ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) អនុម័ត​ប្រាក់​កម្ចី​ ៥០ លាន​ដុល្លារ​​ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ឱ្យ​បរិយាកាស​ធុរកិច្ច​កាន់​តែ​ងាយ​ស្រួល​សម្រាប់​ការ​វិនិយោគ​លើក​កម្ពស់​អាជីវកម្ម​ឱ្យ​កាន់​តែ​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ខ្ពស់ និង​បន្ធូរ​បន្ថយ​របាំង​ពាណិជ្ជកម្ម។

កម្ចី​នេះ​ស្ថិត​នៅ​ក្រោម​កម្មវិធី​មួយ​នៃ​កម្មវិធី​ពាណិជ្ជកម្ម​និង​សមត្ថភាព​ប្រកួត​ប្រជែង ដែល​ជួល​ដល់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើន​ការ​វិនិយោគ​ពី​វិស័យ​ឯកជន ដើម្បី​សម្រេច​បាន​កំណើន​កាន់​តែ​ខ្ពស់ ប្រកប​ដោយ​បរិយាបន្ន និង​មាន​ចីរភាព ដើម្បី​លើក​កម្ពស់​ជីវភាព​រស់​នៅ និង​មុខ​របរ​របស់​ប្រជាពលរដ្ឋ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ ADB​ នៅ​ថ្ងៃ​នេះ។

បើ​តាម​ ADB មាន​ឧបសគ្គ​ចម្បង​ចំនួន​បី​ដែល​បង្ក​ជា​បញ្ហា​ប្រឈម​ទ្រង់​ទ្រាយ​ធំ​សម្រាប់​ការ​អភិវឌ្ឍ​របស់​កម្ពុជា ដែល​ឧបសគ្គ​ទាំង​នោះ​រួម​មាន បរិយាកាស​សម្រាប់​ការ​វិនិយោគ និង​អាជីវកម្ម​ដែល​មិន​ទាន់​ដំណើរ​ការ​ល្អ ​សហគ្រាស​ធុនមីក្រូ តូច និងមធ្យម មិន​ទាន់​សូវ​រីក​ចម្រើន និង ​នៅ​មាន​របាំង​មួយ​ចំនួន​សម្រាប់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន។ បញ្ហា​ទាំង​នេះ​កាត់​បន្ថយ​ផលិតភាព និង​សមត្ថភាព​ប្រកួត​ប្រជែង និង​រារាំង​សេដ្ឋកិច្ច​មិន​ឲ្យ​សម្រេច​បាន​នូវ​សក្តានុពល​កំណើន​ពេញ​លេញ។

លោកស្រី ​Jyotsana Varma ​នាយិកា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា កម្មវិធី​នេះ​គាំទ្រ​ដល់​ការ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​របស់ ​ADB ក្នុង​ការ​ជំរុញ​សក្តានុពល​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​ធ្វើ​ឱ្យ​អាជីវកម្ម​កាន់​តែ​រីក​ចម្រើន នាំមក​នូវ​ការ​វិនិយោគ​ និង​ឱកាស​ការងារ​កាន់​តែ​ច្រើន និង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព។

លោកស្រី​ថា កម្មវិធី​នេះ​ផ្តោត​លើ​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ឬ ​MSMEs ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ចជាតិ។

លោកស្រី​ថ្លែង​ថា៖ «ជាមួយ​ប្រាក់​បន្ថែម​ពិសេស​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​សហគ្រាស​គោលដៅ​មួយ​ចំនួន យើង​មាន​គោល​បំណង​ជំរុញ​សហគ្រាស​ទាំង​នោះ​ក្នុង​ការ​ធ្វើ​ពិពិធកម្ម ​ប្រើ​ប្រាស់​ជម្រើស​ឌីជីថល និង​បង្កើន​ផលិតភាព។ កម្មវិធី​នេះ​ក៏​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ឱ្យ​កាន់​តែ​រលូន ​និង​មាន​ប្រសិទ្ធភាព​ជាង​មុនតាម​រយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ក្រប​ខ័ណ្ឌ​បទប្បញ្ញត្តិ សម្រួល​នីតិវិធី និង​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​ប្រទេស​កម្ពុជា​ជ្រៀត​ចូល​ក្នុង​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក»។

កម្ចី​នេះ​នឹង​ជួយ​សម្រួល​សហគ្រាស​ធុនមីក្រូ តូច និង​មធ្យម ប្រមាណ​ ៥ម៉ឺន​ ឱ្យ​បាន​ចុះ​បញ្ជី​ជា​ផ្លូវការ​ក្នុង​ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម​អនឡាញ ហើយ​ទទួល​បាន​អាជ្ញាប័ណ្ណ​អាជីវកម្ម វិញ្ញាបនបត្រ និង​លិខិត​អនុញ្ញាត​ចាំបាច់​តាម​ប្រព័ន្ធ​ឌីជីថល នៅ​ត្រឹម​ឆ្នាំ​២០២៧៕