ក្នុងនាមជាប្រទេសមានព្រំប្រទល់ជាប់គ្នា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមបានបន្តកើនឡើងជាបន្តបន្ទាប់ ដោយក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៤ សម្រេចបានជាង ៦,៤ ពាន់លានដុល្លារ កើនឡើងជាង ២០ភាគរយ ក្នុងនោះការនាំចេញទំនិញពីកម្ពុជាទៅវៀតណាម បានហក់ឡើងជាង ៣១ ភាគរយ។
ផ្អែកតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ ការនាំចេញនាំចូលទំនិញរវាងកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៦ ៤១៩,៣៦ លានដុល្លារ កើនឡើង ២១,៧ ភាគរយពីចំនួន ៥ ២៧៦,៨៦ លានដុល្លារនារយៈពេល ១០ខែឆ្នាំ ២០២៣។
វៀតណាម គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទី ៣ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក។
ក្នុងចំនួនខាងលើ គឺកម្ពុជានាំទៅវៀតណាម មានទឹកប្រាក់ ២ ៩៦៧,៨១ លានដុល្លារ កើន ៣១,២ ភាគរយ និងទំនិញវៀតណាមនាំចូលមកកម្ពុជា ៣ ៤៥១,៥៥ លានដុល្លារ កើន១៤,៤ ភាគរយ។
ផ្អែកតាមទិន្នន័យនេះ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាព ៤៨៣,៧៥ លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ ២០២៣ មានចំនួន ៧៥៣,៨៤ លានដុល្លារ។
បើតាម GDCE ប្រទេសវៀតណាម គឺជាទីផ្សារធំទី ២ ដែលទទួលទិញទំនិញកម្ពុជាបន្ទាប់ពីសហរដ្ឋអាមេរិក និងស្ថិតនៅលេខ ២ ផងដែរជាប្រទេសដែលនាំទំនិញច្រើនចូលមកកម្ពុជាបន្ទាប់ពីប្រទេសចិន។
សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២២ ខែវិច្ឆិកាថា លក្ខខណ្ឌទីតាំងភូមិសាស្រ្ត និងភាពល្អប្រសើរនៃទំនាក់ទំនងការទូត បានធ្វើឱ្យលំហូរទំនិញឆ្លងដែនរវាងប្រទេសទាំង ២ រក្សាបានសញ្ញាវិជ្ជមានជាបន្តបន្ទាប់បើទោះក្នុងកាលៈទេសៈពិភពលោកជួបនឹងវិបត្តិក៏ដោយ។
លោកបន្តថា ដោយសារប្រទេសវៀតណាមមានធនធានផលិតកម្ម និងរោងចក្រកែច្នៃច្រើនជាងកម្ពុជា ដូច្នេះលំហូរទំនិញកម្ពុជាទៅប្រទេសវៀតណាម គឺមានភាគច្រើនជាផលិតផលកសិកម្មមិនទាន់កែច្នៃ ខណៈទំនិញដែលវៀតណាមនាំមកកម្ពុជា គឺជាផលិតផលសម្រេច និងគ្រឿងម៉ាស៊ីនមួយចំនួន។
លោកប្រាប់ទៀតថា៖ «ក្នុងនាមជាប្រទេសមានព្រំដែនជាប់គ្នា ចរន្តនៃការនាំទំនិញចេញ-ចូលរវាងប្រទេសទាំង ២ នឹងបន្តសញ្ញាវិជ្ជមានបន្ថែមទៀតនាពេលខាងមុខ។ ប្រទេសទាំង ២ ក៏តែងស្រូបទាញពលកម្មជំនាញទៅបម្រើការងាររវាងគ្នាផងដែរ»។
លោកបានពន្យល់ថា សម្រាប់មូលហេតុដែលជញ្ជីងពាណិជ្ជកម្មកម្ពុជាបន្តមានឱនភាពជាមួយវៀតណាម គឺវាមិនមែនជាបញ្ហាដែលគួរឱ្យបារម្ភនោះទេ ពីព្រោះនៅក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ គឺតែងតែមានស្ថានភាពបែបនេះ ដោយទំនិញកម្ពុជានាំចេញទៅគោលដៅប្រទេសខ្លះមានចំនួនច្រើន(សហរដ្ឋអាមេរិ និងតំបន់អ៊ឺរ៉ុប) ប៉ុន្តែការនាំចូលមកវិញមានចំនួនទឹកប្រាក់តិចតួចប៉ុណ្ណោះ។
ទោះយ៉ាងណា លោកបញ្ជាក់ថា៖«កម្ពុជាមិនត្រូវភ្លេចខ្លួនក្នុងការធ្វើពិពិធកម្មមុខទំនិញរបស់ខ្លួនឱ្យបានកាន់តែច្រើន និងមានគុណភាពកម្រិតស្តង់ដារអន្តរជាតិដើម្បីបង្កើនសមត្ថភាពនៃចេញរបស់ខ្លួនឱ្យបានកាន់តែខ្លាំងបន្ថែមទៀត»។
ក្នុងគោលបំណងរឹតចំណងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង ២ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Tran Thanh Man កំពុងដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Tran Thanh Man គ្រោងនឹងជួបសវនាកាជាមួយប្រធានរដ្ឋសភាកម្ពុជា លោកស្រី ឃួន សុដារី, ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន, នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត, ប្រធានកិត្តិយសឧត្តមប្រឹក្សាព្រះមហាក្សត្រ លោក ហេង សំរិន ព្រមទាំងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកស្រី ម៉ែន សំអន។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Tran Thanh Man ក៏នឹងចូលរួមក្នុងកិច្ចប្រជុំ ICAAP និងកិច្ចប្រជុំ IPTP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង កាលពីខែតុលា បាននិយាយថា ដោយសារមានព្រំដែនគោក-ទឹកជាប់គ្នា និងមានទំនាក់ទំនងនយោបាយល្អទៀតនោះ ធ្វើឱ្យចរាចរណ៍ទំនិញ និងមនុស្សរវាងប្រទេសទាំង ២ កើនឡើងជាបន្តបន្ទាប់។
លោកបន្តថា បច្ចុប្បន្នដោយសារនៅកម្ពុជាមិនទាន់មានឃ្លាំងស្តុក និងរោងចក្រកែច្នៃផលិតផលកសិកម្មគ្រប់គ្រាន់ ដូច្នេះនៅរដូវប្រមូលម្តងៗគឺមានឈ្មួញក្នុ្ងស្រុក និងក្រៅស្រុកជាច្រើនមកប្រមូលទិញផលិតផលកម្ពុជាទៅលក់ឱ្យប្រទេសវៀតណាម។
លោកថ្លែងថា៖«ទឹកប្រាក់ដែលបានពីការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ នឹងបន្តកើនឡើងច្រើនទៀត។ ចំនួនទឹកប្រាក់ជាក់ស្តែងអាចមានលើសពីតួលេខកត់ត្រា។ វៀតណាមគឺជាទីផ្សារសំខាន់សម្រាប់ផលិតផលកសិកម្មកម្ពុជា»។
បើតាម លោក លឹម ហេង ថា ផលិតផលសំខាន់ៗដែលកម្ពុជា នាំទៅវៀតណាម រួមមានដូចជា ស្រូវ, កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ និងចំណែកវៀតណាមនាំមកវិញ មានដូចជា សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍អេឡិចត្រូនិកអគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម។
លោកប្រាប់ទៀតថា ក្រៅពីការនាំចេញ នាំចូលទំនិញ ប្រទេសទាំង ២ ក៏ទទួលបានកំណើនភ្ញៀវទេសចររវាងគ្នាច្រើនផងដែរក្នុង ១ឆ្នាំៗ។
ក្នុងឆ្នាំ២០២៣ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៦,៥៨ពាន់លានដុល្លារ កើនឡើង ៧,៣ភាគរយបើធៀបនឹងឆ្នាំ២០២២ ដែលមាន ៥៦,១៣ពាន់លានដុល្លារ។
ក្នុងចំនួនខាងលើ គឺការនាំចេញរបស់កម្ពុជា មានចំនួន ២,៩៧ពាន់លានដុល្លារ កើនឡើង ៣៧,១ភាគរយ និងទំនិញវៀតណាមនាំមកកម្ពុជា ៣,៦១ពាន់លានដុល្លារ ធ្លាក់ចុះ ៨,៩ភាគរយ។ យោងតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា បន្តមានឱនភាពប្រមាណ ៦៣៩,៦២លានដុល្លារ ខណៈកាលពីឆ្នាំ២០២២ មានរហូតដល់ ១,៨ពាន់លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕