ក្រុមហ៊ុន​មាន​អាជ្ញាបណ្ណ​ចំនួន ២ នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី អាច​ចម្រាញ់​មាស​បាន​ជិត ១៣ តោន​ពី​អាជីវកម្ម​របស់​ខ្លួន​ ខណៈ​អាជ្ញាធរ​បាន​ប្រកាស​បើក​យុទ្ធនាការ​បង្រ្កាប​ភាព​អនាធិប​តេយ្យ​នៃ​ការ​ធ្វើ​អាជីវកម្ម​រ៉ែមាស ដែល​កំពុង​រីកដាល​យ៉ាងខ្លាំង​នៅតាម​ទីតាំង​មួយ​ចំនួន។

អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល ​លោក អ៊ឹង ឌីប៉ូឡា ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​«យុទ្ធនាការ​បង្ក្រាប​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ»​នៅ​ភូមិសាស្រ្ត​តំបន់​មេសំ ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ដែល​រៀបចំ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល កាល​ពី​ថ្ងៃទី៦ ខែវិច្ឆិកា បាន​លើក​ឡើង​ថា គិត​ត្រឹម​ថ្ងៃទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ការ​ផលិត​មាស​សម្រេច​បាន​ជិត ១៣ តោន ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្រ្តាលី Renaissance Minerals (Cambodia) Limited ផលិត​បាន ៨០៧ ដុំ គិត​ជា​ទម្ងន់​ ១២ ៥៣៦,៩៧ គីឡូក្រាម និង​ក្រុមហ៊ុន​ចិន Rong Cheng Industrial Investment (Cambodia) Co., Ltd ផលិត​បាន ១២ដុំ ស្មើ​នឹង​ប្រមាណ ២២,២៨ គីឡូក្រាម។

លោក​បាន​ថ្លែង​ថា​៖​«អាជីវកម្ម​របស់​ក្រុមហ៊ុន​ Renaissance Minerals គឺ​ដំណើរការ​តាម​ផែនការ​ល្អ ចំពោះ​ក្រុមហ៊ុន Rong Cheng គឺជួប​នឹង​បញ្ហា​នៅ​ពេល​ដែល​គាត់​ចាប់​ផ្តើម​ជីកចុះ​ទៅ​(ក្រោមដី) គឺ​អណ្តូង​គាត់​បាន​លេច​ធ្លាយ​ទឹកចូល​ ដោយ​ជួប​ជា​មួយ​អណ្តូងរ៉ែ​អនាធិបតេយ្យ ដែល​នេះ​ជា​បញ្ហា​ធំ​ធ្វើ​ឱ្យមាន​ការ​ប៉ះពាល់​ទៅដល់​ចង្វាក់​ផលិតកម្ម»។

បើ​តាម​លោក ឌីប៉ូឡា ក្រសួងរ៉ែ និង​ថាមពល ​បាន​ប្តេជ្ញា​បញ្ចប់​សកម្មភាព​ជីក​រុករក​រ៉ែមាស​បែប​អនាធិបតេយ្យ និង​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដោយ​ស្រប​ច្បាប់ ព្រោះការ​ធ្វើ​អាជីវកម្ម​មាន​អាជ្ញាបណ្ណ​វា​អាច​ផ្តល់​​ផល​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​ប្រជាជន និង​ប្រទេស ជា​ពិសេស​ជួយ​បង្កើត​ឱកាស​ការងារ ​ទប់​ស្កាត់​ផល​ប៉ះពាល់​បរិស្ថាន បង្កើន​ការ​អភិវឌ្ឍ​សហគមន៍ និង​ជា​ពិសេស​បង្កើត​ប្រភព​ចំណូល​ថវិកា​ជាតិ។

អ្នក​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​ថា ទោះបី​អាជីវកម្ម​រ៉ែមាស​ក្នុង​ពេល​នេះ​មិន​ទាន់​ផ្តល់​ចំណូល​មិនមែន​សារពើ​ពន្ធ​(អាករ​ពិសេស)​ច្រើន​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​វា​ពិត​ជា​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​បង្កើត​ការងារ និង​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ទៅ​ដល់​កម្មករ​ជំនាញ​នៅ​កម្ពុជា។

លោក​បន្ត​ថា ដោយ​សារ​ពេលនេះ​ក្រុមហ៊ុន​មួយ​ចំនួន​មិន​ទាន់​មាន​លទ្ធភាព​ក្នុង​ការ​ចម្រាញ់​យក​មាស​សុទ្ធ​កម្រិត ៩៩ ដូច្នេះ​ធ្វើ​ឱ្យ​ពួក​គេ​ត្រូវ​ដឹក​យក​ទៅ​កែច្នៃ​បន្ថែម​នៅ​ក្រៅ​ប្រទេស ដែល​ទង្វើ​បែប​នេះ​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ប្រាក់​ចំណូល​មួយ​ចំនួន។

លោក​ថ្លែង​ថា៖​«ប្រសិន​បើ​ក្រុមហ៊ុន​វិនិយោគ​ទាំង​អស់​មាន​លទ្ធភាព​ក្នុង​ការ​ចម្រាញ់​យក​មាស​កម្រិត ៩៩ នោះ​គឺ​ជា​ការល្អ​ណាស់​ ហើយ​រដ្ឋាភិបាល​ក៏​អាច​ប្រមូល​ពន្ធ​បាន​កាន់​តែ​ច្រើន​ផងដែរ»។

ទាក់​ទង​នឹង​តម្លៃ​មាស​នៅ​ទីផ្សារ​អន្តរជាតិ ​ដែល​កំពុង​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក វណ្ណៈ បាន​ប្រាប់​ថា ក្នុង​នាម​ជា​ប្រទេស​មាន​ធនធាន​រ៉ែមាស គឺ​ប្រាកដ​ជា​ទទួល​បាន​ផល​វិជ្ជមាន​ខ្លះ​ពី​ការ​កើន​ឡើង​នៃ​តម្លៃ​មាស​នា​ពេល​នេះ។

យ៉ាង​ណា​ដោយ​សារ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ទៅ​ដល់​បរិស្ថាន និង​សុខភាព​មនុស្ស-​សត្វ ដូច្នេះ​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​វិនិយោគ​ត្រូវ​គិតគូរ​ពី​ផល​ប៉ះ​ពាល់​ឱ្យ​បាន​ខ្លាំង​ផង​ដែរ។

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ Lor Vichet, vice-president of the Cambodia Chinese Commerce Association (CCCA) បាន​និយាយ​ថា នៅ​ពេល​តម្លៃ​មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កើន​ឡើង ចំណូល​ពន្ធ​ដែល​រដ្ឋាភិបាល​យក​ពី​ក្រុមហ៊ុន​ចម្រាញ់​រ៉ែមាស​ក៏​កើន​ឡើង​ដែរ​។ 

ប្រាក់​ចំណូល​ពន្ធ​ទាំង​អស់​នេះ ប្រសិន​បើ​យក​ទៅ​ប្រើ​ប្រាស់​លើ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ឬ​បញ្ជូន​និស្សិត​កម្ពុជា​ទៅ​សិក្សា​ពី​ជំនាញ​រុករក និង​ចម្រាញ់​រ៉ែមាស​នៅ​ក្រៅ​ប្រទេស​គឺ​ពិត​ជា​ល្អ​ណាស់ ព្រោះ​អាច​ឱ្យ​កម្ពុជា​ធ្វើ​បាន​ដោយ​ខ្លួន​ឯង​នា​ពេល​អនាគត។

លោក​លើក​ឡើង​ថា​៖«​រដ្ឋាភិបាល​អាច​យក​ចំណូល​ពន្ធ​ដែល​បាន​ពី​អាជីវកម្ម​រ៉ែ ទៅ​អភិវឌ្ឍន៍​ធនធាន​មនុស្ស ព្រម​ទាំង​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​វិនិយោគ​លើ​ផ្នែក​ថាមពល​ បន្ថែម​សម្រាប់​ទាក់​ទាញ​អ្នក​វិនិយោគ​ថ្មីៗ​ឱ្យ​ចូល​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​កាន់​តែ​ច្រើន»។

នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន ១០ ដែល​មាន​អាជ្ញាបណ្ណ​ផ្នែក​ធនធាន​រ៉ែមាស​ មាន​ដូច​ជា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd នៅ​ខេត្ត​មណ្ឌលគិរី, ក្រុមហ៊ុន Rong Cheng Industrial Investment (Cambodia) នៅ​ខេត្ដ​មណ្ឌលគិរី, ក្រុមហ៊ុន Xinshan Industrial (Cambodia) នៅ​ខេត្ដ​ព្រះវិហារ, ក្រុមហ៊ុន Delcom (Kampuchea) Pte. Ltd នៅ​ខេត្ដ​ព្រះវិហារ, ក្រុមហ៊ុន Jiangxia Mining Energy Development Co., Ltd នៅ​ខេត្តក្រចេះ, ក្រុមហ៊ុន Late Cheng Mining Development Co., Ltd នៅ​ខេត្តកំពង់ធំ, ក្រុមហ៊ុន Phu Yang (Cambodia) Co., Ltd នៅ​ខេត្ដបាត់ដំបង, ក្រុមហ៊ុន Cambodian K88 Industry Co., Ltd នៅ​ខេត្ដកំពង់ធំ, ក្រុមហ៊ុន Oriental Wisdom Consulting Services (Cambodia) Investment Co, Ltd នៅ​ខេត្ដរតនគិរី និង​ក្រុមហ៊ុន Mesco Gold (Cambodia) Ltd នៅ​ខេត្ដ​រតនគិរី។

រដ្ឋលេខាធិការ​ក្រសួងរ៉ែ​ និង​ថាមពល លោក អ៊ឹង អៀង កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤នេះ បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែមាស​យ៉ាង​អនាធិបតេយ្យ ពិសេស​នៅ​ខេត្ត​មណ្ឌលគិរី សូម​បញ្ឈប់​សកម្មភាព​របស់ខ្លួន​ជា​បន្ទាន់ ព្រោះ​ការ​ធ្វើ​អាជីវកម្ម​រ៉ែមាស​​អនាធិបតេយ្យ​ បាន​បង្ក​នូវ​ការ​បាត់បង់​ទ្រព្យ​សម្បត្តិ​ជាតិ ប៉ះពាល់​ដល់​សុខភាព និង​សុវត្ថិភាព ព្រម​ទាំង​ប៉ះពាល់​ដល់​បរិស្ថាន​ផងដែរ។

កម្ពុជា​បាន​ចាប់​ផ្តើម​ចម្រាញ់​យក​មាស​ជា​ផ្លូវ​ការ​លើក​ដំបូង​ដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd នា​ខែ​មិថុនា ឆ្នាំ​២០២១ ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។ គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០២៣ កម្ពុជា​ចម្រាញ់​រ៉ែមាស​បាន​ប្រមាណ ៩,៦ តោន ស្មើនឹង ១ ១២៦ដុំ និង​ទទួល​បាន​ចំណូល​សួយសារ​មិនមែន​សារពើពន្ធ​ប្រមាណ ១៥,៥ លាន​ដុល្លារ​អាមេរិក៕