ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ក្នុង​ខែ​តុលា ឆ្នាំ​ ២០២៤ បាន​អនុម័ត​លើ​គម្រោង​​​វិនិយោគថ្មីៗ និងគម្រោង​ពង្រីក​ផលិតកម្ម​ សរុប​​ ៣១ គម្រោង​​ ដែល​មាន​ទុន​វិនិយោគ​សរុប​ជាង ២០០ ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​គម្រោង​ទាំង​អស់​អាច​បង្កើត​ការងារ​ថ្មី​បាន​ប្រមាណ ១៦​ពាន់​កន្លែង​។

យោង​តាម​សេចក្តីប្រកាសព័ត៌មាន​របស់​​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (CDC)​ ដែល​ចេញ​​ផ្សាយ​​​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ក្នុង​​ខែ​តុលា​ ឆ្នាំ ​២០២៤ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ CDC បានអនុម័តឱ្យ​គម្រោង​វិនិយោគ​ថ្មីចំនួន ៣០ និងគម្រោង​ពង្រីកផលិតកម្មចំនួន ១ ដែលមានទុនវិនិយោគសរុបជាង​​ ២២៦ លានដុល្លារ និង​អាចបង្កើតការងារបាន ១៦ ពាន់កន្លែង។ 

គម្រោង​​ទាំង​នោះ​មាន​ដូច​ជា រោងចក្រ​ដេរស្បែកជើង សម្លៀកបំពាក់, សម្ភារ​ដេគ័រ, សម្ភារ​ក្នុង​ផ្ទះ, សម្ភារ​បរិក្ខា​បោះតង់, ភេសជ្ជៈ, កាបូប, រ៉ែ, កសិ-​ឧស្សាហកម្ម, គ្រឿង​បង្គុំ​រថយន្ត និងគ្រឿង​សង្ហារឹម ជា​ដើម។

ការ​វិនិយោគ​របស់​វិនិយោគិន​ចិន ​មាន​ចំនួន​ច្រើន​ជាង​គេ​ ដោយ​មានទុន​វិនិយោគ​ប្រមាណ ៥៣,៣៩ ​ភាគរយ​នៃចំនួន​ទុន​វិនិយោគ​សរុប​​ ខណៈ​´​​​វិនិយោគិន​ក្នុង​ស្រុកស្ថិត​នៅ​លេខ ២ ជា​មួយ​នឹង​ទុន ២៩,៤៧ ​ភាគ​រយ ក្រៅ​ពី​នោះ​ជាការ​វិនិយោគ​មក​ពី​ប្រទេស​សិង្ហបុរី និង​វៀតណាម​ ជាដើម​។ 

ក្នុង​ចំណោម​ទុន​វិនិយោគ​ទាំង ២២៦ លាន​ដុល្លារ គឺ​មាន​នៅ​ក្នុង​វិស័យ​ឧស្សាហកម្មជាង ៩៣ ​ភាគ​រយ និង​​វិស័យ​កសិកម្ម​ជាង ៦ ភាគរយ។ គម្រោង​វិនិយោគ​ទាំង ៣១ គឺ​មាន​ចំនួន ២១ ស្ថិ​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស និង ១០ ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស (SEZ)។ នេះ​បើ​តាម CDC។

សេដ្ឋវិទូនៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ក្នុង​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកាថា ការ​បណ្តាក់​ទុន​​ពីសំណាក់​វិនិយោគិន​បរទេស និង​ក្នុង​ស្រុក​នៅ​ក្នុង​អំឡុង​ពេល​ដែល​សេដ្ឋកិច្ច និង​នយោបាយ​ពិភពលោក​មិន​ទាន់​រឹង​មាំ​​នេះ គឺ​បញ្ជាក់​ពី​ទំនុកចិត្ត​របស់​ក្រុម​វិនិយោគិន​​ចំពោះ​ស្ថិរភាព​នយោបាយ កំណើន​សេដ្ឋកិច្ច និង​ភាព​រឹងមាំ​នៃ​ទីផ្សារ​នាំ​ចេញរបស់​កម្ពុជា​​។ 

កំណើន​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​នឹង​រឹតតែ​មាន​ច្រើន​បន្ថែម​ទៀត​នៅ​ពេល​ស្ថាន​ភាព​សេដ្ឋកិច្ច​ពិភព​លោក​កាន់​តែ​ល្អ​ប្រសើរ។

លោក​បន្ត​ថា បច្ចុប្បន្ន​កម្ពុជា​មិន​ត្រឹម​តែ​ជា​ទីតាំង​ផលិត​ និងនាំ​ចេញ​ផលិតផល​វាយនភណ្ឌ​ទៅ​ទីផ្សារ​ពិភពលោក​ក្នុង​បរិមាណ​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ទីតាំង​ផលិត និង​នាំ​ចេញ​ផលិត​​ផល​ចម្រុះ​ជា​ច្រើន​ផ្សេង​ទៀត​​ដូច​ជា គ្រឿងបង្គុំ​អេឡិចត្រូនិក អគ្គិសនី ផលិតផល​កសិកម្ម ភេសជ្ជៈ និងធនធាន​រ៉ែមួយ​ចំនួន។​

លោក​បាន​ថ្លែង​ថា៖​«​ទោះស្ថាន​ភាព​សេដ្ឋកិច្ច​ពិភពលោក​នៅ​មិន​ទាន់​ល្អ​ប្រសើរ ប៉ុន្តែ​កម្ពុជា​នៅ​តែ​អាច​ទទួល​បាន​គម្រោង​វិនិយោគថ្មីៗ និង​គម្រោង​ពង្រីក​សមត្ថភាព​ផលិតកម្ម​ជាបន្ត​បន្ទាប់​ ហើយ​គម្រោង​ទាំង​នោះ​មិន​មែន​ប្រមូល​ផ្តុំ​តែ​​ប្រភេទ​វាយនភណ្ឌ​ដូច​កាល​ពី​ជាង​ ១​ទសវត្ស​មុន​ទៀតឡើយ​»។

លោក​បាន​ពន្យល់​ទៀត​ថា រោងចក្រ/សហគ្រាស​ផលិត​នៅ​ក្នុង​ស្រុក គឺ​មិន​ត្រឹម​តែ​ជួយ​បំពេញ​តម្រូវ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក និង​បង្កើត​ការ​ងារ​ឱ្យ​ប្រជាពល​រដ្ឋ​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​​ចូល​រួម​ចំណែក​លើក​កម្ពស់​សមត្ថភាព​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ផង​ដែរ​។​

កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​កម្ពុជា​បាន​​ចុះ​ហត្ថលេខា​ជា​លក្ខណៈ​ទ្វេភាគី និង​ពហុភាគី​ជា​មួយ​ប្រទេស​នានា ក៏​ជា​ចំណែក​ក្នុង​ការ​លើក​ទឹក​ចិត្ត​ដល់​វិនិយោគិន​ក្នុង​ស្រុក និង​បរទេស​ ឱ្យ​មក​បើក​រោងចក្រ ឬ​អាជីវកម្ម​នៅ​កម្ពុជា​ផងដែរ​។​

លោក អ៊ុង លុយណា អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​គោល​នយោបាយ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ(Ung Luyna, Director General of The General Department of Policy, Ministry of Economics and Finance) ក្នុង​សន្និសីទ​មីក្រូ​ហិរញ្ញវត្ថុ ប្រចាំឆ្នាំ ២០២៤ នៅ​ខេត្ត​សៀមរាប នាដើម​សប្តាហ៍​នេះ​បាន​លើក​ឡើង​ថា បើ​ទោះបីស្ថាន​ភាព​សេដ្ឋកិច្ច​ពិភពលោក​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ ប៉ុន្តែ​ការ​នាំ​ចេញ​របស់​កម្ពុជា​បាន​ងើប​ឡើង​គួរ​ឱ្យកត់​សម្គាល់ ពិសេស​ផលិតផល​វាយនភណ្ឌ។ ភាព​វិជ្ជមាន​នេះ​នឹង​បន្ត​មាន​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ។​

លោក​បន្ត​ថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤ គឺល្អ​ជាង​ឆ្នាំ​២០២៣ ហើយ​វា​នឹង​កាន់​តែ​ប្រសើរ​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២៥។ កំណើន​នេះ​គឺ​ទទួល​បាន​ពី​ការ​នាំចេញ​ក្នុង​វិស័យ​វាយនភណ្ឌ កំណើន​ភ្ញៀវ​ទេសចរ និង​​វិស័យ​សំណង់​។​

ក្នុង​ខែ​កញ្ញា ឆ្នាំ ២០២៤ CDC បាន​អនុម័ត​ឱ្យ​គម្រោង​វិនិយោគ​ថ្មី​ចំនួន ២៦ និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ២ ដែល​មាន​ទុនវិនិយោគ​សរុប​ជាង ៤៤៣ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ជិត ២៥​ ពាន់​កន្លែង។ ក្នុង​ចំណោម​គម្រោង​ទាំង ២៨ គឺ​មាន​ចំនួន ២២ ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស និង ៦ នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស។