អ្នកជំនាញនៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន បានអះអាងថា អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) TIA នឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតបរិយាកាសងាយស្រួលដល់ភ្ញៀវទេសចរ អ្នកវិនិយោគ និងការដឹកជញ្ជូនទំនិញ ខណៈវឌ្ឍនភាពការសាងសង់រហូតដល់ពេលនេះសម្រេចបានជាង ៩០ ភាគរយ និងបានចំណាយប្រាក់អស់ជាង ១,៣ ពាន់លានដុល្លារ។
អាកាសយានដ្ឋានអន្តរជាតិតេជោ មានទីតាំងស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ដោយមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញ ។
អាកាសយានដ្ឋាននេះសាងសង់លើផ្ទៃដី ២ ៦០០ហិកតា ដែលជាការវិនិយោគរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC។ អាកាសយានដ្ឋានថ្មីនេះ(លំដាប់ 4F) អាចអនុញ្ញាតឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោកដូចជា យន្តហោះប៊ូអ៊ីង ៧៤៧-៨០០ និងអ៊ែប៊ូស អេ៣៨០-៨០០ ចុះចតបាន។
តាមផែនការការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺមាន ៣ ដំណាក់កាល ដោយដំណាក់កាលទី ១ ក្រុមហ៊ុនសាងសង់ផ្លូវរត់ចម្ងាយ ៤ គីឡូម៉ែត្រសម្រាប់ចុះចតយន្តហោះខា្នតធំប្រភេទ 4F ដែលមានសមត្ថភាពទទួលអ្នកដំណើរបានជាង ១៥ លាននាក់ក្នុង ១ ឆ្នាំ នៅត្រឹមឆ្នាំ ២០៣០។
ចំណែកដំណាក់កាលទី ២ ក្រុមហ៊ុននឹងពង្រីកសាងសង់ផ្លូវរត់ចំនួន ២ ស្របគ្នាដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៣០ លាននាក់ ក្នុង ១ ឆ្នាំ នៅឆ្នាំ ២០៥០ និងដំណាក់កាលទី ៣ ចាប់ពីឆ្នាំ ២០៥០ តទៅ ក្រុមហ៊ុននឹងបន្តបន្ថែមសាងសង់ផ្លូវរត់ទី ៣ ដើម្បីទទួលអ្នកដំណើរឱ្យបាន ៤៥ លាននាក់ក្នុង ១ ឆ្នាំ។
ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងបោះជំហានទៅមុខយ៉ាងរលូន
អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា(SSCA) លោក ស៊ីន ចាន់សិរីវុត្ថា បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ២៦ ខែវិច្ឆិកា ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងដំណើរការទៅមុខយ៉ាងរលូន ដោយគិតត្រឹមថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ការងារសាងសង់ជារួមសម្រេចបានជាង ៩០ ភាគរយ។ ចំណែកទឹកប្រាក់ដែលបានចំណាយមកដល់ពេលនេះអស់ប្រមាណជាង ១,៣ ពាន់លានដុល្លារក្នុងគម្រោងចំណាយសរុប ១,៥ ពាន់លានដុល្លារដែលស្ថិតក្នុងដំណាក់កាលទី ១)។
លោកបន្តថា កំណើនជើងហោះហើរនៅកម្ពុជាក្នុងឆ្នាំ ២០២៤ ធៀបនឹងឆ្នាំ២០២៣ គឺស្ថិតនៅចន្លោះពី ១០-២០ ភាគរយ។
លោកបន្ថែមថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជានឹងកាន់តែប្រសើរនៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់បើកដំណើរការ ពីព្រោះអាកាសយានដ្ឋាននេះមានភាពទំនើបទាន់សម័យ និងអាចទទួលការចុះចតបាននូវប្រភេទយន្តហោះធំៗ ព្រមទាំងមានស្ថានីយដឹកជញ្ជូនអ្នកដំណើរ និងឃ្លាំងស្តុកទំនិញដែលមានលក្ខណៈស្តង់ដារអន្តរជាតិទៀតផង។
លោកបានថ្លែងថា៖«អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាមេដែកក្នុងការឆក់យកនូវអ្វីដែលវិស័យដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជាមិនទាន់មានពីមុនឱ្យចូលមកកម្ពុជាបានកាន់តែច្រើន»។
បើតាមលោក ចាន់សិរីវុត្ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងខិតខំយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃវិស័យដឹកជញ្ជូន និងទេសចរណ៍កម្ពុជា ព្រមទាំងបានចុះកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាច្រើនជាមួយរដ្ឋាភិបាល និងសមាគម ឬក្រុមហ៊ុននៃប្រទេសនានាដើម្បីជួយផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនបរទេស និងភ្ញៀវទេសចរឱ្យចូលមកកម្ពុជាកាន់តែច្រើន។
លោកលើកឡើងទៀតថា៖«ទោះយ៉ាងណាកម្ពុជាក៏ត្រូវខិតខំក្នុងការពង្រឹងសេវាកម្មតាមផ្លូវអាកាសរបស់ខ្លួនឱ្យកាន់តែប្រសើរដែរ»។
យោងតាមរបាយការណ៍របស់ SSCA ការងារសំណង់ធំៗ និងសំខាន់ៗក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោនឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២៤ នេះ ហើយបើគ្មានអ្វីប្រែប្រួលអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅពាក់កណ្តាលឆ្នាំ ២០២៥(ដំណាច់ឆមាសទី ១)។ បច្ចុប្បន្នមានបុគ្គលិក កម្មករ វិស្វករ និងអ្នកគ្រប់គ្រងដែលកំពុងបម្រើការក្នុងការដ្ឋាននេះចំនួនជាង ១៥ ០០០នាក់ (ជនជាតិខ្មែរ ៩០ ភាគរយ)។
អាកាសយានដ្ឋានតេជោ នឹងបង្កភាពងាយស្រួលកាន់តែច្រើនសម្រាប់ភ្ញៀវទេសចរ
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បានប្រាប់ថា វឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជារឿងល្អសម្រាប់វិស័យទេសចរណ៍កម្ពុជា ដោយសារអាកាសយានដ្ឋានថ្មីនេះមានទំហំធំជាង និងទំនើបជាងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលកំពុងប្រើប្រាស់នាពេលនេះ។ កម្ពុជានឹងមានឱកាសទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិល្បីៗឱ្យហោះត្រង់មកកម្ពុជាកាន់តែច្រើន ប្រសិនបើស្ថានភាពភូមិសាស្រ្តនយោបាយពិភពលោកល្អប្រសើរជាងពេលបច្ចុប្បន្ន។
លោកថ្លែងថា៖«នៅពេលអាកាសយានដ្ឋានថ្មីបើកដំណើរការវានឹងទាក់ទាញចំណាប់អារម្មណ៍ក្រុមហ៊ុនអាកាសចរណ៍ធំៗនៅលើពិភពលោកឱ្យងាកមកមើលកម្ពុជា និងហោះមកកម្ពុជាកាន់តែច្រើន»។
លោកបន្តថា ទោះយ៉ាងណា ការទាក់ទាញឱ្យក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចូលមកបានកម្រិតណានោះ ក៏អាស្រ័យទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យទេសចរណ៍ ដូចជាការផ្តល់ភាពអនុគ្រោះទិដ្ឋាការ ក្រមសីលធម៌របស់អ្នកបម្រើសេវាកម្មនៅតាមអាកាសយានដ្ឋាន ព្រមទាំងការគ្រប់គ្រងជនបរទេសដែលមួយចំនួនកំពុងបង្កបញ្ហាអសកម្ម ដែលនាំឱ្យមានការផ្សព្វផ្សាយមិនល្អពីកម្ពុជានៅលើឆាកអន្តរជាតិ។
ទិន្នន័យក្រសួងទេសចរណ៍ បង្ហាញថា រយៈពេល ៣ ត្រីមាសដំបូង ឆ្នាំ ២០២៤ កម្ពុជាទទួលបានទេសចរបរទេសចំនួន ៤,៨ លាននាក់ កើនឡើង ២២,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។
ឆ្នាំ ២០១៩ ត្រូវបានចាត់ទុកជាឆ្នាំកំពូលនៃវិស័យទេសចរណ៍កម្ពុជា ដោយមានភ្ញៀវទេសចរបរទេសចំនួន ៦,៦១ លាននាក់ និងទទួលបានចំណូល ៤,៩២ លានដុល្លារ។ ទឹកប្រាក់នេះ គឺបានចូលរួមប្រមាណ ១២,១ ភាគរយនៃផលិតផលក្នុងស្រុកសរុប។
ចរាចរណ៍ទំនិញនឹងមមាញឹកជាងមុន ពិសេសការនាំចេញផលិតផលកសិកម្មស្រស់ទៅទីផ្សារអន្តរជាតិ
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បាននិយាយថា នៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរការវានឹងផ្តល់ផលចំណេញច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា តាមរយៈកំណើនវិស័យដឹកជញ្ជូនទៅកាន់គោលដៅឆ្ងាយៗ និងវិស័យទេសចរណ៍។ អាកាសយានដ្ឋានថ្មីនេះ នឹងក្លាយជាកម្លាំងចលករក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានទៅមុខកាន់តែលឿន។
លោកបន្តថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូន ពីព្រោះវិស័យដឹកជញ្ជូន គឺជាផ្នែកដ៏សំខាន់ដែលជួយបង្កើនសក្តានុពលក្នុងការទាក់ទាញអ្នកវិនិយោគ ក៏ដូចជាភ្ញៀវទេសចរឱ្យធ្វើដំណើរមកកម្ពុជា។ វាក៏ជាផ្នែកសំខាន់ក្នុងការជួយធ្វើឱ្យថ្លៃដើមផលិតទំនិញនៅកម្ពុជាចុះទាបជាងមុន ដើម្បីផ្តល់ឱកាសឱ្យទំនិញទាំងអស់នោះអាចប្រកួតប្រជែងជាមួយទំនិញរបស់ប្រទេសផ្សេងៗលើទីផ្សារអន្តរជាតិ។
លោកអះអាងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនកាន់តែប្រសើរ ព្រោះនៅពេលវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរីកចម្រើន ការដឹកជញ្ជូនទំនិញទៅក្រៅប្រទេស ពិសេសផលិតផលកសិកម្មនឹងមានកាន់តែច្រើន។ ជាក់ស្តែងប្រទេសជិតខាងយើង គឺគេតែងប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់នាំចេញផលិតផលកសិកម្មស្រស់ ទៅទីផ្សារអន្តរជាតិ។ ការនាំចេញកសិផលស្រស់ដោយផ្ទាល់ នឹងជួយឱ្យកម្ពុជាទទួលបានប្រាក់ចំណូលច្រើនជាងការលក់ទៅឱ្យគេ(ប្រទេសជិតខាង) ដើម្បីនាំចេញបន្ត»។
ចំណែកប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បាននិយាយថា អាកាសយានដ្ឋានថ្មី ប្រាកដជាអាចទាក់ទាញចរន្តនៃការធ្វើដំណើរតាមផ្លូវអាកាសកើនឡើង ហើយចំនួនយន្តហោះធំៗនឹងចុះចតកាន់តែច្រើនជាងមុន។ នៅពេលការដឹកជញ្ជូនមានកាន់តែច្រើន តម្លៃដឹកជញ្ជូនក៏នឹងចុះទាបជាមុនដែរ។
លោកលើកឡើងថា៖«ការហោះហើរត្រង់ពីគោលដៅប្រទេសឆា្ងយៗដែលប្រើប្រាស់យន្តហោះធំៗមកកម្ពុជានឹងមានចំនួនកាន់តែច្រើន ហើយវិស័យដឹកជញ្ជូនទំនិញ និងមនុស្សនឹងមានកាន់តែច្រើន»។
តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញអន្តរជាតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ ការនាំចេញ-ចូលទំនិញរវាងកម្ពុជាជាមួយប្រទេសដៃគូពាណិជ្ជកម្មទាំងអស់មានទឹកប្រាក់សរុប ៤៥,0៦ ពាន់លានដុល្លារ កើនឡើង ១៦,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានចំនួន ៣៨,៦៧ ពាន់លានដុល្លារ។
ក្នុងនោះទឹកប្រាក់នាំចេញទំនិញរបស់កម្ពុជា មានចំនួន ២១,៥៧ ពាន់លានដុល្លារ កើនឡើង ១៦ ភាគរយពីចំនួន ១៨,៥៩ ពាន់លានដុល្លារ និងទំនិញនាំចូលពីទីផ្សារអន្តរជាតិ មានចំនួន ២៣,៤៩ ពាន់លានដុល្លារ កើនឡើង ១៦,៥ ភាគរយពីចំនួន ២០,០៧ ពាន់លានដុល្លារ៕