ប្រទេស​កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា​នឹង​អាច​ទាក់​ទាញ​វិនិយោគិន​ជប៉ុន​ឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​កាន់​តែ​ច្រើន​ថែម​ទៀត​បន្ទាប់​ពី​ក្រុម​អ្នក​ជំនួញ​ធំៗ​នៅ​កម្ពុជា​បាន​​​ជួប​ពិភាក្សា​ជាមួយ​វិនិយោគិន​ជប៉ុន​ ដើម្បី​​​ស្វែង​យល់​កាន់​តែ​​ច្បាស់​អំពី​កាលានុវត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា និង​ឱកាស​ក្នុង​ការ​ជ្រើសរើស​ដៃគូ​វិនិយោគ​ទៅ​តាម​ប្រភេទ​អាជីវកម្ម​រៀងៗ​ខ្លួន។

សមាគម​ឧកញ៉ា​កម្ពុជា សហការ​ជាមួយ​សមាគម​ជប៉ុន-​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា បាន​រៀបចំ​«ជំនួប​ផ្គូផ្គង​ធុរកិច្ច​រវាង​សមាគម​ឧកញ៉ា​កម្ពុជា និង​សមាគម​ជប៉ុន-​កម្ពុជា ២០២៤» ដោយ​មាន​ចូល​រួម​ពី​លោក ស៊ុន ចាន់ថុល អនុ​ប្រធាន​ទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(CDC) និង​លោក TAKAHASHI Fumiaki ប្រធាន​សមាគម​ជប៉ុន-​កម្ពុជា​(អតីត​អគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា) ព្រម​ទាំង​ថ្នាក់​ដឹកនាំ និង​សមាជិក​នៃ​សមាគម​ឧកញ៉ា​កម្ពុជា និង​ធុរជន​ជប៉ុន-​កម្ពុជា សរុប​ប្រមាណ ១២០ រូប។

យោង​តាម CDC ជំនួប​ផ្គូផ្គង​ធុរកិច្ច​នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​សមាគម និង​វិនិយោគិននៃ​​ប្រទេស​ទាំង​ពីរ ស្រប​តាម​ចក្ខុ​វិស័យ​របស់​លោក ស៊ុន ចាន់ថុល ក្នុង​បេសកកម្ម​គោះ​ទ្វារ​វិនិយោគ​នៅ​ប្រទេស​ជប៉ុន កាល​ពី​ខែ​ឧសភា ឆ្នាំ ២០២៤។

ជាកិច្ច​ចាប់​ផ្តើម លោក ចាន់ថុល បាន​សម្តែង​ការ​កោត​សរសើរ​ដល់​សមាគម​ឧកញ៉ា​កម្ពុជា ​និង​សមាគម​ជប៉ុន-​កម្ពុជា ដែល​បាន​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិបាល​​ក្នុង​ការ​ផ្សព្វផ្សាយ និង​​កៀរគរ​វិនិយោគិន​ជប៉ុន​ឱ្យ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន ក្នុង​ន័យ​ចូល​រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​បោះ​ជំហាន​ទៅមុខ​កាន់​តែ​លឿន​ បន្ថែម​ពី​លើ​នេះ លោក​ក៏​បាន​រំលេច​ឡើង​អំពី​កិច្ច​ខិតខំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ដើរ​តួនាទី​ជា​អ្នក​សម្រប​សម្រួល​ធុរកិច្ច និង​វិនិយោគ ដោយ​បាន​ចាត់​ទុក​ផ្នែក​​ឯកជន​ គឺ​ជា​ដៃគូ និង​​ជា​កាតាលីករ​សម្រាប់​កំណើន​សេដ្ឋកិច្ច។

លោក​បាន​ថ្លែង​ថា៖​«​នេះ​ជា​បេសកកម្ម​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា យើង​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បីផ្តល់​កិច្ច​សហការ​ពេញ​ទំហឹង​ជូន​ដល់​ផ្នែក​ឯកជន​ដែល​មាន​បំណង​បណ្ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​»។

លោក​បន្ថែម​ទៀត​ថា៖​«ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​វិនិយោគិន​ជប៉ុន និង​វិនិយោគិន​កម្ពុជា​ទាំង​អស់ ដែល​មានវត្តមាន​ក្នុង​កម្មវិធី​នេះ សូម​ចាប់​ដៃគ្នា​សិក្សា​ពិនិត្យ​លទ្ធភាព​ជំរុញ​កិច្ច​សហការ​ធុរកិច្ច ក៏​ដូចជា​ស្វែង​យល់​ឱ្យ​កាន់​តែ​ច្បាស់​នូវ​កាលានុវត្ត​ភាព​វិនិយោគ​របស់​កម្ពុជា។ សមាគម​ឧកញ៉ា​កម្ពុជា សូម​បន្ត​ចូលរួម​ផ្សព្វ​ផ្សាយ​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ទៅ​កាន់​វិនិយោគិ​នផ្សេងៗ​ទៀត​ដើម្បី​ទាក់​ទាញ​ពួកគេ​​ឱ្យ​មក​បណ្តាក់​ទុន​​នៅ​កម្ពុជា បង្កើត​ការងារ​បន្ថែម​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ ក៏​ដូចជា​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឆ្ពោះ​ទៅ​សម្រេច​បាន​ចក្ខុ​វិស័យ​ជា​ប្រទេសចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០»។

លោក TAKAHASHI Fumiaki បាន​និយាយ​ថា ជំនួប​ផ្គូផ្គង​ធុរ​កិច្ចនេះ​ធ្វើ​ឡើង​ក្រោយ​កិច្ច​ពិភាក្សា​ការងារ​រវាង​សមាគម​ឧកញ៉ា​កម្ពុជា និង​សមាគម​ជប៉ុន​-កម្ពុជា បន្ទាប់​ពី​វត្តមាន​របស់ លោក ស៊ុន ចាន់ថុល នៅទីក្រុង​តូក្យូ កាល​ពី​ខែ​ឧសភា ឆ្នាំ ២០២៤។ តាម​រយៈ​ជំនួប​នេះ វិនិយោគិន​ជប៉ុន​បាន​យល់​កាន់​តែ​ច្បាស់​អំពី​បច្ចុប្បន្ន​ភាព​នៃ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា។

លោក​បាន​លើក​ឡើង​ថា៖​«តាម​រយៈ​ជំនួប​នាថ្ងៃ​នេះ ភាគី​ទាំងពីរ​នឹង​បាន​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ប្រកប​ដោយ​ទំនុក​ចិត្ត»។

លោកស្រី គួន ធីតា សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមាគម​ឧកញ៉ា​កម្ពុជា និង​ជា​អនុ​ប្រធាន​គណៈកម្មការ​ទំនាក់ទំនង​សាធារណៈ និង​អន្តរជាតិ បាន​ថ្លែង​ថា ចក្ខុ​វិស័យ និង​បេសកកម្ម​របស់​សមាគម​ឧកញ៉ា​កម្ពុជា គឺ​ការ​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា សំដៅ​ចូល​រួម​កសាង និង​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ជាតិ។

លោកស្រី​បាន​បញ្ជាក់​ថា៖​«ខ្ញុំមាន​​ទំនុក​ចិត្ត​ថា ជំនួប​ផ្គូផ្គង​ធុរកិច្ច​ថ្ងៃនេះ ពិតជា​ផ្ដល់​អត្ថ​ប្រយោជន៍ បង្កើនភាព​ស្និទ្ធស្នាល និងពង្រឹង​ទំនុក​ចិត្ត​រវាង​ធុរជន​នៃ​ប្រទេស​ទាំងពីរ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​ធុរកិច្ច និង​វិនិយោគ​ឱ្យ​លេច​ចេញ​ជា​រូបរាង​ឡើង​នា​ពេល​ខាង​មុខ»។

បើ​​តាម​លោកស្រី គួន ធីតា ​សមាគម​ឧកញ៉ា​កម្ពុជា គឺ​ជា​បណ្ដុំ​ធុរជន​មក​ពី​ចម្រុះ​វិស័យ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា ហើយ​រហូត​មក​ដល់​ពេល​​​នេះ​មាន​សមាជិក​សរុប ៤២០ រូប ដែល​កំពុង​គ្រប់​គ្រង​ក្រុមហ៊ុន និង​សហគ្រាស​រហូត​ដល់​ជាង ៨០០ ដោយ​បង្កើត​ការងារ​ច្រើន​ជាង ៥០០.០០០ កន្លែង​ដល់ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស។

យោង​តាម CDC ក្នុង​រយៈពេល ១០​ខែ ដើម​ឆ្នាំ ២០២៤ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​សរុប​ ៣៤៦ គម្រោង ក្នុង​ទុន​វិនិយោគ​សរុប​ប្រមាណ ៥,៥ ប៊ីលាន​ដុល្លារ កើន​ឡើង ៣៨ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣។

​ប្រទេស​ជប៉ុន​ឈរ​នៅ​លំដាប់ទី ៧ ដែល​មាន​ទុន​វិនិយោគ​សរុប ៤០ លាន​ដុល្លារ​នៃ​រំហូរ​ទុន​វិនិយោគ​សរុប​នៅ​កម្ពុជា។

នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែត ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​ប្រទេស​ជប៉ុន កាលពី​ខែធ្នូ ឆ្នាំ​ ២០២៣ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន ឆ្នាំ​ទី៥០ នៃ​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​-​ជប៉ុន ក៏បាន​អញ្ជើញ​ចូលរួម​នៅក្នុង​សិក្ខាសាលា​វិនិយោគ​កម្ពុជា​ឆ្នាំ ​២០២៣ ដោយ​ក្នុង​ឱកាស​នោះ​លោក​ស្នើឱ្យ​វិនិយោគិន​ជប៉ុន​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យ​ច្រើន ជាមួយ​គ្នា​នេះ​លោក​ក៏​ជំរុញ​ឱ្យ​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង ២ ​ធ្វើការ​សិក្សា​រួមគ្នា​ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន​ នៅ​កម្ពុជា​ផងដែរ។

ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា(GDCE) បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា​-​ខែតុលា​ ឆ្នាំ​ ២០២៤ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន មាន​ទឹកប្រាក់​សរុប ១ ៧៦១,៨ ​លាន​ដុល្លារ កើន​ឡើង ១៧,១ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣​ ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំ​ទៅ​ជប៉ុន ១ ១៥០,៦៧​ លាន​ដុល្លារ កើន​ឡើង ១៨ ភាគរយ ចំណែក​ជប៉ុន​នាំ​មក​កម្ពុជា ៦១១,១៣ លាន​ដុល្លារ កើន​ឡើង ១៥,៥​ ភាគរយ។

ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព ៥៣៩,៥៥ ​លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣ មាន​ចំនួន ៤៤៥,៩១​ លាន​ដុល្លារ។​ ប្រទេស​ជប៉ុន ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​ធំ​ទី៥ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក វៀតណាម និង​ថៃ៕