ភាព​ល្អ​ប្រសើរ​នៃ​ទំនាក់​ទំនង​ការទូត​បាន​ធ្វើ​ឱ្យ​លំហូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-​ចិន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ដោយ​ក្នុង​រយៈពេល ១០ ខែ​ឆ្នាំ ២០២៤ មាន​ទឹក​ប្រាក់​សរុប​ជាង ១២ ពាន់​លាន​ដុល្លារ កើន​ជាង ២០ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣ ខណៈ​ទឹកប្រាក់​ដែល​ប្រទេស​ចិន​នាំ​ចូល​មក​កម្ពុជា​បាន​គ្រប​ដណ្តប់​ជិត ៩០ ភាគរយ​នៃ​ចំនួន​ទឹក​ប្រាក់​សរុប។

យោង​តាម​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ ២០២៤ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់​សរុប ១២,៣៨ ពាន់​លាន​ដុល្លារ កើន​ឡើង ២៣ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣ ដែល​មាន​ចំនួន ១០,០៧ ពាន់​លាន​ដុល្លារ។ 

ប្រទេស​ចិន គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​ធំ​ជាង​គេ​របស់​កម្ពុជា ដោយ​ទឹក​ប្រាក់​នៃ​ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​ចំណែក ២៧,៤៦ ភាគ​រយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​រយៈពេល ១០ ខែ​ដើម​ឆ្នាំ ២០២៤ ដែល​មាន​ចំនួន ៤៥,០៦ ពាន់លាន​ដុល្លារ។

បើ​យោង​តាម GDCE ក្នុង​ចំនួន​ទឹកប្រាក់​នេះ គឺ​ទំនិញ​ដែល​ប្រទេស​ចិន​នាំ​មក​កម្ពុជា មាន​ចំនួន ១០,៩៥ ពាន់​លាន​ដុល្លារ កើន​ឡើង ២៣,២ ភាគរយ ចំណែក​ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន​វិញ មាន​ត្រឹម​តែ ១,៤៣ ពាន់​លាន​ដុល្លារ កើន ២១,១ ភាគរយ។

ទឹក​ប្រាក់​នៃ​ទំនិញ​ចិន​នាំ​ចូល​កម្ពុជា គឺ​មាន​ចំណែក​ប្រមាណ ៨៨,៤៦ ភាគរយ​នៃ​ចំនួន​ទឹក​ប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី។ ផ្អែក​តាម​តួលេខ​នេះ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​របស់​កម្ពុជា​មាន​ឱនភាព​ប្រមាណ ៩,៥២ ពាន់​លាន​ដុល្លារ ខណៈ​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ២០២៣ មាន​ចំនួន ៧,៧១ ពាន់​លាន​ដុល្លារ។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃទី​១៩ ខែ​វិច្ឆិកា​ថា លក្ខខណ្ឌ​នៃ​ទីតាំង​ភូមិសាស្រ្ត និង​ទំនាក់ទំនង​ជា​ប្រវត្តិសាស្រ្ត​ដែល​មាន​អាយុ​កាល​រាប់រយ​ឆ្នាំ​រវាង​ប្រទេស​ទាំង ២ គឺ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ដែល​ជួយ​ជំរុញ​ឱ្យ​សកម្មភាព​នៃ​ការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ កើន​ឡើង​ជា​លំដាប់ ខណៈ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២ ក៏​តែង​ខិតខំ​ជំរុញ​ឱ្យ​វិនិយោគិន​របស់​ខ្លួន​បង្កើន​កិច្ចសហការ​ជាមួយគ្នា​ផងដែរ។ 

លោក​បន្ត​ថា សម្រាប់​ចំនួន​ទឹកប្រាក់​ដែល​ភាគី​ចិន​មាន​ចំនួន​លើស​លប់​ធៀប​នឹង​ការ​នាំ​ចេញ​របស់​កម្ពុជា គឺ​ដោយ​សារ​ប្រទេស​ចិន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​ឱ្យ​កម្ពុជា។ 

វត្ថុធាតុ​ដើម​ទាំង​អស់​នោះ​ត្រូវ​បាន​ប្រើប្រាស់​ជា​គ្រឿង​ផ្សំ​សម្រាប់​ការ​កែច្នៃ​តាម​រោងចក្រ​នៅ​កម្ពុជា មុន​នឹង​នាំ​ចេញ​ទៅ​លក់​បន្ត​នៅ​ទីផ្សារ​អន្តរជាតិ។

លោក​ថ្លែង​ថា៖«​ភាព​វិជ្ជមាន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នឹង​មាន​កាន់​តែ​ច្រើន​នា​ពេល​ខាង​មុខ។ ប្រទេស​ចិន​នឹង​បន្ត​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​ឱ្យ​កម្ពុជា​យូរ​ទៅ​មុខ​ទៀត»។

លោក​បន្ថែម​ថា ទោះ​យ៉ាង​ណា​មួយ​រយៈ​ចុង​ក្រោយ​នេះ ទំនិញ​របស់​កម្ពុជា​ក៏​មាន​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​ឈាន​ចូល​ទីផ្សារ​ប្រទេស​ចិន​ដែរ ពិសេស​ផលិតផល​កសិកម្ម និង​វាយនភណ្ឌ។

ទាក់​ទង​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-​ចិន(CCFTA) លោក លឹម ហេង បាន​បញ្ជាក់​ថា កិច្ច​ព្រម​ព្រៀង​នេះ​កំពុង​ចូលរួម​ចំណែក​សំខាន់​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី ក៏​ដូចជា​ទាក់​ទាញ​អ្នក​វិនិយោគ​ចិន​ឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា។

បើ​តាម​លោក លឹម ហេង ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា​នាំ​ទៅ​ទីផ្សារ​ប្រទេស​ចិន​នា​ពេល​នេះ​មាន​ដូចជា កសិផល វាយនភណ្ឌ ធនធាន​ធម្មជាតិ និង​រ៉ែ​មួយ​ចំនួន ចំណែក​ទំនិញ​ចិន​នាំ​ចូល​មក​កម្ពុជា​មាន​ស្ទើ​គ្រប់​មុខ​ទំនិញ​រាប់​ចាប់ពី ចំណី​អាហារ គ្រឿងទេស គ្រឿង​អលង្ការ គ្រឿង​សំណង់ អគ្គិសនី អេឡិចត្រូនិក ឱសថ យានយន្ត និង​វត្ថុធាតុ​ដើមជា​ច្រើន​ប្រភេទ។

សេដ្ឋវិទូ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយ​ថា ទឹក​ប្រាក់​នៃ​ការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា​-ចិន​កើន​ឡើង​ដោយសារ​ភាព​ល្អ​ប្រសើរ​នៃ​ទំនាក់ទំនង​ការទូត ខណៈ​ប្រទេស​ទាំង ២ ក៏​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី​ជាមួយគ្នា​(CCFTA) និង​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​តំបន់(RCEP) ផងដែរ។ 

លោក​បន្ត​ថា ខណៈ​ប្រទេស​ចិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ប្រភព​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម និងទំនិញ​ដ៏​ធំ​លើ​ពិភពលោក​នោះ ដូច្នេះ​ចិន​នឹង​នៅ​បន្ត​ជា​ប្រភព​ផ្គត់ផ្គង់​ទំនិញ​ដ៏​សំខាន់​របស់​កម្ពុជា ជា​ពិសេស​វត្ថុ​ធាតុ​ដើម​ក្នុង​ផលិតកម្ម​វាយនភណ្ឌ​ដើម្បី​ឱ្យ​កម្ពុជា​យក​ទៅ​កែច្នៃ​ជា​ផលិតផល​សម្រេច​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។

លោក​បញ្ជាក់​ថា៖​«រយៈពេល​ជាយូរ​មក​ហើយ​ដែល​ប្រទេស​ចិន គឺ​ជា​ប្រភព​សំខាន់​នៃ​ការ​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម ឬ​គ្រឿង​ផ្សំ​ផ្សេងៗ​ឱ្យ​រោងចក្រ/​សហគ្រាស​នៅ​កម្ពុជា។ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នឹង​បន្ត​កើន​ឡើង​ថែម​ទៀត​នា​ពេល​ខាង​មុខ»។

ទាក់​ទង​នឹង​ការ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន អ្នក​សេដ្ឋកិច្ច​ខាង​លើ​អះអាង​ថា ដោយសារ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដូច្នេះ​ទំនិញ​ដែល​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន​ភាគ​ច្រើន​ជា​ផលិតផល​កសិកម្ម និង​ធនធាន​ធម្មជាតិ។

ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម កាល​ពី​ថ្ងៃទី​៥-​១០ ខែ​វិច្ឆិកា ក្រសួង​ពាណិជ្ជកម្ម និង​ផ្នែក​ឯកជនកម្ពុជា បាន​នាំ​យក​ផលិតផល​គុណភាព​ខ្ពស់​របស់​កម្ពុជា​ជាង ១០០ មុខ ទៅ​ចូល​រួមក្នុង​ព្រឹត្តិការណ៍​«ពិព័រណ៍​ទំនិញ​នាំ​ចូល​អន្តរជាតិ​ចិន លើក​ទី៧» នៅ​ក្នុង​ទីក្រុង​សៀងហៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​មាន​ប្រទេស​ចូល​រួម​សរុប​ចំនួន ១៦០​ប្រទេស។

ក្រសួង​ពាណិជ្ជកម្ម បាន​ឱ្យ​ដឹង​ថា ក្រសួង​បាន​នាំ​យក​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​របស់​កម្ពុជា​ជាង ១០០មុខ រួមមាន អង្ករ គ្រាប់​ស្វាយចន្ទី សម្ភារ​ធ្វើដំណើរ និង​កាបូប ផលិតផល​សម្គាល់​ភូមិសាស្រ្ត​ទំនិញ ទឹកឃ្មុំ កាហ្វេ ដំណាប់ស្វាយ តែម្រេច តែ ទឹកជ្រលក់ម្រេច ម្សៅប្រហុក ស្ករត្នោត ទឹកស្ករត្នោត ស្ករគ្រាប់ត្នោត មីកញ្ចប់ មីជាតិ សម្ភារ​កែច្នៃ​សំណល់​ប្លាស្ទិក ។ល។ ដើម្បី​ចូលរួម​ដាក់​តាំង​បង្ហាញ​ក្នុង​ព្រិត្តិការណ៍នេះ។

កាល​ពីឆ្នាំ ២០២៣ ការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា-ចិន មាន​ទឹក​ប្រាក់​សរុប ១២,២៦ ពាន់​លាន​ដុល្លារ កើន​ឡើង ៥ ភាគរយ​បើ​ធៀប​ឆ្នាំ ២០២២ ក្នុង​នោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​ប្រទេស​ចិន ១,៤៨ ពាន់​លាន​ដុល្លារ កើន​ឡើង ១៩,២ភាគរយ និង​ទំនិញ​ចិន​នាំ​មក​កម្ពុជា ១០,៧៩ ពាន់​លាន​ដុល្លារ កើន ៣,៣ ភាគរយ។ នេះ​បើ​យោង​តាម GDCE៕