សៀមរាប៖ ឥណទាន​ដែល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​បាន​ផ្តល់​ឱ្យ​អតិថិជន​នៅ​កម្ពុជា​គិត​ត្រឹម​ខែ​សីហា ឆ្នាំ ២០២៤ មាន​ទឹក​ប្រាក់​ជាង ៥ ប៊ី(ពាន់​)​លាន​ដុល្លារ​អាមេរិក ខណៈ​ទ្រព្យ​សកម្ម​ក្នុង​វិស័យ​នេះ​មាន​ប្រមាណ ៦,២ ប៊ី​(ពាន់​)លាន​ដុល្លារ។ នេះ​បើ​យោង​តាម​ទេសាភិបាល​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា​(NBC)។

ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ប្រចាំ​ឆ្នាំ ២០២៤ ស្តីពី​និរន្តរភាព និង​បរិយាបន្ន​មីក្រូ​ហិរញ្ញវត្ថុ «បច្ចុប្បន្ន​ភាព និង​ដំណើរ​វិវឌ្ឍន៍​នៃ​វិស័យ​» ដែល​រៀបចំ​នៅ​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​ ៤ ខែ​វិច្ឆិកា លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាល​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា​(NBC) បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ខែ​សីហា ឆ្នាំ ២០២៤ វិស័យ​មីក្រូ​ហិរញ្ញវត្ថុកម្ពុជា​ មាន​ទ្រព្យ​សកម្ម​ចំនួន ២៥ ទ្រីលានរៀល (ស្មើ​នឹង ៦,២ ប៊ី​លាន​ដុល្លារ​អាមេរិក) ដោយ​បាន​ផ្តល់​ឥណទាន​ជូន​អតិថិជន​ចំនួន ២១,៣ ទ្រីលានរៀល​(​ស្មើ​នឹង ៥,២ ប៊ី​លាន​ដុល្លារ​អាមេរិក) និង​មាន​គណនី​ឥណទាន​ចំនួន ១,៦ លាន​គណនី។

លោក​បន្ថែម​ថា ទោះ​យ៉ាង​ណា វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ក្នុង​​ពេល​នេះ​ក៏​កំពុង​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​បណ្តាល​មក​ពី​បញ្ហា​បំណុល​លើស​លប់ កង្វះ​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​កិច្ច​ការពារ​អតិថិជន​នៅ​មាន​កម្រិត។ ជា​យន្តការ​ដោះស្រាយ ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​និង​កំពុង​បន្ត​ដាក់​ចេញ​នូវ​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ ក្របខ័ណ្ឌ​ត្រួត​ពិនិត្យ​ធនាគារ និង​វិធាន​បុរេសកម្ម​ក្នុង​ការ​ពង្រឹង​កិច្ច​ការពារ​អតិថិជន ស្រប​តាម​ការ​រីកចម្រើន​នៃ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា។

លោក​បាន​ថ្លែង​ថា៖«​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​លើក​កម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​កិច្ចការពារ​អតិថិជន ដោយ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី«វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា» ការ​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ចំណេះដឹង​ទូទៅ យុទ្ធនាការ «តោះ!និយាយ​ពី​លុយ៖ តក់ៗ​ពេញ​បំពង់​» និង​ការ​លើក​កម្ពស់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ស្រ្តី និង​សហគ្រិន​ភាព​ស្ត្រី ព្រម​ទាំង​បាន​ពង្រឹង​យន្តការ​សម្រប​សម្រួល និង​ដោះ​ស្រាយបណ្តឹង​អតិថិជន​ដោយ​ផ្ទាល់ និង​តាម​ប្រព័ន្ធ​ទូរស័ព្ទ Hotline ជាដើម»។

ទេសាភិបាល​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា លោក ស៊ុំ សន្និសិទ្ធ បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ឆមាស​ទី ២ ឆ្នាំ ២០២៤ នេះ ​សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បាន​បន្ត​ស្តារ​ឡើង​វិញ​ក្នុង​សភាព​យឺត ដោយសារ​ផល​អវិជ្ជមាន​ពី​វិបត្តិ​សង្គ្រាម ដែល​ជំរុញ​ឱ្យ​មាន​ការ​កើន​ឡើង​ខ្ពស់​នៃ​អត្រា​អតិផរណា និង​ការ​អនុវត្ត​គោល​នយោបាយ​រូបិយវត្ថុ​ចង្អៀត ជា​ពិសេស​នៅ​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប។ ស្ថិត​ក្នុង​បរិការណ៍​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​ល្បឿន​យឺត​ជា​សកល​នេះ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ឆ្នាំ ២០២៤ ក៏​បាន​រង​នូវ​ផល​ប៉ះពាល់ និង​មាន​ការ​ថមថយ​នៃ​កំណើន​សេដ្ឋកិច្ច​ដែរ ដោយ​កើន​ឡើង ៦ ភាគរយ។

លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាល​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា​(NBC)។ CMA

លោក​បាន​អះអាង​ថា៖​«​ក្នុង​ដំណាក់កាល​នៃ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​និង​កំពុង​បន្ត​រក្សា​ស្ថិរភាព​ថ្លៃ លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល អនុវត្ត​គោល​នយោបាយ​រូបិយវត្ថុ​សមស្រប ពង្រឹង​សុខុមាលភាព​ប្រព័ន្ធ​ធនាគារ អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់ ពង្រឹង​កិច្ចការពារ​អតិថិជន និង​សុវត្ថិភាព​ហិរញ្ញវត្ថុ ព្រម​ទាំង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​លើ​ឥណទាន​ប្រកប​ដោយ​ភាព​ទទួល​ខុស​ត្រូវ ជា​ដើម»។

បើតាម​លោក សន្និសិទ្ធ កាល​ពី​ថ្ងៃទី៨ ខែ​តុលា ឆ្នាំ ២០២៤ ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​សហការ​ជាមួយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ក្នុង​ការ​រៀបចំ​សិក្ខាសាលា ស្តីពី «ការ​ផ្សព្វផ្សាយ​លទ្ធផល​គម្រោង​ការ​ពង្រឹង​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្នុង​សហគមន៍» ក្នុង​ដំណាក់​កាល​សាកល្បង​នៅ​ក្នុង​ឃុំ​ចំនួន ៤ ដោយ​ជោគជ័យ ហើយ​នឹង​មាន​គម្រោង​អនុវត្ត​បន្ត​ទៅ​កាន់​ឃុំ-​សង្កាត់ ក្រុង-​ស្រុក​ផ្សេង​ទៀត​ផង​ដែរ។

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា(CMA) លោកស្រី​ ឌិត នីតា បាន​ឱ្យ​ដឹង​ថា ប្រជាជន​កម្ពុជា​ប្រមាណ ៧៤,៤ ភាគរយ​រស់​នៅ​តំបន់​ជនបទ ហើយ​លទ្ធភាព​នៃ​ការ​ទទួល​បាន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​ពួកគាត់ គឺ​នៅ​មាន​កម្រិត។ វិស័យ​មីក្រូ​ហិរញ្ញវត្ថុ បាន​និង​កំពុង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បំពេញ​ចន្លោះ​ខ្វះខាត​នេះ​តាម​រយៈ​ការ​ផ្តល់​ឱ្យ​បុគ្គល​ម្នាក់ៗ និង​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​នានា​នូវ​លទ្ធភាព​ទទួល​បាន​ប្រភព​ទុន​ដែល​ចាំបាច់។

លោកស្រី​ ឌិត នីតាប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា(CMA)។ CMA

លោកស្រី​បាន​ថ្លែង​ថា៖​«​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បាន​និង​កំពុង​ដើរតួ​ជា​អ្នក​ប្រមូល​ផ្តុំ​នូវ​សំឡេង​រួម​នៃ​ស្ថាប័ន​ជា​សមាជិក ដើម្បី​ធានា​ឱ្យ​បាន​ថា​សហគម​ជនបទ​ទទួល​បាន​នូវ​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​គុណភាព និង​ការ​ទទួល​ខុសត្រូវ»។

លោកស្រី​បាន​បន្ត​ថា៖​«​និរន្ដរភាព និង​បរិយាបន្ន​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ មាន​សារៈ​សំខាន់​ក្នុង​ការ​ធានា​ឱ្យ​បាន​ថា​ប្រជាជន​កម្ពុជា​គ្រប់​រូប​ទទួល​បាន​នូ​វផ្លែផ្កា​ពី​កំណើន​សេដ្ឋកិច្ច ជា​ពិសេស​ប្រជាជន​ដែល​រស់​នៅ​តាម​តំបន់​ជនបទ និង​តំបន់​ដែល​ជួប​ការ​លំបាក​តាម​រយៈ​ការ​ប្រើប្រាស់​នូវ​សេវា និង​ផលិតផល​ហិរញ្ញវត្ថុ»។

បើ​យោង​តាម​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បច្ចុប្បន្ន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​មាន​សមាជិក​ប្រមាណ ១៣២ គ្រឹះស្ថាន ដែល​មាន​ផលប័ត្រ​ឥណទាន​សរុប​ប្រមាណ ៥.១១ ប៊ី​លាន​ដុល្លា​អាមេរិក និង​កំពុង​ផ្តល់​សេវា​ជូន​អតិថិជន​ប្រមាណ ១,៥៥ លាន​គណនី​ក្នុង​នោះ ៥៤ ​ភាគរយ ជា​ស្រ្តី។ ទន្ទឹម​នឹង​នេះ​គ្រឹះស្ថានទទួល​ប្រាក់​បញ្ញើ​ទាំង ៤ (LOLC, មហានគរ, អម្រឹត, និង​អេអឹមខេ) មាន​ប្រាក់​បញ្ញើ​សរុប​ប្រមាណ ២.២ ប៊ីលាន​ដុល្លា​អាមេរិក (កំណើន ៤,៨ ​ភាគរយ​) និង​មាន​អ្នក​ដាក់​ប្រាក់​បញ្ញើ​សរុប​ប្រមាណ ២ លាន​នាក់ ក្នុង​នោះ ៦៧​ ភាគរយ​ជាស្រ្តី៕