កម្ពុជារកចំណូលបានប្រមាណជាង ១,៣ ពាន់លានដុល្លារពីការនាំចេញផលិតផលស្បែកជើងទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៤ កើនឡើងជាង ២០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ខណៈសហគមន៍អ៊ឺរ៉ុប អាមេរិក និងប្រទេសចិន គឺជាទីផ្សារឈានមុខគេ។
ព្រឹត្តិបត្រព័ត៌មានរបស់សមាគមស្បែកជើងកម្ពុជា(Cambodia Footwear Association-CFA)បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ ការនាំចេញផលិតផលស្បែកជើងទៅក្រៅប្រទេសមានទឹកប្រាក់សរុប ១ ៣៣២,៣៣ លានដុល្លារ កើនឡើង ២២,៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានចំនួន ១ ០៨៩,១៨ លានដុល្លារ។
ដោយឡែកសម្រាប់ខែតុលា ឆ្នាំ ២០២៤ ការនាំចេញស្បែកជើងមានទឹកប្រាក់ ១១៧,៩៥ លានដុល្លារ ថយចុះប្រមាណ ៥ ភាគរយបើធៀបនឹងខែកញ្ញា ឆ្នាំ ២០២៤ ប៉ុន្តែបើធៀបនឹងខែតុលា ឆ្នាំ ២០២៣ គឺកើនឡើង ២១,១ ភាគរយ។
នៅក្នុងពិធីជប់លៀងប្រចាំឆ្នាំរបស់សមាគមស្បែកជើងកម្ពុជា កាលពីខែតុលា ឆ្នាំ ២០២៤ លោក លី ឃុនថៃ ប្រធានសហព័ន្ធសមាគមអ្នកវិនិយោគកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា(Mr. Ly Kunthai, President of the Confederation of Cambodia Investors Association (CCIA) and the President of Cambodia Footwear Association) បានឱ្យ ដឹងថា ឧស្សាហកម្មស្បែកជើងនៅកម្ពុជាកំពុងបង្ហាញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយការនាំចេញមានកំណើនជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ។
បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ការនាំចេញស្បែកជើងបានកើនឡើងជាង ២០ ភាគរយជាមួយនឹងទីផ្សារនាំចេញសំខាន់ៗដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសចិន។
លោកបន្តថា ទោះបីតួលេខចុងឆ្នាំនៅតែមិនប្រាកដប្រជា ប៉ុន្តែលោករំពឹងថាបរិមាណនាំចេញសរុបនឹងកើនឡើងបន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
លោកពន្យល់ថា៖«កំណើននេះអាចត្រូវបានសន្មត់ថាជាបរិយាកាសវិនិយោគអំណោយផលក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលត្រូវបានជំរុញដោយគោលនយោបាយសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា»។
យោងតាមលោក ឃុនថៃ ជាមួយនឹងការខិតខំរបស់រាជរដ្ឋាភិបាល និងផ្នែកឯកជនក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ គឺកម្ពុជាកំពុងទាក់ទាញវិនិយោគិនកាន់តែច្រើនឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា។
ស្បែកជើងផលិតនៅកម្ពុជាមានម៉ាកអន្តរជាតិល្បីៗជាច្រើនដូចជា Adidas, Clarks, និង Timberland ជាដើម។
លោកបានបន្ថែមថា៖«សមាគមស្បែកជើងកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើននេះ តាមរយៈការទាក់ទាញអ្នកវិនិយោគបរទេស និងលើកទឹកចិត្តសហគ្រិនក្នុងស្រុកឱ្យពង្រីកសមត្ថភាពផលិតកម្មរបស់ពួកគេជាបន្តបន្ទាប់»។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៨ ខែវិច្ឆិកា (Hong Vanak, an economist at the Royal Academy of Cambodia) ថា ការងើបឡើងនៃវិស័យសេដ្ឋកិច្ច និងទេសចរណ៍ពិភពលោក បានធ្វើឱ្យតម្រូវការផលិតផលក្នុងវិស័យវាយនភណ្ឌដែលរួមមាន សម្លៀកបំពាក់ ស្បែកជើង ស្រោមជើង និងកាបូបធ្វើដំណើរ កើនឡើងព្រមគ្នានារយៈពេលជាង ១ ឆ្នាំកន្លងមកនេះ។
ប្រសិនបើអត្រាកំណើនសេដ្ឋកិច្ចពិភពលោកកាន់តែល្អបន្ថែមទៀតនោះ បរិមាណនៃការបញ្ជាទិញប្រាកដជាហក់ឡើងកាន់តែខ្ពស់។
លោកបន្ថែមថា កំណើនការនាំចេញផលិតផលស្បែកជើងនៅពេលនេះ ក៏ដោយសារកម្ពុជាទទួលបានភាពចំណេញពីអស្ថិរភាពនយោបាយនៅប្រទេសនាំចេញផលិតផលស្បែកជើងនៅប្រទេសមួយចំនួន។
លោកនិយាយទៀតថា បច្ចុប្បន្ននៅកម្ពុជាមានរោងចក្រផលិតស្បែកជើងជាច្រើន ហើយទន្ទឹមនឹងនេះក៏មានគម្រោងវិនិយោគលើរោងចក្រផលិតស្បែកជើងជាច្រើនកំពុងសាងសង់ផងដែរ។
លោកបានថ្លែងថា៖«កម្ពុជាកំពុងក្លាយជាទីតាំងផលិតស្បែកជើងដែលមានគុណភាព និងម៉ាកល្បីៗជាច្រើនលើពិភពលោក។ ការនាំចេញផលិតផលទាំងអស់នេះនឹងមានច្រើនបន្ថែមទៀតនាពេលខាងមុខ»។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ចន្លោះពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ ការនាំចេញ-ចូលទំនិញរវាងកម្ពុជាជាមួយប្រទេសដៃគូពាណិជ្ជកម្មទាំងអស់មានទឹកប្រាក់សរុប ៤៥,0៦ ពាន់លានដុល្លារ កើនឡើង ១៦,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានចំនួន ៣៨,៦៧ ពាន់លានដុល្លារ។
ក្នុងនោះទឹកប្រាក់ទាំងនេះ គឺទំនិញកម្ពុជានាំចេញមានចំនួន ២១,៥៧ ពាន់លានដុល្លារ កើនឡើង ១៦ ភាគរយពីចំនួន ១៨,៥៩ ពាន់លានដុល្លារ និងទំនិញនាំចូលពីទីផ្សារអន្តរជាតិ មានចំនួន ២៣,៤៩ ពាន់លានដុល្លារ កើនឡើង ១៦,៥ ភាគរយពីចំនួន ២០,០៧ ពាន់លានដុល្លារ។
ផ្អែកតាមស្ថិតិខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពប្រមាណជាង ១,៩១ ពាន់លានដុល្លារ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ កម្ពុជាមានឱនភាពចំនួន ១,៤៨ ពាន់លានដុល្លារ។