អ្នក​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា ស្ថានភាព​នៃ​ការ​គ្រប់គ្រង​ចំនួន​ប្រាក់​កម្ចី​របស់​កម្ពុជា​នឹង​នៅ​តែ​បន្ត​ស្ថិត​ក្នុង​ភាព​ល្អ​ប្រសើរ ខណៈ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២៥ នឹង​អនុញ្ញាត​ឱ្យ​រាជ​រដ្ឋាភិបាល​ខ្ចី​ប្រាក់​ពី​គេ​ក្នុង​កម្រិត ២ ប៊ីលាន​អេសដេអ៊ែ។

ក្នុង​​ឆ្នាំ​ ២០២៤ ច្បាប់​ថវិកា​បាន​កំណត់ឱ្យ​ប្រាក់​កម្ចី​នេះ​មាន​ចំនួន ១ ៧០០ លាន​អេសដេអ៊ែ។​

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២៥ ដែល​ទទួល​បាន​ការ​ឯកភាព​ពី​គណៈ​រដ្ឋមន្ត្រី​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ នា​ថ្ងៃ​ទី ២៥ ខែ​តុលា ឆ្នាំ ២០២៤ ត្រង់​ជំពូក​ទី ២ មាត្រា​ ៦ បាន​សរសេរថា៖ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២៥ អនុម័ត​យល់​ព្រម​ឱ្យ​រាជ​រដ្ឋាភិបាល​ខ្ចី​ប្រាក់​ពី​គេ ក្នុង​កម្រិត ២ ០០០ ០០០ ០០O SDR​ (ពីរ​ប៊ី​លាន​អេសដេអ៊ែ)។

ការ​ខ្ចីប្រាក់​ពី​គេ​ដែល​ត្រូវ​ចុះ​កិច្ច​សន្យា​ក្នុង​កម្រិត​ខាង​លើ ត្រូវ​មាន​លក្ខណៈ​ជា​ការ​ខ្ចី​សម្បទាន ដែល​ត្រូវ​សង​វិញ​ជាមួយ​ការ​ប្រាក់​អនុគ្រោះ។

សេចក្តី​ព្រាង​ច្បាប់​ខាង​លើ​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​លក្ខខណ្ឌ​នេះ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​អ្នក​មាន​សិទ្ធិ​ស្រប​ច្បាប់​តែ​មួយគត់ តាម​ការ​ប្រទាន​សិទ្ធិ​ជា​លាយ​លក្ខណ៍​អក្សរ​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ការ​ខ្ចី​ប្រាក់​ពី​គេ សម្រាប់​ហិរញ្ញប្បទាន​គម្រោង​វិនិយោគ​សាធារណៈ និង​គាំទ្រ​មូលនិធិ​ទ្រទ្រង់​ថវិកា ជា​គុណ​ប្រយោជន៍​នៃ​ថវិកា​ទូទៅ​របស់​រដ្ឋ ឬ​លើ​ការ​ធានា​របស់​រដ្ឋ ហើយ​ត្រូវ​ធ្វើ​របាយការណ៍​ស្តីពី​ការ​អនុវត្ត​នៃ​ការ​ខ្ចី​ប្រាក់​ពី​គេ និង​ការ​ធានា​នេះ​ជូន​រដ្ឋសភា និងព្រឹទ្ធសភា រៀង​រាល់ ៦ ខែម្តង។

អគ្គលេខាធិការ​ដ្ឋាន​នៃ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ បាន​ឱ្យ​ដឹង​ថា សេចក្តី​ព្រាង​ច្បាប់​«ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២៥» នឹង​ត្រូវ​ដាក់​ចូល​ពិភាក្សា​នៅ​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា លើកទី​៣ នីតិកាល​ទី ៧ នៅ​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ឆ្នាំ២០២៤ វេលា​ម៉ោង ៨.០០​នាទី​ព្រឹក។

អ្នក​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃទី​២១ ខែ​វិច្ឆិកា ថា ក្នុង​ឋានៈ​ជា​​ប្រទេស​កំពុង​អភិវឌ្ឍន៍​ កម្ពុជា​ប្រាកដ​ជា​មាន​តម្រូវការ​ថវិកា​ច្រើន​សម្រាប់​យក​ទៅ​វិនិយោគ​លើ​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​គ្រប់​ប្រភេទ​រាប់​ចាប់​តាំង​ពី​ផ្លូវ​ថ្នល់ ផ្លូវដែក ស្ពាន អាកាស​យានដ្ឋាន និង​កំពង់ផែ ដើម្បី​បង្កើត​បរិយាកាស​ទាក់ទាញ​សម្រាប់​ការ​ចូល​មក​វិនិយោគ​ក្នុង​ប្រទេស និង​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​ឈាន​ទៅ​មុខ​ឆាប់​រហ័ស។ លោក​បន្ត​ថា រាល់​ប្រាក់​កម្ចី​ដែល​រដ្ឋាភិបាល​ទទួល​បាន​ពី​ម្ចាស់​បំណុល​នា​ពេល​កន្លង​មក​ គឺ​សុទ្ធ​តែ​បាន​ប្រើ​ប្រាស់​ចំ​គោលដៅ​តាម​ការ​ស្នើ​សុំ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក​បាន​ថ្លែង​ថា៖​«រាជ​រដ្ឋាភិបាល​បាន​មើល​ឃើញ​ពី​ឱកាស​ក្នុង​ការ​ជំរុញ​ល្បឿន​ការ​អភិវឌ្ឍប្រទេស​តាម​រយៈ​ការ​ស្វែង​រក​ប្រាក់​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរ​ជាតិ រួម​ទាំង​ប្រទេស​ដៃគូ។ ប្រាក់​កម្ចី​ទាំង​អស់​នោះ ភាព​ច្រើន​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ការ​វិនិយោគ​សាធារណៈ​ដើម្បី​ជួយ​ឱ្យ​កម្ពុជា​រត់​ទាន់​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ខណៈ​កម្ពុជា​បាន​បាត់​បង់​ពេលវេលា​ជា​ច្រើន​ទសវត្ស​ដើម្បី​ដោះស្រាយ​វិបត្តិ​ក្នុង​ប្រទេស​»។

បើ​តាម​លោក វណ្ណៈ ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ផ្តល់​ប្រាក់​កម្ចី​ឱ្យ​កម្ពុជា​មាន​ដូច​ជា ធនាគារ​ពិភពលោក (WB) មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF) ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB) និង​ធនាគារ​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​​អាស៊ី​ (AIIB) ជាដើម។

ទាក់​ទង​នឹង​លទ្ធភាព​នៃ​ការ​សង់​ត្រឡប់​ទៅ​ម្ចាស់​បំណុល លោក​អះអាង​ថា​៖ «អ្នក​ផ្តល់កម្ចី​មុន​នឹង​សម្រេច​ផ្តល់​ឱ្យ​អតិថិជន​ណាមួយ គឺ​គេ​តែង​ធ្វើ​ការ​សិក្សា​យ៉ាង​ល្អិតល្អន់​ទៅ​លើ ​ប្រទេស​/ស្ថាប័ន​ ស្នើ​សុំ​​ពី​លទ្ធភាព​ការ​បង់​សង​ទៅ​វិញ។ កម្ពុជា​គឺ​តែង​មាន​ទំនួល​ខុស​ត្រូវ​ល្អ​លើ​កិច្ច​ការ​នេះ»។ 

លោក​បន្ត​ថា៖​«​ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ កម្ពុជា​តែង​ទទួល​បាន​កម្ចី​ដែល​មាន​ភាព​អនុគ្រោះ ឬ​អត្រា​ការ​ប្រាក់ទាប»។
សម្រាប់​ពិដាន​បំណុល​របស់​កម្ពុជា​នៅ​ពេល​នេះ បើ​តាម​ឯកសារ​ដែល​ផ្សព្វផ្សាយ​កន្លង​មក​គឺ​​ស្ថិត​ក្នុង​កម្រិត​ជាង ៣០​ ភាគរយ​ធៀប​នឹង​ប្រាក់​ចំណូល​សរុប​ក្នុង​ស្រុក (GDP)។

ឯកសារ​ច្បាប់​ថវិកា​សង្ខេប​ឆ្នាំ ២០២៤ បាន​ឱ្យដឹង​ថា ក្នុង​ឆ្នាំ​២០២៤ រដ្ឋាភិបាល​បាន​កំណត់​ទំហំ​នៃ​ការ​ខ្ចី​ប្រាក់​ពី​ដៃគូ​អភិវឌ្ឍ ក្នុង​កម្រិត ១ ៧០០ លាន​អេសដេអ៊ែ គឺរក្សា​ពិតាន​ដូច​ក្នុង​ឆ្នាំ ២០២៣។

យោងតាម​ឯកសារ​ច្បាប់​ថវិកា ឆ្នាំ​២០២៤ ប្រាក់​កម្ចី​ត្រូវ​ផ្អែក​លើ​ទិដ្ឋភាព​សំខាន់​ៗ​ចំនួន ៥ គឺ

១-​ទំហំ​នៃ​តម្រូវការ​វិនិយោគ​សាធារណៈ​ដែល​កម្ពុជា​មាន​ភាព​ចាំបាច់​ក្នុង​ការ​កៀរគរ​ធនធាន​បន្ថែម​ឱ្យ​បាន​ច្រើន​ដើម្បី​បំពេញ​តម្រូវការ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ,

២-​កម្មវិធី/​គម្រោង​អភិវឌ្ឍន៍​ដែល​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​ក្នុង​ឆ្នាំ ២០២៤ ជា​កម្មវិធី​គម្រោង​វិនិយោគ​សាធារណៈ​ក្នុង​វិស័យ​អាទិភាព ​(ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត និង​ការ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច និង​ផលិតភាព​ផលិតកម្ម) ដែល​មាន​ចរិត​យុទ្ធសាស្ត្រ​ក្នុង​ការ​ទ្រទ្រង់​ដល់​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​រយៈពេល​មធ្យម និង​វែង, 

៣-​ឥណទាន​មាន​កម្រិត​សម្បទាន​ខ្ពស់, 

៤-​ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​បច្ចុប្បន្ន និង​ក្នុង​រយៈពេល​មធ្យម​នៅ​តែ​មាន​«ចីរភាព» និង​«ហានិភ័យ​កម្រិតទាប», និង

៥-​ការ​បន្ត​បង្កើន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​គ្រប់​គ្រង និង​អនុវត្ត​គម្រោង៕