ភ្នំពេញ៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (កយកា-KOICA) និង​ក្រសួង​ពាណិជ្ជកម្ម​កាល​ពី​ថ្ងៃ​សុក្រ ទី​២២ ខែវិច្ឆិកា បាន​រៀបចំ​កិច្ច​ប្រជុំ​បិទ​កម្មវិធី​ដើម្បី​ពិនិត្យ​លើ​ការ​សិក្សា​ជាបឋម​នៃ​គម្រោង «មជ្ឈមណ្ឌល​គ្រប់គ្រង​ម៉ាក​ពាណិជ្ជកម្ម​ជាតិ​របស់​កម្ពុជា និង​ការអភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មាន​អាជីវកម្ម​កម្មសិទ្ធិបញ្ញា»។

ការ​សិក្សា​ជាបឋម​នៃ​គម្រោង​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ភាពជា​ដៃគូ​ជាមួយ​អ្នកជំនាញ​កូរ៉េ និង​ក្រសួងពាណិជ្ជកម្ម​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​

​វា​ក៏​ផ្ដោតលើ​ការ​ការរួមបញ្ចូល​ទិន្នន័យ​អាជីវកម្ម ទៅនឹង​ប្រព័ន្ធ​ចុះបញ្ជី​ម៉ាក និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ geographical indication (GI)  ខណៈពេលដែល​កំពុង​អភិវឌ្ឍ​មុខងារ​សេវាសាធារណៈ​ដែល​ប្រសើរឡើង​។​

​លោក អ៊ុក ប្រជា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស ក្រសួងពាណិជ្ជកម្ម បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ឌីជីថល​នានា​ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្តល់​សេវាសាធារណៈ​ជូន​សាធារណជន សំដៅ​ធានាបាន​ការផ្តល់សេវា​មាន​ភាព​រហ័ស ចំណាយពេល​វេលា​តិច កាត់បន្ថយ​ចំណាយ និង​មាន​តម្លាភាព​»​។​

យោងតាម ក​យ​កា បានឱ្យដឹងថា​៖ «​គំនិត​ផ្តួចផ្តើម​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​ទីភ្នាក់ងារ​ក​យ​កា​-KOICA ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការកសាង​អនាគត​ប្រកបដោយ​និរន្តរភាព និង​ឌីជីថល​។ ក្នុងនាម​ជា​ដៃគូ​សំខាន់​របស់​កម្ពុជា ទីភ្នាក់ងារ​ក​យ​កា​-KOICA បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា តាមរយៈ​កម្មវិធី​ផ្សេងៗ​ដែល​លើក​កំពស់​វិបុលភាព​រវាង​ប្រទេស​ទាំងពីរ​»​។​

លោកស្រី ឆ​យ មូ​ន ជុង នាយិកា ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​-KOICA) ប្រចាំ​ប្រទេស​កម្ពុជា រួមជាមួយ លោក អ៊ុក ប្រជា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ដឹក​នាំ​កិច្ចប្រជុំ​បិទ​​កម្មវិធី​ដើម្បី​ពិនិត្យ​លើ​ការសិក្សា​ជាបឋម​នៃ​គម្រោង «​មជ្ឈមណ្ឌល​គ្រប់គ្រង​ម៉ាក​ពាណិជ្ជកម្ម​ជាតិ​របស់​កម្ពុជា និង​ការអភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មាន​អាជីវកម្ម​កម្មសិទ្ធិបញ្ញា​»​។ រូបថត សហការី​

កិច្ចប្រជុំ​ដែល​ធ្វើឡើង​នៅ​ក្រសួងពាណិជ្ជកម្ម លោកស្រី ឆ​យ មូ​ន ជុង នាយិកា ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​-KOICA) ប្រចាំ​ប្រទេស​កម្ពុជា រួមជាមួយ លោក អ៊ុក ប្រជា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​។

ក​យ​កា បានឱ្យដឹងថា គម្រោង​នេះ​នឹង​ជួយ​ពង្រឹងសមត្ថភាព​គ្រប់គ្រង​ម៉ាក​ពាណិជ្ជកម្ម និង​ការកសាង​កេរ្តិ៍ឈ្មោះ​ម៉ាក​របស់​កម្ពុជា ជំរុញ​ការចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​កម្ពុជា និង​លើកកម្ពស់​ការការពារ​កម្មសិទ្ធិបញ្ញា​។​

​លោក ប្រា​ជា បាន​ថ្លែងថា គម្រោង​ដែល​គាំទ្រ​ដោយ​ទីភ្នាក់ងារ​ក​យ​កា​-KOICA ពិត​ជាមាន​សារៈសំខាន់ ក្នុងការ​ជំរុញ​ភាព​ធន់​នឹង​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ការប្រកួតប្រជែង​ជាស​កល​។

លោក​បាន​គូសបញ្ជាក់ថា គំនិត​ផ្ដួចផ្ដើម​នេះ​នឹង​ចូលរួមចំណែក​លើកស្ទួយ​កេរ្តិ៍ឈ្មោះ​ម៉ាក​របស់​ផលិតផល​កម្ពុជា​ទាំង​ក្នុង និង​ក្រៅប្រទេស៕