ប្រទេស​កម្ពុជា​រំពឹង​ថា​វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ(Joint Trade and Investment Forum) នឹង​ជួយ​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា-​ចក្រភព​អង់គ្លេស ពិសេស​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ចក្រភព​អង់គ្លេស​មាន​បរិមាណ​កាន់​តែ​ច្រើន​ ហើយ​ក៏​អាច​ទាក់​ទាញ​វិនិយោគិន​អង់គ្លេស​ឱ្យ​ចូល​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ផងដែរ។

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា រួម​ជាមួយ​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា នៅ​សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ បាន​រៀបចំ​វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ លើកទី ២ ក្រោម​មូលបទ «ចក្ខុ​វិស័យ​ឆ្ពោះ​ទៅ​កាន់​ឆ្នាំ ២០៣០»​ដែល​មាន​ការ​ចូលរួម​ពី​លោកស្រី ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោក Dominic Williams ឯក​អគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា។

ក្នុង​វេទិកា​នេះ​ភាគី​ទាំងពីរ​បាន​ពិភាក្សា​ពី​វឌ្ឍនភាព​ការងារ​ក្រោម​ក្របខណ្ឌ​វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ និង​បាន​កំណត់​ទិសដៅ​ការងារ​បន្ត​ក្នុង​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​វិនិយោគ ឱ្យ​មាន​កំណើន​ប្រកប​ដោយ​បរិយាប័ន្ន និង​ចីរភាព ជា​ពិសេស​ការ​ពង្រឹង​ភាព​ជាដៃគូ​រវាង​ប្រទេស​ទាំងពី​ឱ្យ​កាន់​តែ​ល្អប្រសើ​ឡើង​ថែម​មួយ​កម្រិត​ទៀត។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​ស្រី ចម និម្មល បាន​ថ្លែង​ថា វេទិកា​នេះ​គឺ​ពិតជា​មាន​សារៈ​សំខាន់​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ប្រកប​ដោយ​ភាព​រឹងមាំ ព្រម​ទាំង​អាច​ជួយ​បង្កើត​ឱកាស​សម្រាប់​ការ​ពិភាក្សា​ដោយ​ភាព​ស្មោះត្រង់​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ឱ្យ​កាន់​តែ​រឹងមាំ​បន្ថែម​ទៀត។

ឯកអគ្គ​រាជ​ទូត​អង់គ្លេស លោក Dominic Williams MBE បាន​និយាយ​ថា លោក​បាន​ជំនឿថា​សម្ព័ន្ធ​ភាព​ការ​ជួញដូរ និង​ការ​វិនិយោគ​រវាង​អង់គ្លេស និង​កម្ពុជា នឹង​នាំ​មក​នូវ​អត្ថ​ប្រយោជន៍​ដ៏ធំ​ឱ្យភាគី​ទាំងពីរ ហើយ​ក៏​នឹង​ជួយ​គាំទ្រ​ទៅ​នឹង​គោល​បំណង​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​ផងដែរ​។ 

លោក​បន្ត​ថា អង់គ្លេស គឺ​ជា​ទីផ្សារ​នាំចេញ​ទំនិញ​ធំ​ទី ១០ របស់​កម្ពុជា ហើយ​លោក​ក៏​​មាន​បំណង​ជួយ​ឱ្យ​អ្នក​ផលិត​នៅ​កម្ពុជា​អាច​លក់​ផលិតផល​របស់​ពួកគេ​ទៅ​ឱ្យ​អ្នក​ប្រើប្រាស់​នៅ​អង់គ្លេស​ផងដែរ។

លោក​ថ្លែង​ថា៖​«​នេះ​នឹង​គាំទ្រ​ចំពោះ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​កម្ពុជា ដើម្បី​ជំរុញ​ការ​លូតលាស់ និង​គាំទ្រ​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​មាន​ការ​ខិតខំ​ប្រឹងប្រែង។ ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ជួយ​ជំរុញ​អាជីវកម្ម​អង់គ្លេស​ឱ្យ​ពង្រីក​សកម្ម​ភាព​របស់ពួក​គេ​នៅ​កម្ពុជា ជា​ពិសេស​ក្នុង​វិស័យ​អប់រំ វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ និង​សេវាកម្ម​ហិរញ្ញវត្ថុ។ អង់គ្លេស​មាន​ក្រុមហ៊ុន​ដែល​មាន​បទ​ពិសោធន៍​ល្អ​ក្នុង​វិស័យ​ទាំង​នេះ ដែល​ពួក​គេ​អាច​ប្រើប្រាស់ ដើម្បី​បង្កើត​ចំណូល​សម្រាប់​អង់គ្លេស និង​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​ពិភពលោក​របស់​កម្ពុជា»។

យោង​តាម​ស្ថានទូត​ចក្រភព​អង់គ្លេស វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ លើក​ទី ២ នេះ​បាន​ទាក់ទាញ​ម្ចាស់​អាជីវកម្ម និង​វិនិយោគិន​សំខាន់ៗ​មក​ពី​ចក្រ​ភព​អង់គ្លេស ព្រម​ទាំង​អ្នក​វិនិយោគ​នៅ​ក្នុង​តំបន់​ដូច​ជា សិង្ហបុរី និងវៀតណាម ឱ្យ​ធ្វើ​ដំណើរ​មក​កម្ពុជា​។ 

វេទិកា​នេះ​ គឺ​ដើម្បី​បង្ហាញ​ពី​ការ​ប្តេជ្ញា​របស់​ប្រទេស​ទាំងពីរ​ក្នុង​ការ​លើក​កម្ពស់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ផ្លាស់ប្តូរ​យោបល់​គ្នា​​ដើម្បី​បង្កើត​អត្ថ​ប្រយោជន៍​រួម។ ជាមួយ​គ្នា​នេះ​ក៏​នឹង​ជួយ​ជំរុញ​ការ​ចាប់​ដៃគូជា​អ្នក​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​ចក្រ​ភព​អង់គ្លេស​ផងដែរ។

ទិន្នន័យ​របស់​អគ្គ​នាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ឱ្យ​ដឹង​ថា ការ​នាំ​ចេញ នាំចូល​ទំនិញ​រវាង​កម្ពុជា-ចក្រភព​អង់គ្លេស ចន្លោះ​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​២០២៤ មាន​ទឹក​ប្រាក់​សរុប ៨៥០,៧៤​ លាន​ដុល្លារ កើនឡើង ១៥,៧ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣ ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំ​ទៅ​អង់គ្លេស មាន​ប្រមាណ ៨០៧,៣៥ លាន​ដុល្លារ កើន​ឡើង ២១,១​ភាគរយ និង​ទំនិញ​អង់គ្លេស​នាំមក​កម្ពុជា មាន​ចំនួន ៤៣,៣៨ លាន​ដុល្លារ ធ្លាក់​ចុះ ៣៦,៧ ភាគរយ។

អ្នក​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​ថា ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជា​មួយចក្រភព​អង់គ្លេសគឺ​ជា​រឿង​ដ៏​ល្អ ព្រោះ​អង់គ្លេស​គឺ​ជា​ទីផ្សារ​ធំដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា ពិសេស​ផលិយផល​វាយនភណ្ឌ​ក្នុង​បរិមាណ​ច្រើន​ជា​រៀងរាល់​ឆ្នាំ។ 

ដោយ​សារ​អង់​​គ្លេស​ស្ថិត​ក្នុង​ទ្វីប​អ៊ឺរ៉ុប ដូច្នេះ​តាម​រយៈ​ទីផ្សារ​អង់គ្លេសទំនិញ​កម្ពុជា​ក៏​អាចមាន​លំហូរទៅ​កាន់​ប្រទេស​ក្នុង​តំបន់​នោះ​ដែរ។ លោក​បន្ថែម​ថា ទោះបច្ចុប្បន្ន​អង់​គ្លេស​បាន​ចាក​ចេញ​ពី​សហគមន៍​អ៊ឺរ៉ុប ប៉ុន្តែ​អង់​គ្លេស​នៅ​តែ​បន្ត​ផ្តល់​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចូល​ទំនិញ​មួយ​ចំនួន​ដល់​កម្ពុជា។

លោក​អះអាង​ថា៖​«គ្រប់​ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ល្អ គឺ​វា​នឹង​ជួយ​ជំរុញ​ឱ្យ​លំហូរទំនិញ និង​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង ២»។

បើតាម​លោក វណ្ណៈ បច្ចុប្បន្ន​ទំនិញ​ដែល​កម្ពុជា​នាំ​ទៅ​ចក្រភព​អង់គ្លេស មាន​ដូច​ជា សម្លៀក​បំពាក់ ស្បែក​ជើង កាបូប កង់ ផលិតផល​កសិកម្ម ចំណែក​អង់គ្លេស​នាំ​មក​កម្ពុជា​ មាន​ដូចជា​ រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​អគ្គិសនី និង​គ្រឿង​អេឡិច​ត្រូនិក​ជាដើម៕