ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា នឹងកាន់តែមានភាពល្អប្រសើរបន្ថែមទៀតចាប់ពីឆ្នាំ ២០២៥ ខណៈរដ្ឋាភិបាលកាដាណា មានផែនការបញ្ជូនបេសកកម្មធុរកិច្ចរបស់ខ្លួនមកកម្ពុជានៅឆ្នាំក្រោយ ដើម្បីស្វែងរកឱកាសជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ(កម្ពុជា) លោក សុខ ចិន្តាសោភា នៅទីស្តីការក្រសួងការបរទេស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា លោក David Verbiwski ភារធារីនៃការិយាល័យស្ថានទូតកាណាដា នៅទីក្រុងភ្នំពេញ បានលើកឡើងអំពីការវិវឌ្ឍដ៏គួរឱ្យកត់សម្គាល់នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកាណាដា ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសការសម្រេចចិត្តរបស់រដ្ឋាភិបាលកាណាដា ក្នុងការដំឡើងកម្រិតការិយាល័យស្ថានទូតទៅជាស្ថានទូតកាណាដានៅភ្នំពេញ បន្ទាប់ពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាង លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ កាលពីខែតុលា ឆ្នាំ ២០២៤។
លោក David បានប្រាប់ទៀតថា ទន្ទឹមនឹងផែនការក្នុងការដំឡើងកម្រិតការិយាល័យស្ថានទូតឱ្យទៅជាស្ថានទូតកាណាដាប្រចាំនៅកម្ពុជា រដ្ឋាភិបាលកាដាណា ក៏មានផែនការក្នុងការបញ្ជូនបេសកកម្មធុរកិច្ចកាណាដាមកប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០២៥ ដើម្បីស្វែងរកឱកាសក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា។
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចិន្តាសោភា បានសម្តែងការស្វាគមន៍ និងបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងក្លាយជាសមិទ្ធិផលថ្មីមួយទៀតក្នុងទំនាក់ទំនង និងបង្កើតនូវលក្ខខណ្ឌអំណោយផលថែមទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកបន្តថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ(កម្ពុជា) នឹងផ្តល់នូវកិច្ចសហប្រតិបត្តិការពេញលេញដល់ដំណើរការនេះ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ចន្លោះពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ ទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា កាណាដា មានចំនួនសរុប ៩៥៩,៨២ លានដុល្លារ កើនឡើង ២៦,៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះទំនិញកម្ពុជានាំទៅកាណាដា មានចំនួន ៩១១,៧៨ លានដុល្លារ កើនឡើង ២៩,៨ ភាគរយ ចំណែកកាណាដានាំចូលមកកម្ពុជា ៤៨,០៤ លានដុល្លារ ថយចុះ ១០,២ ភាគរយ។
ប្រទេសកាណាដា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៦ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម ថៃ និងជប៉ុន។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីសប្តាហ៍មុនថា កំណើនទឹកប្រាក់ដែលបានពីការនាំចេញទំនិញផលិតនៅកម្ពុជាទៅទីផ្សារអន្តរជាតិនារយៈពេលជិត ១ឆ្នាំកន្លងមកនេះ គឺមានមួយចំណែកបានមកពីកំណើនការនាំចេញផលិតផលវាយនភណ្ឌទៅប្រទេសកាណាដា។
លោកបន្តថា បច្ចុប្បន្នក្រៅពីមានទំនាក់ទំនងការទូត និងពាណិជ្ជកម្មល្អជាមួយគ្នា សភាពាណិជ្ជកម្មកម្ពុជា(CCC) ក៏បានបើកការិយាល័យតំណាងរបស់ខ្លួននៅទីក្រុងតូរ៉ុនតូ(ប្រទេសកាណាដា) ដែលការិយាល័យតំណាងនេះមានតួនាទីជួយផ្សព្វផ្សាយផលិតផលកម្ពុជាទៅដល់អតិថិជនកាណាដា និងផ្តល់ព័ត៌មានដើម្បីទាក់ទាញវិនិយោគិនកាណាដាឱ្យមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា។
លោកបានថ្លែងថា៖«ចំនួនទឹកប្រាក់នាំចេញរបស់កម្ពុជាទៅកាណាដានឹងមានភាពវិជ្ជមានបន្ថែមទៀត ព្រោះបច្ចុប្បន្នក្រៅពីផលិតផលវាយនភណ្ឌ កម្ពុជាក៏មានផលិតផលកសិកម្ម និងគ្រឿងបង្គុំមួយចំនួននាំទៅប្រទេសកាណាដាផងដែរ»។
លោកបានប្រាប់ទៀតថា បច្ចុប្បន្នកម្ពុជាក៏កំពុងទទួលបានប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញមួយចំនួនទៅទីផ្សារកាណាដា។
បើតាម លោក លឹម ហេង ភាគច្រើននៃទំនិញកម្ពុជានាំទៅកាណាដា គឺជាផលិតផលសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង កង់ និងគ្រឿងបង្គុំអេឡិចត្រូនិក-អគ្គិសនី ចំណែកទំនិញកាណាដា នាំមកកម្ពុជារួមមាន គ្រឿងអេឡិចត្រូនិក ឧបករណ៍វេជ្ជសាស្រ្ត និងរថយន្តជាដើម៕