អ្នកជំនួញ និងអ្នកសេដ្ឋកិច្ចបានអះអាងថាការបង្កើតឱ្យមានគណនីជាប្រាក់រៀលសម្រាប់គ្រប់អាជីវកម្មដែលបានចុះបញ្ជីស្របច្បាប់នៅកម្ពុជានឹងចូលរួមចំណែកជួយធ្វើឱ្យការប្រើប្រាស់ប្រាក់រៀលមានកាន់តែច្រើននៅលើទីផ្សារ ជួយរក្សាស្ថិរភាពថ្លៃ ព្រមទាំងជួយឱ្យវិស័យហិរញ្ញវត្ថុកម្ពុជាមានភាពរឹងមាំជាងមុន។
ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រាប់ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ចូលរួមសហការសម្របសម្រួលក្នុងការបង្កើតគណនីធនាគារជាប្រាក់រៀលជូនដល់គ្រប់អាជីវកម្មដែលចុះបញ្ជីស្របច្បាប់នៅប្រទេសកម្ពុជា។
សេចក្តីជូនដំណឹងបានលើកឡើងថា ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងវិស័យធុរកិច្ច ក៏ដូចជាចូលរួមរក្សាស្ថិរភាពហិរញ្ញវត្ថុស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងមុំទី៥ នៃបញ្ចកោណទី៣ របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម សូមស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ចូលរួមសហការសម្របសម្រួលក្នុងការបង្កើតគណនីធនាគារជាប្រាក់រៀល ជូនគ្រប់អាជីវកម្មដែលចុះបញ្ជីស្របច្បាប់នៅកម្ពុជា។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា៖«ការប្រើប្រាស់ប្រាក់រៀលមានសារៈសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពការអនុវត្តនយោបាយម៉ាក្រូសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការរក្សាស្ថិរភាពថ្លៃនៅក្នុងទីផ្សារ កាត់បន្ថយចំណាយប្រតិបត្តិការដុល្លារូបនីយកម្ម គាំទ្រការនាំចេញ និងការវិនិយោគ គរពូនទុនបម្រុងអន្តរជាតិ បង្កើនសុខុមាលភាពសង្គម ទទួលចំណូលពីការបោះពុម្ពក្រដាសប្រាក់ ព្រមទាំងពង្រឹងអត្តសញ្ញាណជាតិ និងអធិបតេយ្យជាតិ ជាដើម»។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ Lor Vichet, vice-president of the Cambodia Chinese Commerce Association (CCCA), បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៥ ខែវិច្ឆិកាថា បច្ចុប្បន្នចរាចរណ៍ប្រាក់ដុល្លារអាមេរិកនៅក្នុងចរន្តសេដ្ឋកិច្ចកម្ពុជាគឺមានប្រមាណ ៣/៤នៃទំហំសេដ្ឋកិច្ចទាំងមូល។
ការប្រើប្រាស់ប្រាក់ដុល្លារច្រើន គឺវាអាចធ្វើឱ្យសេដ្ឋកិច្ចជាតិបញ្ហាច្រើន ជាពិសេសនៅពេលធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់ដុល្លារ ដោយពេលនោះវានឹងទាញឱ្យអត្រាការប្រាក់កម្ចីជាប្រាក់ដុល្លារនៅកម្ពុជាកើនឡើង។
លោកថ្លែងថា៖ «ចំនួនប្រាក់ដុល្លារច្រើននៅក្នុងសេដ្ឋកិច្ច គឺវាធ្វើឱ្យមានសម្ពាធច្រើនទៅលើសេដ្ឋកិច្ចជាតិកម្ពុជា ជាពិសេសនៅពេលធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់ ដោយវាអាចធ្វើឱ្យថ្លៃដើមផលិតនៅកម្ពុជាកាន់តែខ្ពស់។ ថ្លៃដើមផលិតកើនឡើង វានឹងធ្វើឱ្យសមត្ថភាពប្រកួតប្រែងជួបបញ្ហាកាន់តែច្រើន ជាពិសេសផលិតនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ»។
លោកបន្តថា៖ «វិធានការក្នុងការបង្កើតគណនីជាប្រាក់រៀលឱ្យគ្រប់អាជីវកម្មស្របច្បាប់ នឹងធ្វើឱ្យវិធីសាស្រ្តក្នុងការទូទាត់មានជម្រើសច្រើនជាងមុន ហើយក៏នឹងជួយរុញឱ្យចរន្តនៃលំហូរប្រាក់រៀលមានកាន់តែច្រើនផងដែរ»។
ទោះយ៉ាងណា លោកនិយាយថា ការនាំចេញទំនិញទៅទីផ្សារអន្តរជាតិ គឺនៅតែប្រើប្រាស់ប្រាក់ដុល្លារជារូបីយបណ្ណសម្រាប់ទូទាត់ដដែល។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ថា ក្នុងនាមវិស័យឯកជន លោកពិតជាគាំទ្រចំពោះការបង្កើតឱ្យមានគណនីជាប្រាក់រៀលទៅដល់គ្រប់អាជីវកម្ម ព្រោះការធ្វើបែបនេះនឹងជួយឱ្យការប្រើប្រាស់ប្រាក់រៀលមានច្រើនជាងមុន ហើយវាក៏បង្ហាញពីភាពរឹងមាំផ្នែកសេដ្ឋកិច្ចកម្ពុជាផងដែរ។
លោកបន្ថែមថា កន្លងមកសភាពាណិជ្ជកម្មកម្ពុជាតែងធ្វើការផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មប្រើប្រាស់រៀលឱ្យបានច្រើន តាមរយៈការបើកប្រាក់បៀវត្សជាប្រាក់រៀលឱ្យបុគ្គលិករបស់ខ្លួន។
ទាក់ទងនឹងការវិនិយោគបរទេស លោក លឹម ហេង បាននិយាយថា៖«ខ្ញុំគិតថា ការប្រើប្រាស់ប្រាក់រៀល គឺនឹងមិនធ្វើឱ្យបាត់បង់ផលប្រយោជន៍ទៅដល់ក្រុមហ៊ុន ឬសហគ្រាសឡើយ»។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ថា ការប្រើប្រាស់រូបិយបណ្ណជាតិគឺពិតជាសំខាន់សម្រាប់ប្រទេសមួយ ដោយវាមិនត្រឹមតែជួយលើកកម្ពស់មុខមាត់ប្រទេស និងបង្ហាញពីមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យធនាគារកណ្តាលរបស់ប្រទេសមានភាពងាយស្រួលក្នុងគ្រប់គ្រងលំហូរសាច់ប្រាក់ក្នុងចរន្តសេដ្ឋកិច្ចជាតិផងដែរ។
លោកថ្លែងថា៖«ការណែនាំឱ្យគ្រឹះស្ថានហិរញ្ញវត្ថុបើកគណនីជាប្រាក់រៀលឱ្យបុគ្គល និងក្រុមហ៊ុន/អាជីវកម្មនៅកម្ពុជា នឹងផ្តល់ផលវិជ្ជមានមួយចំនួនសម្រាប់សេដ្ឋកិច្ចជាតិ។ ដំណើរការនេះនឹងត្រូវធ្វើឡើងដោយសន្សឹមៗ»។
ទោះយ៉ាងណា លោកអះអាងថា ដោយសារដុល្លារូបនីយកម្មមានជាច្រើនទសវត្សមកហើយក្នុងសេដ្ឋកិច្ចកម្ពុជា ដូច្នេះគេមិនអាចកាត់បន្ថយទម្លាប់ និងជំនឿលើការប្រើប្រាស់ប្រាក់ដុល្លារបានភ្លាមៗឡើយ។ ម៉្យាងទៀតប្រសិនបើប្រាក់ដុល្លារបាត់ចេញពីចរន្តសេដ្ឋកិច្ចជាតិភ្លាមៗ វាក៏អាចបណ្តាលឱ្យកម្ពុជាជួបប្រទះនឹងបញ្ហានៃការទូទាត់ថ្លៃទំនិញនៅលើទីផ្សារអន្តរជាតិផងដែរ។
លោកបាននិយាយថា៖«នៅពេលជញ្ជីងពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិមានឧត្តមភាព គឺជំនឿចិត្ត និងការប្រើប្រាស់ប្រាក់រៀលនឹងមានកាន់តែច្រើន»៕