើង​និង​សម្ភារៈ​ធ្វើ​ដំណើរ​នឹង​ធ្លាក់​ចុះ ៨,៦ ​ភាគរយ ស្នើ​នឹង ​១,៥ ​ពាន់​លាន​ដុល្លារ។ អត្រា​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប​នឹង​ត្រូវ​ដក ២ភាគរយ ដែល​មាន​តម្លៃ​ស្មើ​ ៧៥០,៤​ លាន​ដុល្លារ»។

កម្ពុជា​ក៏​នឹង​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ដែល​មាន​កំណត់ជាង​មុន ខណៈ​ដែល​ជំនួយ​ឥត​សំណង​នឹង​ត្រូវ​​បង្វែរ​ទៅ​ជា​ហិរញ្ញប្បទាន​ដែល​មាន​លក្ខខណ្ឌ​អនុគ្រោះ​តិច​ជាង​មុន​ផង​ដែរ។

ខណៈដែល​រដ្ឋាភិបាល​​និង​ដៃគូ​ពាក់​ព័ន្ធ​កំពុង​បង្កើត​យុទ្ធសាស្ត្រ​អន្តរកាល​ដោយ​រលូន ឯកសារ​ដដែល​បាន​លើក​អនុសាសន៍​ជា​ច្រើន​ចំណុច​ដើម្បី​ឲ្យ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​ដែល​ផ្ដល់​ការ​អនុគ្រោះ​នានា​ក្នុង​ដំណើរ​បន្សាំ​ទៅ​នឹង​បរិបទ​ពាណិជ្ជកម្ម​ថ្មី។

ឯកសារ​ដដែល​ផ្ដល់​អនុសាសន៍​ឲ្យ​កម្ពុជា​ធ្វើ​ពិពិធកម្ម​ទំនិញ​និង​សេវាកម្ម ស្វែង​រក​ទីផ្សារ​ថ្មី ដូចជា ជប៉ុន ក្រុម​ប្រទេស​ BRICS អាមេរិកឡាទីន និង​មជ្ឈិមបូព៌ា។ កម្ពុជា​ក៏​គួរ​បន្ត​ធ្វើ​ការ​ជាមួយ​សហភាព​អឺរ៉ុប និង​កាណាដា ដើម្បីរក្សា​នូវ​ការ​អនុគ្រោះ​ដែល​មាន​ និង​ជួយ​ដល់​អន្តរកាល​ដ៏​រលូន។

ឯកសារ​នេះ​ក៏​បាន​បង្ហាញ​ពី​ភាព​ខ្លាំង ភាព​ខ្សោយ ឱកាស និង ការ​គំរាម​កំហែង តាម​រូបមន្ត  SWOT ដែល​ភាព​ខ្លាំង​របស់​កម្ពុជា​គឺ ស្ថិរភាព​នយោបាយ​និង​ម៉ាក្រូសេដ្ឋកិច្ច, កម្ពុជា​មាន​គោលនយោបាយ​ពាណិជ្ជកម្ម​និង​វិនិយោគ​សេរី, ​មាន​កិច្ច​ព្រមព្រៀង​សេរី​ក្នុង​តំបន់​និង​ទ្វេភាគី និង​មាន​កម្លាំង​ពលកម្ម​ក្មេង ធនធាន​ធម្មជាតិ ជាដើម។

យ៉ាង​ណា​ក៏​ដោយ ចំណុច​ខ្សោយ​របស់​កម្ពុជា​គឺ​នៅ​លើ​អត្រា​ខ្ពស់​នៃ​ប្រាក់​កម្ចី តម្លៃ​ខ្ពស់​សម្រាប់​ផលិតកម្ម វត្ថុធាតុ​ដើម ថាមពល និង​ឡូជីស្ទិក និង​ខ្វះ​កម្លាំង​ពលកម្ម​ជំនាញ​និង​មាន​ផលិតភាព​ខ្ពស់។

លើស​ពី​នេះ​ទៀត កម្ពុជា​ក៏​នៅ​មាន​ស្ថាប័ន​ខ្សោយ បូក​រួម​នឹង​ការ​អនុវត្ត​ច្បាប់​និង​បទបញ្ញត្តិ​​មាន​ភាព​មិន​ទៀង​ទាត់​ខ្ពស់។ នេះបើ​តាម​ឯកសារ​ដដែល៕