ចំនួនកុងតឺន័រដែលបានឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ មានចំនួនជិត ៣០ម៉ឺន TEUs កើនឡើងជិត ៤០ ភាគរយបើធៀបនឹងត្រីមាសទី ៣ ឆ្នាំ ២០២៣ ខណៈកាលពីចុងត្រីមាសទី៣ កន្លងមក កសស ក៏បានបើកសម្ពោធជាផ្លូវការចំណតផែកុងតឺន័រថ្មីបន្ថែម ដើម្បីលើកកម្ពស់សមត្ថភាពនាំចេញ នាំចូលទំនិញទៅទីផ្សារអន្តរជាតិ។
របាយការណ៍ត្រីមាសទី ៣ ឆ្នាំ ២០២៤ របស់ កសស ដែលផ្សព្វផ្សាយកាលពីថ្ងៃទី១៩ ខែវិច្ឆិកា បានឱ្យដឹងថា ដោយមានការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអាណាព្យាបាលទាំងពីរ(ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការនិងដឹកជញ្ជូន) កសស បានបន្តការវិវឌ្ឍយ៉ាងខ្លាំងក្លា ដើម្បីបម្រើសកម្មភាពធុរកិច្ចរបស់ខ្លួន។
ជាលទ្ធផលក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៤ កសស ទទួលបានប្រាក់ចំណូលសរុប ១២០.៦១៧.៥៨១.០០០ រៀល និងមានការខាតសុទ្ធក្រោយបង់ពន្ធ ក្នុងការិយបរិច្ឆេទចំនួន ៧.៨៣៨.០២៧.០០០ រៀល។ បើប្រៀបធៀបនឹងត្រីមាសទី ៣ ឆ្នាំ ២០២៣ ប្រាក់ចំណូលកើនឡើងចំនួន ២៥.៧៤០.១៦៧.០០០ រៀល គឺស្មើនឹង ២៧,១៣ ភាគរយ។
លទ្ធផលនេះបណ្តាលមកពីបរិមាណកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់ កសស មានការកើនឡើង។ ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៤ កុងតឺន័រដែលបានឆ្លងកាត់ កសស មានចំនួន ២៨៣ ៩១៨ TEUs ពោលគឺកើនឡើងចំនួន ៧៦.០១១ TEUs ស្មើនឹង ៣៦,៥៦ ភាគរយបើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣ ។
ប្រធានអគ្គនាយក កសស លោក លូ គីមឈន់ បាននិយាយថា៖«កសស នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញសេវាកម្ម អាជីវកម្មឱ្យកាន់តែល្អប្រសើរ និងសម្រេចបានលទ្ធផលខ្ពស់ជាប្រយោជន៍ដល់ភាគហ៊ុនិករបស់ខ្លួន។ កសស បានពង្រឹងប្រសិទ្ធភាពការងារ និងការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការសេវាកម្មរបស់អតិថិជន និងការរីកចម្រើន សេដ្ឋកិច្ចជាតិ»។
កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័រថ្មីមួយបន្ថែម ដែលមានប្រវែង ២៥៣ ម៉ែត្រ ដោយបានបំពាក់គ្រឿងចក្រលើកដាក់កុងតឺន័រទំនើបរួមមាន រថស្ទូចចល័តលើគែមផែ ប្រភេទ (QC) ចំនួន ០២ គ្រឿង និងគ្រឿងចក្រប្រភេទ (RTG) ចំនួន ០៦ គ្រឿង។ ដូច្នេះគិតត្រឹមបច្ចុប្បន្ន កសស មានចំណតផែកុងតឺន័រចំនួន ៣។
បើតាម កសស នៅពេលនេះ កសស បាននឹងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ផែកុងតឺន័រថ្មី(ជំហានទី១) ប្រវែង ៣៥០ ម៉ែត្រ មានជម្រៅទឹក ១៤,៥ ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ ដោយចំណតផែកុងតឺន័រថ្មីនេះ គ្រោងនឹងបំពាក់គ្រឿងចក្រលើកដាក់កុងតឺន័រទំនើបប្រភេទ (QC) ចំនួន ០៣ គ្រឿង និងគ្រឿងចក្រប្រភេទ (RTG) ចំនួន ០៩ គ្រឿង រថលើកកុងតឺន័រ ទទេរ (Empty Reach Stacker) ចំនួន ០២ គ្រឿង ក្បាលសណ្តោងកុងតឺន័រ ចំនួន ១៦ គ្រឿង និងប្រព័ន្ធគ្រប់គ្រងចំណតផែកុងតឺន័រស្វ័យប្រវត្តិកម្ម ០១ កំភ្លេ ដែលអាចអនុញ្ញាតឱ្យនាវាដឹកជញ្ជូនកុងតឺន័រធុនធំក្នុងតំបន់ចូលចតនៅ កសស បានដែលនឹងធ្វើឱ្យឧបសគ្គអំពីជម្រៅទឹកសម្រាប់កំពង់ផែត្រូវបានដោះស្រាយ ព្រមទាំងតម្លៃដឹកជញ្ជូនតាមសមុទ្រ(Ocean Freight Cost) មានតម្លៃប្រហាក់ប្រហែលបណ្តាប្រទេសជិតខាង និងក្នុងតំបន់ ដែលជាការរួមចំណែកដល់ការជួយសម្រួលផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។
កសស បានបញ្ជាក់ថា៖«តាមការរំពឹងទុក គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ ២០២៧ ហើយសមត្ថភាពលើកដាក់កុងតឺន័រដល់ ១.២៥០.០០០ TEUs ក្នុង ១ឆ្នាំ ពេលដែលចំណតផែកុងតឺន័រនេះដាក់ឱ្យប្រតិបត្តិការនៅឆ្នាំ២០២៧ ខាងមុខ»។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២០ ខែវិច្ឆិកា ថា កំណើនចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺបញ្ជាក់ពីភាពរីកចម្រើននៃសកម្មភាពផលិតកម្មនៅកម្ពុជា ក៏ដូចជាកំណើនសេដ្ឋកិច្ចជាតិទាំងមូល។ បរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុនឹងបន្តកើនឡើងច្រើនថែមទៀត ខណៈកម្ពុជាកំពុងទទួលទាក់ទាញបានការចូលមកបណ្តាក់ទុនពីសំណាក់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិកាន់តែច្រើន ដើម្បីបង្កើតសមត្ថភាពក្នុងការនាំចេញទំនិញទៅទីផ្សារអន្តរជាតិ។
លោកបានថ្លែងថា៖«កម្ពុជាបច្ចុប្បន្នត្រូវបានគេដឹងថាជាមជ្ឈមណ្ឌលផលិតទំនិញជាច្រើនប្រភេទសម្រាប់បម្រើសេចក្តីត្រូវការនៅទីផ្សារពិភពលោក ហេតុនេះសកម្មភាពការនាំចូលវត្ថុធាតុដើម និងគ្រឿងផ្សំសម្រាប់កែច្នៃឱ្យទៅជាផលិតផលសម្រេច និងការដឹកជញ្ជូនទំនិញចេញទៅទីផ្សារអន្តរជាតិប្រាកដជាមានច្រើន ហើយវានឹងបន្តកើនឡើងកាន់តែច្រើននាពេលអនាគត»។
ទាក់ទងនឹងដំណើរការពង្រីកសមត្ថភាពរបស់ កសស លោក ចាន់ដារ៉ា បានអះអាងថា ការធ្វើទំនើបកម្ម និងពង្រីកកំពង់ផែនេះ វានឹងផ្តល់នូវផលវិជ្ជមានច្រើនសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការជួយឱ្យវិស័យដឹកជញ្ជូនកម្ពុជាកាន់តែល្អប្រសើរ កាត់បន្ថយការកកស្ទះ និងធ្វើឱ្យការចំណាយលើថ្លៃដឹកជញ្ជូនកាន់តែទាប។
បើតាមលោក ចាន់ដារ៉ា ទំនិញដែលកម្ពុជានាំចូលមានភាពច្រើនជាវត្ថុធាតុដើមមកពីប្រទេសចិន និងប្រទេសជិតខាង ខណៈការនាំចេញភាគច្រើនជាផលិតផលសម្រេច ហើយទៅកាន់គោលដៅឆ្ងាយៗដូចជា អាមេរិក កាណាដា និងតំបន់អ៊ឺរ៉ុប។
តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញអន្តរជាតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយក្នុងថ្ងៃទី ១១ ខែវិច្ឆិកា បានបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ ការនាំចេញ-ចូលទំនិញរវាងកម្ពុជាជាមួយប្រទេសដៃគូពាណិជ្ជកម្មទាំងអស់មានទឹកប្រាក់សរុប ៤៥,0៦ ពាន់លានដុល្លារ កើនឡើង ១៦,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានចំនួន ៣៨,៦៧ ពាន់លានដុល្លារ។
ក្នុងនោះទឹកប្រាក់នាំចេញទំនិញរបស់កម្ពុជា មានចំនួន ២១,៥៧ ពាន់លានដុល្លារ កើនឡើង ១៦ ភាគរយពីចំនួន ១៨,៥៩ ពាន់លានដុល្លារ និងទំនិញនាំចូលពីទីផ្សារអន្តរជាតិ មានចំនួន ២៣,៤៩ ពាន់លានដុល្លារ កើនឡើង ១៦,៥ ភាគរយពីចំនួន ២០,០៧ ពាន់លានដុល្លារ៕