ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ម្ចាស់​អាជីវកម្ម​ដែល​មាន​បំណង​ចង់​កែប្រែ​ព័ត៌មាន​អំពី​ក្រុមហ៊ុន សហគ្រាស​ខ្លួន​ដែល​បាន​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេក​វិទ្យាព័ត៌មាន​(Single Portal) រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជាផ្លូវការ​នូវ​មុខងារ​ធ្វើ​បច្ចុប្បន្នកម្ម​ព័ត៌មាន​ដែល​បាន​ចុះ​បញ្ជី​នា​ពេល​កន្លង​មក។

ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់​កាល​ទី ​១ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវ​ការ​កាលពី​ថ្ងៃទី​ ១៥ ខែ​មិថុនា ឆ្នាំ​ ២០២០ ដោយ​រួមមាន​ក្រសួង​ស្ថាប័ន​រដ្ឋ​ចំនួន ៦​ គឺ​ក្រសួងមហាផ្ទៃ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​ពាណិជ្ជកម្ម​, ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, អគ្គ​នាយកដ្ឋាន​ពន្ធដារ​, និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

ក្រោយ​មក​រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ដំណាក់​កាល ទី ២ នៅ​ថ្ងៃទី ​១៥ ខែកញ្ញា ឆ្នាំ​ ២០២១ និង​ដំណាក់​កាល ទី​ ៣ កាលពី​ថ្ងៃទី​ ២២ ខែមិថុនា ឆ្នាំ​ ២០២៣ ដោយ​បាន​បញ្ចូល​ក្រសួង​-​ស្ថាប័ន​មួយ​ចំនួន​បន្ថែម​ទៀត។​ ជាបន្ត​បន្ទាប់មក​ទៀត​ក្នុង​ន័យ​ពង្រីក​បន្ថែម​ការ​គ្រប​ដណ្តប់​លើ​សិទ្ធិ​សម្រេច​ក្នុង​ការ​ផ្តល់​អាជ្ញាបណ្ណ លិខិត​អនុញ្ញាត និង​វិញ្ញាបនបត្រ ផ្អែក​លើ​សកម្មភាព​អាជីវកម្ម​តាម​វិស័យ​នានា ក្រោម​ការ​ចូលរួម​របស់​ក្រសួង ស្ថាប័ន​ចំនួន ២១ ជាមួយ​នឹង​ការ​បញ្ចូល​សេវា​សាធារណៈ សរុប​ចំនួន ៣៣។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​«ការ​ដាក់​ដំណើរការ​នូវ​មុខងារ​ចុះ​បញ្ជី​កែប្រែ​ព័ត៌មាន​ក្រុមហ៊ុន សហគ្រាស ដំណាក់​កាល​ទី ២ លើ​ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម​តាមថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន» កាល​ពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឱ្យ​ដឹង​ថា ក្រុម​ការងារ​អន្តរក្រសួង​រៀបចំ​សេវា​អេឡិចត្រូនិក​សម្រាប់​ធុរកិច្ច ក្រោម​កិច្ច​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង ​ស្ថាប័ន​ពាក់ព័ន្ធ ដែល​រួមមាន ក្រសួង​ពាណិជ្ជកម្ម, អគ្គ​នាយកដ្ឋាន​ពន្ធដារ, ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មុខងារ​ធ្វើ​បច្ចុប្បន្នកម្ម​ព័ត៌មាន​ក្រុមហ៊ុន សហគ្រាស ក្នុង​ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​(Single Portal) ដំណាក់កាល​ទី ២ ចំនួន ៦ មុខងារ។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖​«​មុខងារ​ថ្មី​ទាំង ៦ នេះ​គឺ​បំពេញ​បន្ថែម​លើ​មុខងារ​ធ្វើ​បច្ចុប្បន្នកម្ម​ព័ត៌មាន​ក្រុមហ៊ុន សហគ្រាស ចំនួន ៥ ដែល​បាន​ដាក់​ដំណើរការ​រួច​ហើយ​កាល​ពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៤ កន្លងទៅ។ កិច្ចការ​នេះ​បាន​បង្ហាញ​ពី​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជំរុញ​លើក​កម្ពស់​ការ​ធ្វើ​ឌីជីថលូបនីយកម្ម​សេវាសាធារណៈ សំដៅ​បង្ក​បរិយាកាស​អំណោយផល​ដល់​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា និង​បង្កើន​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ដោយ​ផ្អែក​លើ​គោលការណ៍​សំខាន់ ៣ រួមមាន ១-ការ​កាត់​បន្ថយ​ចំណាយ, ២-​ការ​កាត់​បន្ថយ​ថិរវេលា, និង ៣-​ការ​កាត់​បន្ថយ​នីតិវិធី​ស្មុគស្មាញ»។

យោង​តាម​សេចក្តី​ប្រកាស មុខងារ​ទាំង ៦ ខាង​លើ រួម​មាន ១-មុខងារ​កែប្រែ​នាមករណ៍​ក្រុមហ៊ុន សហគ្រាស, ២-​មុខងារ​កែប្រែ​ព័ត៌មាន​លម្អិត​អភិបាល, ៣-​មុខងារ​កែប្រែ​ព័ត៌មាន​លម្អិត​ម្ចាស់​សហគ្រាស, ៤-​មុខងារ​កែប្រែ​ព័ត៌មាន​លម្អិត​ម្ចាស់​ភាគ​ហ៊ុន, ៥-​មុខងារ​កែប្រែ​សមាសភាព​អ្នក​គ្រប់គ្រង​សាខា ឬ ការិយាល័យ​តំណាង​ក្រុមហ៊ុន​បរទេស និង ៦-មុខងារ​បញ្ឈប់​អាជីវកម្ម​ជាស្ថាពរ សម្រាប់​ការ​លុបឈ្មោះ​ចេញ​ពី​បញ្ជី​ពាណិជ្ជកម្ម ។ មុខងារ​ថ្មី​ទាំង ៦ នេះ​គឺ​បំពេញ​បន្ថែម​លើ​មុខងារ​ធ្វើ​បច្ចុប្បន្នកម្ម​ព័ត៌មាន​ក្រុមហ៊ុន សហគ្រាស ចំនួន ៥ ដែល​បាន​ដាក់​ដំណើរការ​រួច​ហើយ​កាល​ពីថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ ២០២៤។

គិត​ចាប់​តាំង​ពី​ដាក់​ឱ្យ​ដំណើរ​ការ​ផ្លូវការ​កាល​ពីថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​ ២០២០ រហូត​ដល់​ដំណាច់ខែ​តុលា ឆ្នាំ ២០២៤ មាន​ក្រុមហ៊ុន សហគ្រាស​សរុបចំប្រមាណ ៤០ ពាន់​ទទួល​បាន​ការ​អនុម័ត​ចុះ​បញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ Single Portal ដោយ​មាន​ដើមទុន​វិនិយោគ​សរុប​ជាង ១៤ ប៊ី​លាន​ដុល្លារ​អាមេរិក។

បន្ថែម​លើ​នេះ អាជ្ញាបណ្ណ លិខិត​អនុញ្ញាត និង​វិញ្ញាបនបត្រ​តាម​វិស័យ​ចំនួន ២៧ ពាន់​ត្រូវ​បាន​អនុម័ត​ដោយ​ក្រសួង ​ស្ថាប័ន​ជំនាញ​នីមួយៗ​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​សេវា​អេឡិចត្រូនិក​សម្រាប់​ធុរកិច្ច ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​លើ​ថ្នាល CamDX។

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​ថា ការ​អនុញ្ញាត​ឱ្យ​ម្ចាស់​ក្រុមហ៊ុន សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ​អាច​ធ្វើ​ការ​កែតម្រូវ​ ឬ​ធ្វើ​បច្ចុប្បន្ន​ភាព​ទិន្នន័យ និង​ព័ត៌មាន​ក្រុមហ៊ុន គឺ​វា​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​ទៅ​ដល់​ម្ចាស់​អាជីវកម្ម​(ផ្នែក​ឯកជន) និង​រដ្ឋាភិបាល។

សម្រាប់​ផ្នែក​ឯកជន គឺ​មាន​ភាព​ងាយ​ស្រួល​ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​យូរ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ស្ថានភាព​ក្រុមហ៊ុន សហគ្រាស និង​ជួយ​កាត់បន្ថយ​ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ​ផងដែរ ចំណែក​អាជ្ញាធរ គឺ​អាច​មាន​ព័ត៌មាន​ច្បាស់​លាស់​អំពី​បម្រែ​បម្រួល​នៃ​ស្ថាន​ភាព​ថ្នាក់​ដឹកនាំក្រុមហ៊ុន ទីតាំង និង​ស្ថានភាព​ក្រុមហ៊ុន​ជាដើម។

លោក​បញ្ជាក់​ថា៖​«​នេះ​ជា​វឌ្ឍនភាព​មួយ​ទៀត​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​នីតិវិធី​ចុះ​បញ្ជី និង​កែតម្រូវ​ព័ត៌មាន​របស់​ក្រុមហ៊ុន សហគ្រាស​ដែល​ចុះ​បញ្ជី​នៅ​កម្ពុជា។ ការ​សម្រួល​ការងារ​ឱ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល ក៏​ជា​ចំណែក​ក្នុង​ការ​បង្កើន​សក្តានុពល​ទាក់​ទាញ​ឱ្យ​ក្រុមហ៊ុន ឬ​សហគ្រាស​មិន​ទាន់​ចុះ​បញ្ជី​ មក​ចុះ​បញ្ជី​កាន់តែ​ច្រើន​ផង​ដែរ។ បន្ថែម​ពី​លើ​នេះ​វា​ក៏​ជួយ​ឱ្យ​អ្នក​ដែល​មាន​បំណង​ចង់​បើក​អាជីវកម្ម​ថ្មី មាន​ឆន្ទៈ​ក្នុង​ការ​មក​ចុះ​បញ្ជី​អាជីវកម្ម​របស់​ខ្លួន​កាន់​តែ​ច្រើន​ផងដែរ»។

ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន កេន ធ្លាប់​និយាយ​ថា ការ​ពង្រឹង​ច្បាប់​អាជីវកម្ម ការ​សម្រួល​នីតិវិធី​ចុះបញ្ជី​ដែល​មាន​ភាព​ងាយ​ស្រួល និង​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ម្ចាស់​អាជីវកម្ម គឺ​បាន​ជួយ​លើក​ទឹក​ចិត្ត​ឱ្យ​ម្ចាស់​អាជីវកម្ម​កាន់​តែ​ច្រើន​នាំ​គ្នា​ទៅ​ចុះបញ្ជី​។ នៅ​ពេល​គ្រប់​អាជីវកម្ម​សុទ្ធ​តែ​បាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ វា​នឹង​ជួយ​ធ្វើឱ្យ​ការប្រកួត​ប្រជែង​មាន​តម្លាភាព​ជាង​មុន។

លោក​បញ្ជាក់​ថា​៖«​នៅ​ពេល​គ្រប់​អាជីវកម្ម​ទាំង​អស់​ត្រូវ​បាន​ចុះបញ្ជី វា​នឹង​ផ្តល់​ផល​ចំណេញ​ច្រើន​ទៅ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន ហើយ​ជាមួយ​គ្នា​នេះ​វា​ក៏​នឹង​ជួយ​កាត់​បន្ថយ​ការ​លក់​បង្ខូច​ថ្លៃ​ពី​សំណាក់​ម្ចាស់​អាជីវកម្ម​មិន​ស្រប​ច្បាប់​មួយ​ចំនួន​ដែល​រកស៊ី​ដោយ​មិន​បង់ពន្ធ​ផងដែរ​»​។​

ព័ត៌មាន​ច្បាស់​លាស់​អំពី​ប្រភេទ និង​ស្ថានភាព​អាជីវកម្ម គឺ​មាន​ភាព​ចាំបាច់​សម្រាប់​ឱ្យ​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​គោល​នយោបាល​គាំទ្រ ឬ​លើក​ទឹក​ចិត្ត​ផ្សេងៗ៕