ស្ថិរភាព​នយោបាយ កំណើន​សេដ្ឋកិច្ច និង​ច្បាប់​វិនិយោគ​ដែល​មាន​លក្ខណៈ​អំណោយ​ផល​បាន​ជួយ​ឱ្យ​កម្ពុជា​អាច​ស្រូប​ទាញ​បាន​ក្រុមហ៊ុន​លំដាប់​ពិភពលោក​កាន់​តែ​ច្រើន​ឱ្យ​ចូល​មក​បើក​អាជីវកម្ម​នៅ​កម្ពុជា ខណៈ​នៅ​ចុង​សប្តាហ៍​នេះ​ក្រុមហ៊ុន​ភីហ្សា​លំដាប់​ពិភពលោក​ថ្មី​មួយ​នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅ​កម្ពុជា។

ក្រុមហ៊ុន​ភីហ្សា​លំដាប់​ពិភពលោក Little Caesars ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ Detroit នៃរដ្ឋ Michigan បាន​ប្រកាស​ពី​ការ​ចាប់​ផ្តើម​អាជីវកម្ម​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា នេះ​តទៅ​។

Little Caesars ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៥៩ គឺ​ជាភោជនីយ​ដ្ឋាន​ដែល​គ្រប់​គ្រង​ដោយ​គ្រួសារ​មួយ។ សព្វ​ថ្ងៃ Little Caesars មាន​ភោជនីយដ្ឋាន​នៅ​ក្នុង​រដ្ឋ​ចំនួន ៥០ នៅ​សហរដ្ឋ​អាមេរិក និង ២៩ ប្រទេស​/ដែនដី។​

ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន World Bridge Group លោក សៀ ឬទ្ធី ដែល​បាន​នាំ​យក franchise យីហោ​ភោជនីយដ្ឋាន​លំដាប់​ពិភពលោក ​Little Caesars មក​កម្ពុជា បាន​និយាយ​ថា នេះ​គឺ​ជា​ការ​ចាប់ផ្តើម​នៃ​ការ​ពង្រីក​ម៉ាកយីហោ​របស់ Little Caesars មក​កាន់​ប្រទេស​កម្ពុជា ដោយ​តាម​ផែនការ​ហាងទី ២ គ្រោង​នឹង​បើក​ដំណើរ​ការ​នៅ​ដើម​ឆ្នាំ ២០២៥។

លោក​បាន​ថ្លែង​ថា៖«យើង​មាន​ក្តី​រីករាយ​ក្នុង​ការ​ធ្វើការ​ជាមួយ​ម៉ាក​ល្បី​លំដាប់​ពិភពលោក​ដូច​ជា Little Caesars ដើម្បី​នាំ​យក​ជម្រើស​អាហារ​ថ្មីៗ​ដល់​ប្រជាជន​កម្ពុជា។ ចក្ខុ​វិស័យ​របស់​យើង​គឺ​មិន​ត្រឹម​តែ​ណែនាំ​ភីហ្សា​ដែល​មាន​តម្លៃ​សមរម្យ និង​គុណភាព​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​តាម​រយៈ​ការ​បង្កើត​ការងារ និង​ឱកាស​ទិញ​សិទ្ធិ​ផ្តាច់​មុខ​ផង​ដែរ​»។

បើ​យោង​តាម​លោក សៀ ឫទ្ធី ការ​មក​ដល់​របស់ Little Caesars នឹង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ស្រុក។ ទីតាំង​ដំបូង​នៅ​លើ​កោះពេជ្រ នឹង​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាជន​កម្ពុជា​ជាមួយ​នឹង​មុខតំណែង​ជាច្រើន​ចាប់​ពី​ការរៀបចំ​អាហារ​រហូត​ដល់​ការ​គ្រប់​គ្រង។

ប្រធាន​ផ្នែក​លក់​រាយ​សកល​នៅ Little Caesars លោក Paula Vissing បាន​និយាយ​ថា៖​“ប្រទេស​កម្ពុជា​បង្ហាញ​ពី​ទីផ្សារដ៏ស្វាហាប់ និង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស។ ជាមួយ​នឹង​ការ​កើន​ឡើង​ចំនួន​ប្រជាជន និង​ការ​កើន​ឡើង​នៃ​តម្រូវការ​សម្រាប់​ការ​ទទួល​ទាន​អាហារ​រហ័ស​ទាន់​ចិត្ត យើង​ពិត​ជា​រំភើប​ក្នុង​ការ​នាំ​យក​ភីហ្សា Little Caesars ដែល​មាន​តម្លៃ​សមរម្យ និង​ងាយ​ស្រួល​មក​កាន់​ទីក្រុង​ភ្នំពេញ ខណៈ​ពេល​យើង​ពង្រីក​ទៅ​កាន់​ប្រទេស​ទី ២៩»។

ចំនួន​យីហោ​អន្តរជាតិ​ដែល​ចូល​មក​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ជាង ៣០ ភាគរយ ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ។ កំណើន​នេះ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ទាក់ទាញ​របស់​កម្ពុជា ដែល​ជា​ទីផ្សារ​កំពុង​រីក​ចម្រើន​សម្រាប់​ម៉ាក​យីហោ​ពិភពលោក។

អ្នក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកាថា កំណើន​សេដ្ឋកិច្ច និង​ប្រាក់​ចំណូល​របស់​ប្រជាជន​កម្ពុជា ព្រម​ទាំង​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ គឺ​បាន​ទាក់​ទាញ​ហាង​អាហារ​លំដាប់ ​ភោជនីយដ្ឋាន និង​ផលិតផល​ចំណី​អាហារ​កាន់​តែ​ច្រើន​ឱ្យ​ចូល​មក​បើក​ដំណើរការ​អាជីវកម្ម​នៅ​កម្ពុជា ជាក់​ស្តែង​ដូចជា Burger king, Starbuck, Pizza Hut, Papa Johns, The Pizza Company, KFC, 7 Eleven ជាដើម។

លោក​បន្ត​ថា ការ​មក​ដល់​នៃ​យីហោ​លំដាប់​ពិភពលោក​ទាំង​អស់​នេះ គឺ​ពិត​ជា​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ព្រម​ទាំង​បាន​បង្ហាញ​ពី​ទំនុក​ចិត្ត​របស់​វិនិយគិន​អន្តរជាតិ​ចំពោះ​ឱកាស​ទីផ្សារ​កម្ពុជា។

លោក​បាន​ថ្លែង​ថា៖​«​វត្តមាន​របស់​ក្រុមហ៊ុន​លំដាប់​ពិភពលោក នឹង​ក្លាយ​ជា​ចំណែក​ក្នុង​ផ្សព្វផ្សាយ និង​ទាក់​ទាញ​អ្នក​វិនិយោគ និង​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​ធ្វើ​ដំណើរ​មក​កម្ពុជា​កាន់​តែ​ច្រើន»។

របាយការណ៍​និន្នាការ​សេដ្ឋកិច្ច-​សង្គម​(Socio-Economic Trends Report) របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៦ ខែ​ដើម​ឆ្នាំ ២០២៤ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ១៩០ ដែល​មាន​ទុន​វិនិយោគ​សរុប ៣ ២៥៨ លានដុល្លារ និង​អាច​បង្កើត​ការងារ​ថ្មី​បាន​ ១៦៨ ៥៧២ កន្លែង។

បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០២៣ ចំនួន​គម្រោង​វិនិយោគ​បាន​កើន​ឡើង ៦២ (ស្មើ​នឹង ៦៨,១​ភាគរយ), ទុន​វិនិយោគ កើន​ឡើង ១៩៤,៧​ភាគរយ(ស្មើ​នឹង ២ ១១១ លានដុល្លារ), ការងារ​កើន​ឡើង ៧៦ ភាគរយ​(ស្មើនឹង ៦២ ៨៧៩ ការងារ)៕