វិស័យដឹកជញ្ជូនផ្លូវអាកាសកម្ពុជាបានបង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់ ដោយក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៤ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ ទទួលបានជើងហោះហើរចេញ-ចូល(ទ្វេទិស)សរុបជាង ៤,៧ ម៉ឺនជើង កើនឡើងជាង ១០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ខណៈភ្ញៀវឆ្លងកាត់មានចំនួនជិត ៥ លាននាក់។
ទិន្នន័យដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី២៤ ខែវិច្ឆិកា បង្ហាញថា ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅតាមអាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជារួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, សៀមរាប និងខេត្តព្រះសីហនុ បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយចន្លោះពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ ចំនួនជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនសរុប ៤៧ ៤៤៧ ជើង កើនឡើង ១៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ ចំណែកអ្នកដំណើរ ចេញ-ចូល(ទ្វេទិស) មានសរុប ៤ ៩៧៨ ៦៦៣ នាក់ កើនឡើង ២១ ភាគរយ និងទំនិញតាមផ្លូវអាកាសចេញ-ចូល(ទ្វេទិស) មានជាង ៦,៣ម៉ឺនតោន កើនឡើង ៣៧ ភាគរយ។
ទិន្នន័យបានឱ្យដឹងទៀតថា សម្រាប់ខែតុលា ឆ្នាំ ២០២៤ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ ទទួលបានជើងហោះហើរ ចេញ-ចូល(ទ្វេទិស) ចំនួន ៤ ៧៩៩ ជើង កើនជាង ១០ ភាគរយបើធៀបនឹងខែតុលា ឆ្នាំ ២០២៣ ចំណែកអ្នកដំណើរចេញ-ចូល(ទ្វេទិស) ចំនួន ៥៣០ ៩៨៨ នាក់ កើនជិត ២០ ភាគរយ និងទំនិញតាមផ្លូវអាកាស(ទ្វេទិស) មានចំនួន ៦,៦៧ ពាន់តោន កើនជាង ១៧ ភាគរយ។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៥ ខែវិច្ឆិកាថា ចំនួនជើងហោះហើរ និងបរិមាណទំនិញដឹកតាមផ្លូវអាកាសពិតជាកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប្រមាណ ២ ឆ្នាំកន្លងមកនេះ គឺបន្ទាប់ពីការធ្លាក់ចុះស្ទើរដល់សូន្យកាលពីអំឡុងឆ្នាំ២០២០-២០២២ ដោយសារក្តីបារម្ភពីការរីករាលដាលជំងឺកូវីដ១៩។ ចំនួននេះនឹងកើនឡើងបន្ថែមទៀតក្នុងឆ្នាំ២០២៥ ខាងមុខ។
លោកលើកឡើងថា នៅពេលសេដ្ឋកិច្ចពិភពលោកមានដំណើរការល្អ ការវិនិយោគ និងការធ្វើដំណើរទេសចរណ៍នឹងកើនឡើង ដូច្នេះតម្រូវការយន្តហោះ និងយានយន្តក៏នឹងកើនឡើងដែរ។
លោកបានថ្លែងថា៖«រហូតមកដល់ពេលនេះខ្ញុំមិនទាន់មើលឃើញមានហេតុផល ឬសញ្ញាណាដែលនាំឱ្យការធ្វើដំណើរ និងដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជាធ្លាក់ចុះទេនៅឆ្នាំ២០២៥ ខាងមុខ ខណៈទីផ្សារនាំចេញទំនិញកម្ពុជា នឹងមានបរិមាណ ព្រមទាំងគោលដៅទៅប្រទេសកាន់តែច្រើន។ ការនាំចេញកាន់តែច្រើន ចំនួនទំនិញដឹកតាមយន្តហោះនឹងមានកាន់តែច្រើន»។
ចំណែកប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បាននិយាយថា ចំនួនជើងហោះហើរ និងភ្ញៀវបរទេសដែលធ្វើដំណើរមកកម្ពុជាពិតជាកើនឡើងនារយៈពេលជិត ១ ឆ្នាំនេះ បើធៀបនឹងឆ្នាំ ២០២៣ ហើយចំនួននេះនឹងបន្តកើនឡើងទៀតក្នុងឆ្នាំ២០២៥ ខាងមុខ ប្រសិនបើពិភពលោកមិនទទួលរងការគំរាមកំហែងពីវិបត្តិណាមួយដូចជា ជំងឺកូវីដ១៩ និងបញ្ហាជម្លោះភូមិសាស្រ្តនយោបាយរបស់ប្រទេសនានា។
លោកបន្តថា ទោះយ៉ាងណាចំនួនជើងហោះហើរនៅពេលនេះ គឺនៅតិចជាងមុនពេលមានវត្តមានជំងឺកូវីដ១៩ ដោយពេលនោះព្រលានយន្តហោះខេត្តសៀមរាប គឺមានយន្តហោះអន្តរជាតិមកពីច្រើនគោលដៅចុះចត ពិសេសមកពីប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសចិន។
លោកនិយាយថា៖«ប្រសិនបើកម្ពុជាមានជើងហោះត្រង់ពីតាមបណ្តាទីក្រុងនៃប្រទេសនានាកាន់តែច្រើន វានឹងជួយឱ្យកម្ពុជាទទួលបានភ្ញៀវទេសចរកាន់តែច្រើនដែរ»។
អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា លោក ស៊ីន ចាន់សិរីវុត្ថា កាលពីពេលខែតុលា បានប្រាប់ភ្នំពេញប៉ុស្តិ៍ ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាកំពុងខិតខំយ៉ាងខ្លាំងក្នុងការតភ្ជាប់ជើងហោះជាមួយប្រទេសនានាលើពិភពលោក។ ជាក់ស្តែងថ្មីៗនេះ កម្ពុជា និងប្រទេសតួកគីក៏កំពុងឈានទៅបើកដំណើរការជើងហោះហើរជាមួយគ្នាផងដែរ។ ក្រៅពីនេះ ចំនួនជើងហោះហើររវាងទីក្រុងនៃប្រទេសនានាជាមួយទីក្រុងនានាកម្ពុជាក៏កំពុងកើនឡើងផងដែរនាពេលនេះ។
លោកបន្ថែមថា ក្រៅពីការខិតខំបង្កើត និងពង្រីកជើងហោះហើរ កម្ពុជាក៏បាននិងកំពុងកសាងព្រលានយន្តហោះថ្មី និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើនដើម្បីបង្កភាពងាយស្រួល និងអាចទទួលបានភ្ញៀវទេសចរកាន់តែច្រើន។
ទិន្នន័យក្រសួងទេសចរណ៍ បង្ហាញថា រយៈពេល ៣ ត្រីមាសដំបូង ឆ្នាំ ២០២៤ កម្ពុជាទទួលបានទេសចរបរទេសចំនួន ៤,៨ លាននាក់ កើនឡើង ២២,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣៕