កម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា(MoU) ជាមួយសមាគមសហព័ន្ធអ្នកផ្តត់ផ្គង់ម៉ាកាវ (MUSA) ក្នុងគោលបំណងដើម្បីជំរុញការផ្សារភ្ជាប់ទំនាក់ទំនងទីផ្សារដៃគូវិនិយោគ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីជាមួយគ្នាឱ្យកាន់តែប្រសើរ ខណៈ MUSA គឺជាបណ្តាញចែកចាយ និងផ្គត់ផ្គង់ទំនិញធំមួយនៅក្នុងទីក្រុងម៉ាកាវ និងហុងកុង។
MoU នេះត្រូវបានធ្វើឡើងនៅទីក្រុងម៉ាកាវ កាលពីសប្តាហ៍មុនរវាងលោក លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយនឹងលោក Kit Heng Lei នាយកប្រតិបត្តិសមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ (MUSA) ដោយមានការចូលរួមពីសំណាក់លោក Gao Kaixian ប្រធានក្រុមប្រឹក្សានីតិបញ្ញាតិ្ត និងលោក Dong Wei តំណាងការិយាល័យទំនាក់ទំនងសេដ្ឋកិច្ចនៃរដ្ឋបាលកណ្តាលរដ្ឋបាលពិសេសម៉ាកាវ។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា MoU នេះគឺដើម្បីភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារដៃគូដ៏មានសក្តានុពលមួយក្នុងទីក្រុងម៉ាកាវ និងហុងកុង។ MUSA គឺជាអ្នកផ្គត់ផ្គង់ផលិតផលជាច្រើនប្រភេទចូលទៅទីផ្សារទំនើបតូច-ធំ ភោជនីយដ្ឋាន សណ្ឋាគារ និងរីហ្សត ប្រមាណជាង ១០០០ កន្លែងនៅទូទាំងទីក្រុងម៉ាកាវ និងហុងកុង។ បច្ចុប្បន្ន MUSA មានក្រុមហ៊ុនជាសមាជិកជិត ៣០០ ដែលជាអ្នកផ្គត់ផ្គង់ចែកចាយកសិផល និងម្ហូបអាហារ។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី០៤ ខែវិច្ឆិកាថា ទោះវិនិយោគិនប្រទេសណាក៏ដោយ ឱ្យតែកម្ពុជាអាចទាក់ទាញពួកគេចូលមកវិនិយោគផ្ទាល់ ឬបញ្ជាទិញទំនិញ គឺសុទ្ធតែល្អ។
លោកបន្តថា តំបន់រដ្ឋបាលពិសេសម៉ាកាវ គឺជាទីក្រុងដែលមានប្រភពចំណូលជាង ៩០ ភាគរយបានពីវិស័យល្បែង(Gambling) ដូច្នេះវាជាឱកាសសម្រាប់កម្ពុជាក្នុងការនាំយកផលិតផលរបស់ខ្លួន ជាពិសេសផលិតផលកសិកម្ម និងចំណីអាហារទៅកាន់ទីផ្សារម៉ាកាវ និងហុងកុង។
លោកបានថ្លែងថា៖«រដ្ឋាភិបាលកម្ពុជាតែងខិតខំពង្រីកមធ្យោបាយនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសនានាលើពិភពលោកក្នុងន័យជំរុញឱ្យផលិតផលកម្ពុជា បានបង្ហាញវត្តមានកាន់តែច្រើននៅគ្រប់ប្រទេសលើពិភពលោក»។
លោកលើកឡើងទៀតថា ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេស/ដែនដីកាន់តែច្រើន គឺមិនត្រឹមតែក្នុងន័យនយោបាយ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយឱ្យកម្ពុជាក៏អាចទាក់ទាញអ្នកវិនិយោគ និងទទួលបានបច្ចេកវិទ្យាថ្មីៗពីបណ្តាប្រទេសក្រៅប្រទេសផងដែរ។
លោកប្រាប់ទៀតថា ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលទីក្រុងម៉ាកាវ ក៏អាចជួយឱ្យកម្ពុជារៀនសូត្រពីការរៀបចំគោលនយោបាយរបស់រដ្ឋាភិបាលក្រុងម៉ាកាវ ដើម្បីជំរុញឱ្យអត្រាកំណើនសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែល្អ ខណៈទីក្រុងម៉ាកាវ ត្រូវបានគេចាត់ទុកថា មានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេលើពិភពលោកក្នុងឆ្នាំ ២០២៤ នេះ។
យោងតាមគេហទំព័រ Seasia Stats ក្នុងឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចម៉ាកាវត្រូវបានព្យាករណ៍ថា នឹងស្ថិតក្នុងអត្រា ២៧,២ ភាគរយដែលជាអត្រាកំណើនខ្ពស់ជាងគេក្នុងទ្វីបអាស៊ី។ កម្ពុជាស្ថិតនៅលេខ ៣ ជាមួយនឹងអត្រាកំណើន ៦,១ ភាគរយតាមពីក្រោយប្រទេសឥណ្ឌា ដែលមានចំនួន ៦,៣ ភាគរយ។
នៅក្នុងសិក្ខាសាលាស្តីពី«បច្ចុប្បន្នភាពនៃនិងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន» ដែលរៀបចំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យវិនិយោគិនជាតិ និងអន្តរជាតិ ជាពិសេសវិនិយោគិនចិនហុងកុង និងម៉ាកាវ ឱ្យងាកមកចាប់យកកាលានុវត្តភាពលើការបណ្ដាក់ទុនធ្វើពាណិជ្ជកម្ម និងការវិនិយោគថ្មីៗនៅកម្ពុជាឱ្យបានកាន់តែសកម្ម។
កម្ពុជា គឺជាទីតាំងពោរពេញដោយសក្តានុពលមួយក្នុងតំបន់អាស៊ានដែលមានទីផ្សារបើកចំហរយ៉ាងធំទូលាយ ទទួលស្វាគមន៍រាល់ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងជាពិសេសត្រៀមខ្លួនរួចស្រេច ក្នុងការចាប់យកនូវបច្ចេកវិទ្យាឌីជីថលថ្មីៗក្នុងស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយកំណត់យកអាទិភាពគន្លឹះចំនួន ០៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព៕