គម្រោងវិនិយោគចំនួនជិត ៣៥០ បានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នារយៈពេល ១០ ខែដើមឆ្នាំ ២០២៤ កើនឡើងជាង ៥០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ខណៈគម្រោងទាំងអស់អាចបង្កើតការងារបានជិត ៣០ម៉ឺនកន្លែង។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។
អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា លោក សរ សិនិរ៉ា បានលើកឡើងក្នុងសិក្ខាសាលាស្តីពី«បច្ចុប្បន្នភាពគោលនយោបាយសេដ្ឋកិច្ច សម្រាប់ថ្នាក់ដឹកនាំនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមន្រ្តីការទូតកម្ពុជាដែលកំពុងបំពេញបេសកកម្ម ការទូតទូទាំងពិភពលោក» នៅសណ្ឋាគារ Hyatt Regency Phnom Penh កាលពីថ្ងៃទី ១២ ខែវិច្ឆិកាថា ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា គឺមានភាពបើកចំហរនៃរបបវិនិយោគ មានការធានានិងការការពារវិនិយោគ ព្រមទាំងមានការលើកទឹកចិត្តទូលំទូលាយចំពោះវិស័យ និងសកម្មភាពវិនិយោគជាច្រើន។
លោកបន្តថា ជាក់ស្តែងចាប់ពីខែមករា-តុលា ឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤៦ គម្រោង និងមានទុនវិនិយោគប្រមាណជាង ៥ ពាន់លានដុល្លារអាមេរិក ដោយអាចបង្កើតការងារបាន ២៦៨ ២៤២ កន្លែង។
រយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ គម្រោងដែលបានមកចុះបញ្ជីមានចំនួនសរុប ២២៧ គម្រោង ក្រោមទុនវិនិយោគប្រមាណជាង ៤ ពាន់លានដុល្លារ និងបង្កើតការងារចំនួន ២៦០,៤៧០ កន្លែង។
លោកបន្ថែមថា កម្ពុជាជាទីផ្សារដែលមានសក្តានុពលសម្រាប់ការវិនិយោគ និងមានទីផ្សារសម្រាប់នាំចេញច្រើន ទាំងនៅក្នុងតំបន់អាស៊ាន, តំបន់ RCEP, កូរ៉េខាងត្បូង ចិន និងទីផ្សារអេមីរ៉ាតអារ៉ាប់រួម ដោយការនាំចេញផលិតផល ដែលផលិតនៅកម្ពុជាទៅកាន់ទីផ្សារទាំងនេះនឹងទទួលបានអត្រាពន្ធសូន្យ ឬអត្រាពន្ធទាប ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៣ ខែវិច្ឆិកាថា គម្រោងវិនិយោគថ្មីៗដែលកម្ពុជាទទួលបាននាពេលនេះ គឺមានលក្ខណៈចម្រុះស្ទើគ្រប់វិស័យ ប៉ុន្តែភាគច្រើនស្ថិតក្នុងផលិតកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប។
ថ្មីៗនេះគេក៏សង្កេតឃើញមានគម្រោងវិនិយោគលក្ខណៈឧស្សាហកម្មផងដែរ ដូចជា រោងចក្រផលិតកៅស៊ូកង់ គ្រឿងអេឡិចត្រូនិក ផ្នែកសាងសង់ និងសេវាកម្មមួយចំនួន។ លោកបន្តថា នេះជាមោទនភាពមួយសម្រាប់កម្ពុជាដែលនៅតែមានសក្តានុពលក្នុងការទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិឱ្យមកបណ្តាក់ទុនផ្ទាល់។
លោកលើកឡើងទៀតថា ផ្អែកតាមស្ថានភាពនៃការវិវឌ្ឍនយោបាយពិភពលោក គឺកម្ពុជាអាចមានឱកាសច្រើនក្នុងការទាក់ទាញរោងចក្រ/សហគ្រាសធំៗឱ្យមកបោះទីតាំង ព្រោះកម្ពុជាត្រូវបានគេទទួលស្គាល់មានលក្ខខណ្ឌអំណោយផលច្រើនសម្រាប់ការវិនិយោគ ដោយរាប់ចាប់តាំងពីស្ថានភាពនយោបាយ ច្បាប់វិនិយោគ កម្លាំងពលកម្ម និងមានទីផ្សារនាំចេញធំទូលាយ។
លោកបានថ្លែងថា៖«បើតាមព័ត៌មាន រដ្ឋាភិបាលអាមេរិកដែលដឹកនាំដោយលោក ដូណាល់ ត្រាំ ចាប់ពីដើមឆ្នាំ២០២៥ នឹងមានវិធានការដំឡើងពន្ធកាន់តែច្រើនចំពោះផលិតផលផលិតនៅប្រទេសចិនដែលនាំចូលក្នុងទឹកដីអាមេរិក ដូច្នេះរំពឹងថា នឹងមានក្រុមហ៊ុន/រោងចក្រនៅប្រទេសចិនមួយចំនួនរើទីតាំងរបស់ខ្លួនមកកម្ពុជា ដើម្បីផលិតនៅចេញទៅអាមេរិក និងអ៊ឺរ៉ុប ព្រោះកម្ពុជាមានប្រព័ន្ធអនុគ្រោះពន្ធនាំចូលមួយចំនួនទៅទីនោះ»។
តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញអន្តរជាតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយក្នុងថ្ងៃទី ១១ ខែវិច្ឆិកា បានបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ ការនាំចេញ-ចូលទំនិញរវាងកម្ពុជាជាមួយប្រទេសដៃគូពាណិជ្ជកម្មទាំងអស់មានទឹកប្រាក់សរុប ៤៥,0៦ ពាន់លានដុល្លារ កើនឡើង ១៦,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានចំនួន ៣៨,៦៧ ពាន់លានដុល្លារ។
ក្នុងនោះទឹកប្រាក់នាំចេញទំនិញរបស់កម្ពុជា មានចំនួន ២១,៥៧ ពាន់លានដុល្លារ កើនឡើង ១៦ ភាគរយពីចំនួន ១៨,៥៩ ពាន់លានដុល្លារ និងទំនិញនាំចូលពីទីផ្សារអន្តរជាតិ មានចំនួន ២៣,៤៩ ពាន់លានដុល្លារ កើនឡើង ១៦,៥ ភាគរយពីចំនួន ២០,០៧ ពាន់លានដុល្លារ៕