កម្ពុជានឹងមានសួនកសិ-ឧស្សហកម្មស្វាយចន្ទីជាលើកដំបូងក្នុងពេលឆាប់ៗនេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានឯកភាពឱ្យបង្កើតក្នុងទឹកដីខេត្តកំពង់ធំ ខណៈប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថាជាទីតាំងផលិតគ្រាប់ស្វាយចន្ទីបានចំនួនច្រើនលំដាប់ពិភពលោក។
ថ្លែងក្នុងឱកាសនៃពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ការបង្កើតឱ្យមានសួនកសិ-ឧស្សហកម្មនៅតាមរាជធានី-ខេត្ត នឹងនាំមកនូវផលចំណេញយ៉ាងច្រើនទៅដល់ប្រជាជនមូលដ្ឋាន ក៏ដូចជាកំណើនសេដ្ឋកិច្ចជាតិទាំងមូល។
លោកបានថ្លែងថា៖«អភិបាលខេត្តកំពង់ធំ បានស្នើសុំបង្កើតតំបន់ឧស្សហកម្មស្វាយចន្ទី ខ្ញុំឯកភាព ដីរបស់រដ្ឋយើងយកទៅបង្កើតទៅ មិនមែនឱ្យឯកជនទេ គឺនៅតែជាដីរបស់រដ្ឋដដែល, រដ្ឋចេញដី ឯកជនចេញគម្រោង ធ្វើរួមគ្នាបង្កើតតំបន់កសិ-ឧស្សាហកម្មស្វាយចន្ទីនៅកំពង់ធំ»។
បន្ថែមពីលើនេះ លោកក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំរាជធានី-ខេត្ត ត្រូវខិតខំធ្វើការផ្សព្វផ្សាយ និងធ្វើដំណើរទៅជួបពិភាក្សាជាមួយអាជ្ញាធរ និងផ្នែកឯកជននៃប្រទេសនានា ដើម្បីទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យចូលទៅបណ្តាក់ទុនក្នុងភូមិសាស្រ្តរបស់ខ្លួនកាន់តែច្រើន។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ២៨ ខែវិច្ឆិកាថា ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលដែលអនុញ្ញាតឱ្យបង្កើតសួនកសិ-ឧស្សាហកម្មស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ នឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់អ្នកពាក់ព័ន្ធនឹងផលិតកម្មស្វាយចន្ទីនៅកម្ពុជា។
លោកពន្យល់ថា ការបង្កើតសួនកសិ-ឧស្សាហកម្ម គឺជាយុទ្ធសាស្ត្រមួយក្នុងការប្រមូលផ្តុំដើម្បីអភិវឌ្ឍវិស័យស្វាយចន្ទីនៅកម្ពុជាឱ្យបោះជំហានទៅមុខកាន់តែលឿន។ សួនកសិ-ឧស្សាហកម្ម គឺជាកន្លែងប្រមូលផ្តុំដោយរោងចក្រសហគ្រាសផ្នែកកែច្នៃកសិផល(ស្វាយចន្ទី) ហើយទីនោះក៏មានប្រភពធនធានរួម និងអាចមានការលើកទឹកចិត្តផ្សេងៗសម្រាប់ការវិនិយោគផ្ទាល់នៅទីនោះ។
លោកបញ្ជាក់ថា៖«សួនកសិ-ឧស្សាហកម្ម ដែលគ្រោងបង្កើតនេះគឺមានសណ្ឋានដូចតំបន់សេដ្ឋកិច្ចពិសេស ដោយវាចាំបាច់សម្រាប់តែរោងចក្រសហគ្រាសកែច្នៃកសិផល(ស្វាយចន្ទី)ប៉ុណ្ណោះ។ គោលបំណងនៃការបង្កើតសួនកសិ-ឧស្សាហកម្ម គឺដើម្បីកាត់បន្ថយថ្លៃដើមផលិត និងធ្វើឱ្យផលិតផលកម្ពុជាអាចប្រជែងលើទីផ្សារអន្តរជាតិ»។
លោក ស៊ីឡុត រំពឹងថាការវិនិយោគនៅក្នុងសួនកសិ-ឧស្សាហកម្ម អាចទទួលបានការលើកទឹកចិត្តមួយចំនួនដូចទៅនឹងតំបន់សេដ្ឋកិច្ចពិសេសដែរ ដូចជា ការលើកលែងពន្ធ ការឧបត្ថម្ភទុន និងការសម្រួលនីតិវិធីបែបបទនាំចេញ នាំចូលទំនិញ ជាដើម។ បច្ចុប្បន្នដោយសារមិនទាន់មានការប្រមូលផ្តុំ បានធ្វើឱ្យតម្លៃស្វាយចន្ទីកែច្នៃរបស់កម្ពុជាខ្ពស់ជាងគេ ដែលនាំឱ្យពិបាកប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
លោកបានលើកឧទាហរណ៍ថា ប្រសិនបើមានរោងចក្រកែច្នៃចន្ទី នៅក្បែរនោះក៏គួរតែមានរោងចក្រកៀបប្រេងពីសម្បកស្វាយចន្ទី ដែលគេបោះចោលពីរោងចក្រទី១ និងមានរោងចក្រកែច្នៃកម្ទេចសម្បកស្វាយចន្ទីក្រោយពីកៀបប្រេង ពីរោងចក្រទី២ ដើម្បីផលិតជាជី ឬធ្យូងឧស្សាហកម្ម។
លោកបន្តថា ដូចនេះរោងចក្រទាំងនេះនឹងបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមក ដោយមិនបាច់ចំណាយដឹកជញ្ជូនច្រើន និងធ្វើឱ្យថ្លៃដើមផលិតថយចុះមួយកម្រិត។
ទាក់ទងនឹងទីតាំង និងទំហំដីដែលរដ្ឋបាលខេត្តកំពង់ធំ ត្រៀមសម្រាប់រៀបចំតំបន់សួនកសិ-ឧស្សាហកម្មដំណាំស្វាយចន្ទី លោក ស៊ីឡុត ប្រាប់ថា បើតាមព័ត៌មាន គឺអាជ្ញាធរខេត្តបានត្រៀមដីទំហំប្រហែល ២០០ ហិកតា ប៉ុន្តែសម្រាប់ទីតាំងគឺលោកមិនដឹងឡើយ។
លោកបានអះអាងថា៖«ទោះអាជ្ញាធរមិនទាន់បានបង្កើតសួនកសិ-ឧស្សាហកម្ម ប៉ុន្តែសម្រាប់សមាគមស្វាយចន្ទីកម្ពុជា គឺមានដីទំហំ ៦០ ហិកតាដែលបាននិងកំពុងរៀបចំសាកល្បងរួចហើយ ដើម្បីជាការបង្ហាញដល់សាធារណជនអំពីផលប្រយោជន៍នៃសួនកសិ-ឧស្សាហកម្ម។
យោងតាមទិន្នន័យសមាគមស្វាយចន្ទីកម្ពុជាគឺក្នុងរយៈពេល ១០ ខែ (មករា-តុលា) ឆ្នាំ ២០២៤ កម្ពុជាប្រមូលផលគ្រាប់ស្វាយចន្ទីស្រស់បានចំនួន ៨៤ ម៉ឺនតោន កើន ២៦ ភាគរយ ក្នុងនោះនាំចេញទៅវៀតណាមបានជាង ៧៩ ម៉ឺនតោន កើនឡើង ៣១ ភាគរយ និងទទួលបានប្រាក់ ១,១១ពាន់លានដុល្លារ កើន ៩ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
បើតាមលោក ស៊ីឡុត ការកែច្នៃផលិតផលស្វាយចន្ទីក្នុងឆ្នាំ ២០២៤ នេះបានធ្លាក់ចុះបើធៀបនឹងឆ្នាំ ២០២៣ ដោយសារកត្តាចម្បងចំនួន ២ គឺការកើនឡើងនៃតម្លៃគ្រាប់ស្វាយចន្ទីស្រស់នៅទីផ្សារអន្តរជាតិ និងបញ្ហាកង្វះទុនបង្វិលរបស់សហគ្រាសកែច្នៃក្នុងស្រុក។
ទោះយ៉ាងណា នៅឆ្នាំ២០២៥ ខាងមុខ ការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃត្រូវបានរំពឹងថានឹងមានចំនួនកើនលើសឆ្នាំ២០២៤។
លោកអះអាងថា៖«យើងមានសុទិដ្ឋិនិយមថាការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ នៅឆ្នាំ២០២៥ ខាងមុខនឹងមានច្រើនជាងឆ្នាំនេះ ដោយក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីកម្រិតស្តង់ដារអន្តរជាតិជាច្រើននឹងចាប់ផ្តើមបើកដំណើរការជាបន្តបន្ទាប់។
បើតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅកម្ពុជាបច្ចុប្បន្នមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ ៧០ ម៉ឺនហិកតា ក្នុងនោះផ្ទៃដីប្រហែល ៥៨ ម៉ឺនហិកតាកំពុងប្រមូលផល និងប្រហែល ១២ ម៉ឺនហិកតាទៀតជាដីទើបដាំដុះថ្មី។ ចំណែកទិន្នផលប្រមូលបាន គឺស្ថិតក្នុងចន្លោះពី ៨០-១០០ម៉ឺនតោនក្នុង ១ ឆ្នាំ៕