ប្រទេសកម្ពុជាប្រមូលប្រាក់បាន ៣,៤ ពាន់លានដុល្លារពីការនាំចេញកសិផលទៅក្រៅប្រទេសក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០២៤ ដោយកើនឡើងជិតពាក់កណ្តាលបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈទឹកប្រាក់នេះនឹងកើនឡើងបន្ថែមទៀតបើកម្ពុជាអាចមានរោងចក្រកែច្នៃ និងទុនបង្វិលច្រើនជាងពេលនេះ។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ ក្នុងកិច្ចពិភាក្សាមួយកាលពីពេលថ្មីៗនេះបានលើកឡើងថា ចាប់ពីខែមករា-ខែតុលា ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញកសិផលទៅទីផ្សារអន្តរជាតិក្នុងទឹកប្រាក់សរុប ៣,៤ ពាន់លានដុល្លារ កើនឡើងជិត ៥០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ភាគច្រើននៃការនាំចេញកសិផលរបស់កម្ពុជា គឺក្នុងទម្រង់ដើម ឬឆៅ(មិនទាន់កែច្នៃ) ដែលសកម្មភាពបែបនេះធ្វើឱ្យកម្ពុជាខាតបង់ប្រាក់បន្ថែមយ៉ាងច្រើន។
លោកបានឱ្យដឹងថា៖«ប្រសិនបើយើងអាចរកវិធីកែច្នៃហើយចាំនាំចេញកសិផលយើងវិញ គឺសក្តានុពលនៃតម្លៃបន្ថែមពីវិស័យកសិកម្មចំពោះសេដ្ឋកិច្ចជាតិនៅមានទំហំធំធេងណាស់»។
លោកបានពន្យល់ថា ជាក់ស្តែងផលិតផលគ្រាប់ស្វាយចន្ទី ស្រូវ និងដំឡូងមី ដែលកម្ពុជានាំចេញនាពេលនេះ គឺភាគច្រើនធ្វើឡើងក្នុងទម្រង់ជាផលិតផលមិនទាន់កែច្នៃ។ ការនាំចេញក្នុងទម្រង់ជាផលិតកែច្នៃរួចរាល់ វានឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនសម្រាប់សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារ និងប្រាក់ចំណូលពន្ធ។ ប្រសិនបើអាចធ្វើបែបនេះបាន យើងក៏អាចនិយាយថា កម្ពុជាអាចគ្រប់គ្រងជោគវាសនាសេដ្ឋកិច្ចរបស់ខ្លួនបានដោយខ្លួនឯង។
លោកបានបន្ថែមថា ដើម្បីឱ្យការងារទាំងអស់នេះដំណើរការទៅមុខបានល្អ គឺទាមទារឱ្យមានការចូលរួមពីសំណាក់ប្រជាកសិករក្នុងការបង្កើតសហគមន៍កសិកម្ម។ ការចងក្រងជាសហគមន៍កសិកម្ម វានឹងបង្កភាពងាយស្រួលទាំងសម្រាប់ប្រជាកសិករដាំដុះដែលមិនចាំបាច់បារម្ភពីបញ្ហាកង្វះទីផ្សារ ការជ្រើសរើសពូជ និងតម្លៃ ចំណែកអ្នកទិញយកទៅកែច្នៃ ឬនាំចេញក៏មិនសូវបារម្ភពីការស្វែងរកទិញផងដែរ។
លោកបានថ្លែងថា៖«ប្រសិនបើយើងអនុវត្តបានបែបនេះ គឺកសិកម្មនឹងក្លាយទៅជាចលករមួយសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ»។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡូត បានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី១៩ ខែវិច្ឆិកាថា ការកើនឡើងបរិមាណ និងទឹកប្រាក់នាំចេញផលិតផលកសិកម្ម គឺជាព័ត៌មានល្អបំផុត ព្រោះបើគេសង្កេតមើលស្ថានភាពការងាររបស់ប្រជាជនខ្មែរក៏មានចំនួនច្រើនផងដែរក្នុងវិស័យកសិកម្ម។ ទោះយ៉ាងណាបើកម្ពុជាអាចលើកកម្ពស់សមត្ថភាពក្នុងការកែច្នៃផលិតផលទាំងអស់នោះឱ្យក្លាយជាផលិតផលសម្រេច គឺកម្ពុជានឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនថែមទៀត។ សម្រាប់គ្រាប់ស្វាយចន្ទីដែលមិនទាន់កែច្នៃការនាំចេញ គឺមានទឹកប្រាក់ប្រហែល ១,១ ពាន់លានដុល្លារ។
លោកប្រាប់ទៀតថា មូលហេតុដែលកម្ពុជានាំចេញផលិតផលស្រស់ ឬឆៅក្នុងបរិមាណច្រើនរៀងរាល់ឆ្នាំ គឺដោយសារកត្តាធំៗមួយចំនួនដូចជា កង្វះទុនសម្រាប់យកទៅប្រមូលទិញកសិផលពីប្រជាកសិករ មិនសូវមានរោងចក្រកែច្នៃ ឡសម្ងួត និងឃ្លាំងស្តុក ជាដើម។ បញ្ហាទាំងអស់នេះបានបណ្តាលឱ្យមានការហូរចេញកសិផលមិនទាន់កែច្នៃជាច្រើនទៅប្រទេសជិតខាង ដែលគេមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រមូលផលិតផលពីកម្ពុជាទៅកែច្នៃបន្ត និងដាក់លក់នៅទីផ្សារអន្តរជាតិ។
លោកបាននិយាយថា៖«ជាក់ស្តែងគិតរហូតមកដល់នេះ(រយៈពេល ១០ខែដើមឆ្នាំ២០២៤)ក្នុងចំណោមគ្រាប់ស្វាយចន្ទី(ឆៅ)ដែលកម្ពុជាប្រមូលបានប្រហែល ៨៤ ម៉ឺនតោន គឺមានប្រហែល ៧៩ ម៉ឺនតោនត្រូវបាននាំចេញទៅលក់ឱ្យប្រទេសវៀតណាម។ ទឹកប្រាក់ដែលកម្ពុជាទទួលបានពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាម គឺប្រមាណ ១,១ពាន់លានដុល្លារ»។
ក្រៅពីដំណាំស្វាយចន្ទី កម្ពុជាក៏បាននាំចេញកសិផលជាច្រើនផ្សេងទៀត ក្នុងនោះ អង្ករមានចំនួន ៥០៧ ០២៩ តោនដោយទទួលបានប្រាក់ប្រមាណ ៣៧៦,៦៣ លានដុល្លារ។ ព្រមជាមួយគ្នានេះកម្ពុជាក៏បាននាំចេញស្រូវ ចំនួន ៤ ០៣៦ ៣៣៦ តោន ដែលគិតជាទឹកប្រាក់ប្រមាណ ១ ១៨៤.១៦ លានដុល្លារ៕