កម្ពុជាមានសុទិដ្ឋិនិយមថា ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលទើបប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នឹងជួយបង្កើនសក្តានុពលក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនផ្ទាល់កាន់តែច្រើន ខណៈរយៈពេលជិត ១១ ខែដើមឆ្នាំ ២០២៤ គម្រោងវិនិយោគចំនួន ៣៧៩ គម្រោងដែលមានទុនវិនិយោគ ៦ ពាន់លានដុល្លារត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តរួចរាល់។
ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា(ប្រព័ន្ធ cdcIPM) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ដោយមានការចូលរួមពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន តំណាងអង្គទូត អង្គការជាតិ អន្តរជាតិ និងផ្នែកឯកជនជាច្រើនរូប។
ប្រព័ន្ធ cdcIPM គឺជាប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានរៀបចំឡើងដើម្បីផ្ដល់លទ្ធភាពឱ្យវិនិយោគិនអាចដាក់ពាក្យវិនិយោគពីគ្រប់កន្លែង និងគ្រប់ពេលវេលា សម្រួលកិច្ចវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបានតម្លាភាព សុក្រិតភាព ប្រសិទ្ធភាព ព្រមទាំងចូលរួមកសាងសេដ្ឋកិច្ចសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅប្រទេសកម្ពុជា។
ប្រព័ន្ធថ្មីនេះនឹងចូលរួមចំណែកពន្លឿនការផ្ដល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលហៅថា QIP(Qualified investment Project) ដោយប្តូរពីការធ្វើលើឯកសាររឹង (Hard Copy) ទៅជាការធ្វើតាមប្រព័ន្ធឌីជីថល ដែលកិច្ចការនេះនឹងកាត់បន្ថយតម្រូវការជួបផ្ទាល់រវាងវិនិយោគិនជាមួយមន្ត្រីផ្តល់សេវា និងបង្កើនភាពងាយស្រួល ព្រមទាំងធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែទទួលបានទំនុកចិត្តថែមទៀតពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ។
លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា(ប្រព័ន្ធ cdcIPM)នឹងផ្តល់ភាពងាយស្រួលសម្រាប់អ្នកវិនិយោគដែលចង់វិនិយោគនៅកម្ពុជា។ ការដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ជាវត្ថុបំណងរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់នូវភាពងាយស្រួលដើម្បីទាក់ទាញការវិនិយោគផង និងផ្តល់ព័ត៌មានទៅដល់អ្នកវិនិយោគផង។
លោកបានថ្លែងថា៖«ប្រព័ន្ធនេះគឺងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការដាក់ព័ត៌មាន ស្នើសុំការវិនិយោគ និងអាចតាមដានដោយខ្លួនឯង ថាតើទៅដល់ណាហើយទម្រង់របស់ខ្ញុំ គឺកុំដាក់ទៅបាត់ឈឹង អស់ ២-៣អាទិត្យ មិនដឹងទៅណា។ អ្នកវិនិយោគអាចតាមដានប្រព័ន្ធនេះគ្រប់ជំហានទាំងអស់ និងដឹងទៅដល់ណាហើយ»។
បើតាមលោក ស៊ុន ចាន់ថុល នៅជំហានបន្ទាប់ CDC នឹងភ្ជាប់ប្រព័ន្ធ cdcIPM ទៅក្រសួងស្ថាប័នចំនួន ៥ គឺក្រសួងពាណិជ្ជកម្ម, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានពន្ធដារ, និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ នៅដំណាក់កាលបន្តបន្ទាប់ គឺរួមមានក្រសួងទេសចរណ៍, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ... ដើម្បីបញ្ជូនព័ត៌មានពីគម្រោងវិនិយោគ និងដើម្បីកុំឱ្យអ្នកវិនិយោគរត់ពីស្ថាប័នមួយទៅស្ថាប័នមួយទៀត។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group លោក សៀ ឫទ្ធី បានលើកឡើងថា ប្រព័ន្ធ cdcIPM ពិតជាមានភាពចាំបាច់ និងសារៈសំខាន់ក្នុងការជួយឱ្យកម្ពុជាបង្កើនសក្តានុពលទាក់ទាញវិនិយោគិនក្នុងស្រុក និងក្រៅស្រុកឱ្យមកបណ្តាក់ទុន ព្រោះប្រព័ន្ធនេះនឹងផ្ដល់ភាពងាយស្រួលដល់អ្នកដែលមានចំណងចង់ស្វែងរកព័ត៌មាន ឬចង់វិនិយោគក្នុងប្រទេសកម្ពុជា គឺពួកគេអាចស្វែងរកក្នុងប្រព័ន្ធនេះពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ព័ត៌មានដែលអ្នកវិនិយោគចង់បានមុនពេលសម្រេចចិត្តវិនិយោគនៅទីតាំងណាមួយ គឺមានដូចជា ស្ថានភាពទីផ្សារ ឱកាស និងកត្តាពលកម្ម ជាដើម។ ប្រព័ន្ធនេះក៏ជួយលុបបំបាត់ការចំណាយក្រៅផ្លូវការផងដែរ។
លោកបានបញ្ជាក់ថា៖«អ្វីដែលយើងជាអ្នកវិនិយោគចង់បានគឺការប្រមូលព័ត៌មាន... ព័ត៌មានគឺសំខាន់។ ដូច្នេះបើប្រព័ន្ធនេះបង្កើតឡើង គឺយើងអាចយកព័ត៌មានបាន ហើយជាព័ត៌មានដែលយើងយល់ឃើញថាយើងចង់វិនិយោគលើអ្វី តើការវិនិយោគនោះមាននរណាខ្លះបានធ្វើហើយ។ អ្នករកស៊ីគឺគេមើលទៅលើឱកាស»។
បន្ថែមពីលើនេះលោកក៏បានជំរុញឱ្យអ្នកវិនិយោគក្នុងស្រុកទាំងអស់ត្រូវតែខិតខំស្វែងយល់ និងរៀនសូត្រអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗដើម្បីដើរឱ្យទាន់ការវិវឌ្ឍរបស់ពិភពលោក។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា ក្នុងនាមសភាពាណិជ្ជកម្មកម្ពុជាលោកសូមគាំទ្រទាំងស្រុងចំពោះការដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM ព្រោះគម្រោងនេះនឹងផ្តល់ភាពងាយស្រួលច្រើនដល់អ្នកវិនិយោគ ដោយគេអាចធ្វើការស្នើសុំចុះបញ្ជីវិនិយោគក្នុងទម្រង់ឌីជីថល ហើយការចុះបញ្ជីនេះក៏នឹងត្រូវតភ្ជាប់ទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។
លោកបន្តថា នេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអ្នកវិនិយោគគ្រប់ស្រទាប់វណ្ណៈ។
លោកបានថ្លែងថា៖«នេះជាប្រព័ន្ធមួយដែលផ្តល់ភាពងាយស្រួលដល់វិនិយោគិនដើម្បីកុំឱ្យមានភាពស្មុគស្មាញ និងជួយសម្របសម្រួលដល់វិនិយោគិនក្នុងការដាក់ទុនវិនិយោគនៅកម្ពុជាបានកាន់តែងាយស្រួល និងមានទំនុកចិត្តមកវិនិយោគនៅកម្ពុជាបន្ថែមទៀត»។
ទោះយ៉ាងណាក្នុងនាមផ្នែកឯកជន លោក លឹម ហេង ក៏បានស្នើឱ្យគ្រប់គ្រសួងស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ និងធ្វើការឱ្យកាន់តែសកម្មជាមួយ CDC ដើម្បីឱ្យការស្នើសុំចុះបញ្ជី ឬកិច្ចអន្តរាគមន៍ផ្សេងៗគឺមានភាពឆាប់រហ័ស និងមានប្រសិទ្ធភាព។
ក្នុងបទសម្ភាសជាមួយអ្នកយកព័ត៌មានបន្ទាប់ពីពិធីសម្ពោធ ប្រព័ន្ធ cdcIPM លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងរយៈពេលពេញ ១ ឆ្នាំ២០២៤ នេះ កម្ពុជារំពឹងទទួលបានគម្រោងវិនិយោគយ៉ាងតិច ៤០០គម្រោង ដែលនេះជាកំណត់ត្រាថ្មីសម្រាប់កម្ពុជា ខណៈរយៈពេលជិត ១១ ខែ នេះ គម្រោងវិនិយោគដែលអនុម័តដោយ CDC បានកើនដល់ ៣៧៩ គម្រោង ស្មើនឹងទុនវិនិយោគប្រមាណ ៦ ពាន់លានដុល្លារ កើនឡើង ១២៩ គម្រោងបើធៀបនឹងឆ្នាំ ២០២៣ និងមានទុនវិនិយោគ ៤,៩ ពាន់លានដុល្លារ។
លោកបានអះអាងថា៖«យើងសង្ឃឹមថាចប់ឆ្នាំ២០២៤ យើងអាចអនុម័តគម្រោងបាន ៤០០ គម្រោង ដោយឥឡូវបាន ៣៧៩ គម្រោងហើយ(គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា)។ យើងនឹងខិតខំជំរុញឱ្យបានលើសពី ២១-២២ គម្រោង គឺយើងបានលើស ៤០០ បើបានលើស ៤០០ គឺជាលើកទី ១ នៃប្រវត្តិសាស្រ្តរបស់ CDC ដែលយើងអនុម័តគម្រោងលើស ៤០០»៕