ផលិតផលកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជាត្រូវនាំចេញជាផ្លូវការលើកដំបូងទៅកាន់ទីផ្សារសហគមន៍អ៊ឺរ៉ប ដោយក្រុមហ៊ុន MIRARTH Agri Tech Co Ltd ខណៈរដ្ឋាភិបាល និងផ្នែកឯកជនបានចាត់ទុកជាវឌ្ឍនភាពថ្មីមួយទៀតដែលកម្ពុជាអាចនាំយកផលិតផលរបស់ខ្លួនទៅដាក់លក់នៅទីផ្សារអ៊ឺរ៉ុប។ តាមផែនការក្រុមហ៊ុន MIRARTH Agri Tech Co Ltd នឹងនាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារអ៊ឺរ៉ុប ចំនួន ២៥០តោននៅត្រឹមដំណាច់ឆ្នាំ ២០២៤ នេះ។
ក្រុមហ៊ុន MIRARTH Agri Tech Co Ltd កាលពីថ្ងៃទី២១ ខែវិច្ឆិកា បានប្រារព្ធធ្វើពិធីអបអរសាទរការនាំចេញផលិតផលកែច្នៃគ្រាប់ស្វាយចន្ទីរបស់ខ្លួន ទៅកាន់សហគមន៍អឺរ៉ុបជាលើកដំបូងដោយមានការចូលរួមពី លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ, លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ធំ និងក្រុមហ៊ុន/សមាគមន៍ស្វាយចន្ទីកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនទៀត។
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញផលិតផលកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជាជាផ្លូវការលើកដំបូងទៅទីផ្សារសហគមន៍អ៊ឺរ៉ប គឺបញ្ជាក់ពីសក្ដានុពលនៃវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។
ក្រសួងបានអះអាងថា៖«នេះជាលទ្ធផលនៃកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្មក្នុងការស្វែងរក និងធានាឱ្យបាននូវទីផ្សារអន្តរជាតិសម្រាប់ផលិតផលកម្ពុជា តាមរយៈក្រុមការងារជំរុញការនាំចេញ និងមជ្ឈមណ្ឌលសេវានាំចេញ ដែលបានកំពុងជួយបណ្ដាក្រុមហ៊ុននានារបស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពដើម្បីនាំចេញ»។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ២៥ ខែវិច្ឆិកាថា នេះជាលើកទី១ ហើយដែលផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃកម្ពុជាត្រូវបាននេះចេញជាផ្លូវការទៅទីផ្សារសហគមន៍អ៊ឺរ៉ុប។ MIRARTH Agri Tech Co Ltd គឺជាក្រុមហ៊ុនដែលមានម្ចាស់ជាវិនិយោគិនជប៉ុន ដោយរោងចក្រមានទីតាំងនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រោងចក្រនេះមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន ១៥ ០០០ តោន ក្នុង ១ ឆ្នាំ។
លោកបន្ថែមថា តម្រូវការគ្រាប់ស្វាយចន្ទីនៅទីផ្សារអន្តរជាតិ បានធ្វើឱ្យចំនួនរោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាកើនឡើងជាបន្តបន្ទាប់នារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយមានវិនិយោគិនបរទេស ពិសេសចិន និងកូរ៉េ បានមកជួយពិភាក្សាជាមួយសមាគមន៍ស្វាយចន្ទីកម្ពុជា ជាបន្តបន្ទាប់ដើម្បីសិក្សាពីលទ្ធភាពក្នុងការពង្រីកសមត្ថភាពកែច្នៃដើម្បីនាំចេញ។
លោកបានថ្លែងថា៖«MIRARTH Agri Tech Co Ltd គឺជាក្រុមហ៊ុនដែលបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃជាផ្លូវការទៅកាន់ទីផ្សារអ៊ឺរ៉ុបមុនគេ។ ការទទួលបានសិទ្ធិនាំចេញជាផ្លូវការទៅទីផ្សារអ៊ឺរ៉ុប គឺជារឿងដ៏ល្អ ព្រោះនៅពេលយើងអាចនាំចេញជាផ្លូវការទៅអ៊ឺរ៉ុប មានន័យថាគុណភាព និងភូតគាមអនាម័យផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃរបស់យើងគ្រប់តាមស្តង់ដារដែលគេចង់បាន»។
លោក ស៊ីឡុត បានប្រាប់ទៀតថា បើតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅកម្ពុជាបច្ចុប្បន្នមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ ៧០ ម៉ឺនហិកតា ក្នុងនោះផ្ទៃដីប្រហែល ៥៨ ម៉ឺនហិកតាកំពុងប្រមូលផល និងប្រហែល ១២ ម៉ឺនហិកតាទៀតជាដីទើបដាំដុះថ្មី។ ចំណែកទិន្នផលប្រមូលបាន គឺស្ថិតក្នុងចន្លោះពី ៨០ម៉ឺន-១លានតោនក្នុង ១ ឆ្នាំ។
យោងតាមទិន្នន័យសមាគមស្វាយចន្ទីកម្ពុជាគឺក្នុងរយៈពេល ១០ ខែ (មករា-តុលា) ឆ្នាំ ២០២៤ កម្ពុជាប្រមូលផលគ្រាប់ស្វាយចន្ទីស្រស់បានចំនួន ៨៤ ម៉ឺនតោន កើន ២៦ ភាគរយ ក្នុងនោះនាំចេញទៅវៀតណាមបានជាង ៧៩ ម៉ឺនតោន កើនឡើង ៣១ ភាគរយ និងទទួលបានប្រាក់ ១,១១ពាន់លានដុល្លារ កើន ៩ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
បើតាមលោក ស៊ីឡុត ការកែច្នៃផលិតផលស្វាយចន្ទីក្នុងឆ្នាំ ២០២៤ នេះបានធ្លាក់ចុះបើធៀបនឹងឆ្នាំ ២០២៣ ដោយសារកត្តាចម្បងចំនួន ២ គឺការកើនឡើងនៃតម្លៃគ្រាប់ស្វាយចន្ទីស្រស់នៅទីផ្សារអន្តរជាតិ និងបញ្ហាកង្វះទុនបង្វិលរបស់សហគ្រាសកែច្នៃក្នុងស្រុក។
ទោះយ៉ាងណា នៅឆ្នាំ២០២៥ ខាងមុខ ការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃត្រូវបានរំពឹងថានឹងមានចំនួនកើនលើសឆ្នាំ២០២៤។
លោកអះអាងថា៖«យើងមានសុទិដ្ឋិនិយមថាការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ នៅឆ្នាំ២០២៥ ខាងមុខនឹងមានច្រើនជាងឆ្នាំនេះ ដោយក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីកម្រិតស្តង់ដារអន្តរជាតិជាច្រើននឹងចាប់ផ្តើមបើកដំណើរការជាបន្តបន្ទាប់។
លោក ឡឹង គឹមស៊ាន នាយកគ្រប់គ្រងទូទៅសហគ្រាសគ្រាប់ស្វាយចន្ទីចំការលើ ឡឹង ម៉ានុត បាននិយាយថា ក្នុងឆ្នាំ២០២៤ នេះតម្លៃគ្រាប់ស្វាយចន្ទីស្រស់បានកើនឡើងច្រើនបើធៀបនឹងឆ្នាំ២០២៣ ដែលធ្វើឱ្យមានលំហូរគ្រាប់ស្វាយចន្ទីស្រស់ជាច្រើនទៅទីផ្សារប្រទេសវៀតណាម ខណៈសមត្ថភាពនៃទុនបង្វិលរបស់រោងចក្រ/សិប្បកម្មក្នុងស្រុកនៅមានកម្រិត។ ទោះយ៉ាងណា នៅឆ្នាំខាងមុខ ស្ថានភាព នៃការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅក្រៅប្រទេសអាចធ្លាក់ចុះខ្លះ ព្រោះចំនួនរោងចក្រ/សិប្បកម្មកែច្នៃនៅកម្ពុជាបានកើតមានកាន់តែច្រើន។
លោកបាននិយាយថា៖«សមត្ថភាពក្នុងការកែច្នៃ និងគុណភាពនៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជាត្រូវបានទទួលការពេញនិយមកាន់តែច្រើននៅលើទីផ្សារអន្នតរជាតិ។ ការនាំចេញគ្រាប់កែច្នៃនឹងមានចំនួនកាន់តែច្រើន»៕