លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរៀបរាប់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការគាំទ្រអ្នកវិនិយោគិនបរទេស និងលើកទឹកចិត្តឲ្យពួកគេចូលរួមក្នុងដំណើរការផ្លាស់ប្ដូរកម្ពុជា ទាំងផ្នែកបច្ចេកវិទ្យា ថាមពលបៃតង នវានុវត្តន៍ឌីជីថល និងការបណ្ដាក់ទុកផ្សេងៗ។
លោកបានចូលរួមបើក «កិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក (GCET) ឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា» ដែលពីមុនមានឈ្មោះថា «កិច្ចប្រជុំសេដ្ឋកិច្ចពិភពលោករបស់ចិន» នៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី២៦ ខែវិច្ឆិការនេះ។
កិច្ចប្រជុំកំពូលនេះធ្វើឡើងដើម្បីតភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលនិងធុរកិច្ច និងអ្នកជំនាញផ្សេងៗ និងជាឱកាសក្នុងការតភ្ជាប់ទំនាក់ទំនងសហគ្រិនជាមួយនឹងវិនិយោគិនចិន ក៏ដូចជាអ្នកវិនិយោគិននៅក្នុងប្រទេសនៃកិច្ចព្រមព្រៀង RCEP និងរវាងលោកខាងកើត និង លោកខាងលិច។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលរបស់លោកលើកកម្ពស់ធុរកិច្ច និងវិនិយោគិន ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា និងនវានុវត្តន៍ តាមរយៈការបង្កើតឱកាសអំណោយផលដែលធ្វើឲ្យធុរកិច្ចមានការរីកចម្រើន នវានុវត្តន៍មានភាពជឿនលឿន ហើយកំណើនសេដ្ឋកិច្ចទទួលបានការថែទាំ។
លោកថា ឧតម្តភាពពិសេសរបស់ប្រទេសកម្ពុជាដែលខុសប្លែកពីប្រទេសផ្សេងៗក្នុងតំបន់គឺ សន្តិភាព និងស្ថិរភាព និង មានសេដ្ឋកិច្ចសេរី និងបើកចំហបំផុតនៅអាស៊ី។
លោកថ្លែងថា៖«ទាំងនេះមិនមែនគ្រាន់តែជាពាក្យរបស់ខ្ញុំទេ គោលនយោបាយទាំងនេះត្រូវបានចែងយ៉ាងពេញលេញនៅក្នុងការប្ដេជ្ញាចិត្តរបស់នៅជាមួយអង្គការពាណិជ្ជកម្មពិភពលោក និងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិរបស់យើង។ ជាឧទាហរណ៍ យើងបានផ្ដល់ភាពជាម្ចាស់នៃអាជីវកម្ម មិនការរឹតបន្តឹងលើប្រាក់ចំណេញ និងការផ្ញើរប្រាក់ដើមទុនត្រឡប់ទៅវិញនោះទេ»។
លោកបន្តថា កម្ពុជាមានកម្មវិធីលើកទឹកចិត្តខ្ពស់ដែលមានភាពទន់ភ្លន់ខ្លាំងក្នុងតំបន់ ដែលត្រូវបានរចនាឡើងដើម្បីជួយឲ្យអាជីវកម្ម និងការវិនិយោគមានការរីកចម្រើន។ នៅពេលវិនិយោគលើឧស្សាហកម្ម បច្ចេកវិទ្យា និងកម្មន្តសាល រដ្ឋាភិបាលផ្ដល់នូវអត្ថប្រយោជន៍បន្ថែមយ៉ាងច្រើនដើម្បីជួយឲ្យអាជីវកម្មរបស់ពួកគេរីកចម្រើន។
បើក្រឡេកមើលលើទីផ្សារវិញ កម្ពុជាស្ថិតនៅក្នុងកិច្ចព្រមព្រៀងជាច្រើនដែលផ្ដល់វិសាលភាពទីផ្សារយ៉ាងធំដល់អ្នកវិនិយោគ ដូចជា កិច្ចព្រមព្រៀង RCEP ដែលមានប្រជាជន ២,៣ពាន់លាននាក់ និងកិច្ចព្រមព្រៀងទ្វេភាគីផ្សេងទៀត ដូចជា ជាមួយចិន និងកូរ៉េ និងការបើកច្រកទីផ្សារទៅប្រទេសផ្សេងៗតាមរយៈកិច្ចព្រមព្រៀងជាមួយអេមីរ៉ាតអារ៉ាប់រួម។
នៅឆ្នាំ២០៥០ កម្ពុជានឹងសម្រេចបានអព្យាក្រឹត្យភាពកាបោន។ បច្ចុប្បន្ននេះ កម្ពុជាសម្រេចបានថាមពលកកើតឡើងវិញជាង ៦០ភាគយហើយ។ នៅឆ្នាំ ២០៣០ ថាមពលកកើតឡើងវិញនឹងសម្រេចបាន ៧០ភាគរយ។ ទាំងនេះគឺជាការផ្ញើសារប្រាប់អ្នកវិនិយោគិនថា ការវិនិយោគនៅកម្ពុជា មិនមែនត្រឹមតែជាការជ្រើសរើសកន្លែងប៉ុណ្ណោះទេ ប៉ុន្តែពួកគេកំពុងក្លាយជាតួអង្គក្នុងការកសាងនយោបាយអនាគតប្រកបដោយចិរភាពផងដែរ។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត។
លោកបញ្ជាក់ថា៖«ខ្ញុំសុំប្ដេជ្ញាផ្ទាល់ខ្លួនថា រដ្ឋាភិបាលខ្ញុំនឹងបន្តគាំទ្រដល់ជោគជ័យរបស់ភ្ញៀវទាំងអស់គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។ ទ្វាររបស់យើងតែងតែបើកចំហរ ហើយយើងនៅតែរក្សាគោលការណ៍ដែលអាចព្យាករបាន។ ការប្ដេជ្ញារបស់យើងចំពោះអាជីវកម្មរបស់អ្នកមិនមានការផ្លាស់ប្ដូរទេ។ ដូច្នេះហើយ ខ្ញុំសូមអញ្ជើញភ្ញៀវទាំងអស់ដើម្បីក្លាយជាផ្នែកមួយនៃដំណើរការផ្លាស់ប្ដូរកម្ពុជា មិនថាក្នុងផ្នែកបច្ចេកវិទ្យា ថាមពលបៃតង នវានុវត្តន៍ឌីជីថល ឬការបណ្ដាក់ទុនផ្សេងទៀតនោះទេ កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាដៃគូក្នុងភាពជោគជ័យរបស់អ្នក។
លោកបន្តថា៖ «សូមចូលរួមជំពូកបន្ទាប់នៃអច្ឆរិយភាពសេដ្ឋកិច្ចអាស៊ីក្នុងប្រទេសកម្ពុជា។ យើងរួមគ្នាកសាងអនាគតប្រកបដោយនិរន្តរភាព និងវិបុលភាពបន្ថែម សម្រាប់យើងទាំងអស់គ្នា»។
លោក Tan Sri Michael Yeoh ប្រធានរៀបចំកិច្ចប្រជុំកំពូល GCET និងជាប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (KSI) បានថ្លែងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងក្នុងចំណោមប្រទេសនានា ជាពិសេសនៅលោកខាងត្បូង ដើម្បីបង្កើតទំនាក់ទំនងក្នុងការកសាងសហគមន៍រួម ជឿជាក់ទៅវិញទៅមក គោរពនិងទទួលបានផលប្រយោជន៍រៀងៗខ្លួន។
លោកថា៖«ចិនគឺជាប្រទេសនាំមុខគេក្នុងបច្ចេកវិទ្យាឌីថល និងបៃតង និងជួយអាស៊ាន និងលោកខាតត្បូងលើការធ្វើបរិវត្តកម្មឌីជីថល និងផ្លាស់ប្ដូរបៃត ដែលជាគោលដៅ និងយុទ្ធសាស្ត្រអាទិភាពនៃវេទិការនេះ។
លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា កិច្ចប្រជុំកំពូល GCET ត្រូវបានរៀបចំឡើងនៅកម្ពុជា ពីព្រោះកម្ពុជាស្ថិតនៅកណ្ដាលនៃតំបន់អាស៊ាន និងមានការរីកចម្រើនឆាប់រហ័ស។
លោកថា កម្ពុជាគឺជាដៃគូដ៏គួរឲ្យទុកចិត្ត និងជាចំណុចទាក់ទាញសម្រាប់វិនិយោគិនចិនក្នុងការវិនិយោគនិងបើកធុរកិច្ចនៅក្រៅប្រទេស៕