ខេត្ដកំពង់ធំ៖ គណប្រតិភូអឺរ៉ុប រួមមាន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប អាល្លឺម៉ង់ និងសាធារណរដ្ឋឆេក តំណាងមកពីស្ថានទូតបារាំង ភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍ (AFD) អាជ្ញាធរអភិវឌ្ឍន៍សហប្រតិបត្តិការស្វីស (SDC) និង អង្គការ GIZ រួមជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ចម្ការស្វាយចន្ទី និងម្រេចក្នុងខេត្ដកំពង់ធំ និងត្បូងឃ្មុំ។
ទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៧ និងទី ២៨ ខែវិច្ឆិកា ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានានៅថ្នាក់មូលដ្ឋានដែលកសិករ និងក្រុមកែច្នៃកំពុងជួបប្រទះលើការផលិតដំណាំដែលមានតម្លៃខ្ពស់ ជាពិសេសគ្រាប់ស្វាយចន្ទី និងម្រេច។
កិច្ចពិភាក្សាមួយចំនួនដើម្បីជួយបង្កើនការយល់ដឹងកាន់តែច្បាស់អំពីកំណើនសក្តានុពល នៃខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី និងម្រេច ទីផ្សារនៃការនាំចូល និងការអនុវត្តកសិកម្មដែលធន់នឹងអាកាសធាតុ។
នៅក្នុងដំណើរទស្សនកិច្ចផងដែរក៏នឹងមានជំនួបជាមួយសហគមន៍កសិកម្មទំនើប (MACs) ក្រុមហ៊ុនកែច្នៃ និងអ្នកនាំចេញនានាក្នុងខេត្តកំពង់ធំ និងត្បូងឃ្មុំ ដែលក្នុងនោះក៏មានការធ្វើទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលឧត្តមភាព បុសខ្នុរផងដែរ។
លោក ទីណា បានថ្លែងថា៖ «សហគមន៍កសិកម្មទំនើបមានសារៈសំខាន់ចំពោះប្រព័ន្ធកសិ-ចំណីអាហាររបស់កម្ពុជា។ តាមរយៈការចងក្រងកសិករជាសហគមន៍កសិកម្មទំនើប នឹងជួយពង្រឹងសន្តិសុខស្បៀង ព្រមទាំងរួមចំណែកធានានូវនិរន្ដរភាពសេដ្ឋកិច្ច និងបរិស្ថានសម្រាប់កម្ពុជា»។
លោកបន្ដថា តាមរយៈការប្រមូលផ្ដុំកសិករឱ្យប្រកាន់យកការអនុវត្តប្រកបដោយចីរភាព ប្រជាកសិករអាចកាត់បន្ថយថ្លៃដើមផលិតកម្ម ពង្រឹងអំណាចចរចា ក៏ដូចជាជីវភាពរបស់ពួកគេផងដែរ។
លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងថា បញ្ហាកសិកម្មសព្វថ្ងៃត្រូវការការសហការរួមគ្នា និងដំណោះស្រាយច្នៃប្រឌិត ក្រុមអឺរ៉ុប កំពុងធ្វើការ ដើម្បីជួយជំរុញពន្លឿនកំណើនបៃតង និងការងារសមរម្យនៅក្នុងអាជីវកម្មកសិ-ពាណិជ្ជកម្មរបស់កម្ពុជា។
លោក ទ្រីសម៉ាន់ បានឱ្យដឹងថា៖ «តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា យើងកំពុងកសាងភាពជាដៃគូដ៏រឹងមាំក្នុងការផ្តល់សិទ្ធិអំណាចដល់កសិករក្នុងស្រុក បង្កើនផលិតភាព និងការកែច្នៃក្នុងស្រុក ព្រមទាំងលើកកម្ពស់ការអនុវត្តប្រកបដោយចីរភាព។ យើងប្តេជ្ញាគាំទ្រដល់វិស័យកសិកម្មកម្ពុជា និងធានាថាវិស័យនេះ អនុលោមតាមស្តង់ដារអន្តរជាតិកម្រិតខ្ពស់»។
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Stefan Messerer បានបន្ថែមថា គោលបំណងចម្បងងគឺការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងភាពធន់នឹងអាកាសធាតុនៃវិស័យកសិកម្ម។
លោកបានបន្ដថា៖ «តាមរយៈការជំរុញការអនុវត្តប្រកបដោយចីរភាព និងការពង្រឹងខ្សែច្រវាក់តម្លៃ យើងប្តេជ្ញាបង្កើនប្រាក់ចំណូល ពង្រីកសមត្ថភាពកែច្នៃ និងកែលម្អលទ្ធភាពចូលទៅកាន់ទីផ្សារសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ដោយផ្តោតសំខាន់លើការបន្ថែមតម្លៃក្នុងស្រុក»។
កិច្ចសហប្រតិបត្តិការនេះកំពុងតែចូលរួមអនុវត្តដោយប្រទេសបារាំង អាល្លឺម៉ង់ សហភាពអឺរ៉ុប និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងអភិវឌ្ឍការស្រាវជ្រាវ និងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មរបស់កម្ពុជា។
នេះស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្នុងការ លើកកម្ពស់ផលិតកម្មប្រកបដោយចីរភាព និងពង្រឹងទំនាក់ទំនងអាជីវកម្មនៅក្នុងសហគមន៍កសិកម្ម (ACs) ក៏ដូចជាជាមួយអ្នកកែច្នៃ និងអ្នកនាំចេញ ដែលលើកកម្ពស់ផលិតភាព និងធានាសុវត្ថិភាពស្បៀងអាហារ ស្របតាមស្តង់ដារសង្គម និងបរិស្ថាន។
គំនិតផ្តួចផ្តើមរបស់ក្រុមអឺរ៉ុបស្តីពីកសិពាណិជ្ជកម្មបៃតង និងការងារសមរម្យ ដែលមានការគាំទ្រ ដោយប្រទេសជាច្រើននៅអឺរ៉ុប មានគោលបំណងអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្មប្រកបដោយ ចីរភាព ដោយពុំមានការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។
យុទ្ធវិធីនេះ គឺធ្វើយ៉ាងណាដើម្បី បង្កើតប្រព័ន្ធកសិ-កែច្នៃដែលធន់ ដែលបំពេញតាមលក្ខខណ្ឌទីផ្សារដែលមានតម្លៃខ្ពស់ ទាំងក្នុងតំបន់អឺរ៉ុប និងអាស៊ាន៕