ផលិតផលគុណភាពខ្ពស់របស់កម្ពុជាជាង ១០០ មុខត្រូវបានក្រសួងពាណិជ្ជកម្មនាំយកទៅដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍កម្រិតអន្តរជាតិនៅសាធារណរដ្ឋប្រជាមានិតចិន ដែលប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ពិព័រណ៍កម្រិតអន្តរជាតិ “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី ៧” នេះធ្វើឡើងក្រោមមូលបទ “យុគសម័យថ្មី អនាគតរួម - New Era, Shared Future” ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិ ក្នុងទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ដោយមានប្រទេសចូលរួមសរុបចំនួន ១៦០ ប្រទេស។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងបាននាំយកផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជាជាង ១០០ មុខ រួមមាន អង្ករ គ្រាប់ស្វាយចន្ទី សម្ភារធ្វើដំណើរ កាបូប ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំ កាហ្វេ ដំណាប់ស្វាយ តែម្រេច តែ ទឹកជ្រលក់ម្រេច ម្សៅប្រហុក ស្ករត្នោត ទឹកស្ករត្នោត ស្ករគ្រាប់ត្នោត មីកញ្ចប់ មីជាតិ សម្ភារកែច្នៃសំណល់ប្លាស្ទិក ។ល។
ដើម្បីចូលរួមដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍កម្រិតអន្តរជាតិនៅទីក្រុងសៀងហៃ។
យោងតាមក្រសួងពាណិជ្ជកម្ម ផលិតផលដែលដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ខាងលើ គឺសុទ្ធតែមានគុណភាពខ្ពស់ មានការវេចខ្ចប់ប្រណីត និងមានស្តង់ដារអនាម័យទទួលស្គាល់ថ្នាក់ជាតិ និងអន្តរជាតិ។
នៅក្នុងស្តង់ក៏មានផ្ទាំង LED ដើម្បីផ្សព្វផ្សាយស្ថានភាព និងសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ សិល្បៈ និងទេសចរណ៍របស់កម្ពុជា, និងមានកន្លែងសម្រាប់ក្រុមហ៊ុន/សហគ្រាសកម្ពុជាទទួលជួបពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយក្រុមហ៊ុនដែលបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើផងដែរ។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៧ ខែវិច្ឆិកា ថា ការនាំយកផលិតផលក្នុងស្រុកទៅដាក់បង្ហាញក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកបែបនេះ គឺវានឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយ និងលើកកម្ពស់សមត្ថភាពនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
លោកបានបន្ថែមថា បច្ចុប្បន្នរដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជាកំពុងខិតខំយ៉ាងខ្លាំងក្នុងការស្វែងរកទីផ្សារថ្មីៗដើម្បី នាំចេញផលិតផលរបស់ខ្លួន។ ប្រទេសចិន គឺជាទីផ្សារដ៏សំខាន់មួយរបស់កម្ពុជាក្នុងពេលបច្ចុប្បន្ន។
លោកបញ្ជាក់ថា៖«កសិផលកម្ពុជា កំពុងមានតម្រូវការច្រើននៅប្រទេសចិន។ ការយកផលិតផលច្រើនមុខទំនិញទៅចូលរួមបែបនេះ គឺជារឿងល្អណាស់ ខណៈកម្ពុជាមានផលិតផលសក្តានុពលក្នុងវិស័យកសិកម្មជាច្រើន»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា គ្រប់ការចូលរួមផ្សព្វផ្សាយ និងតាំងពិព័រណ៍ទំនិញ ឬសេវាកម្ម បើទោះបីក្នុងរូបភាព ឬព្រឹត្តិការណ៍ណាក៏ដោយ គឺសុទ្ធតែនាំមកផលវិជ្ជមានសម្រាប់ទីផ្សារនាំចេញរបស់កម្ពុជា។
ការចូលរួមតាំងបង្ហាញផលិតផលក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក គឺពិតជាជួយច្រើនដល់សេដ្ឋកិច្ចជាតិ។ លោកបន្តថា ការយកផលិតផលទៅតាំងបង្ហាញកាន់តែច្រើន គឺវានឹងជួយឱ្យកម្ពុជាទទួលបានផលចំណេញផ្នែកទីផ្សារកាន់តែច្រើន។
លោកនិយាយថា៖«នៅពេលមានកម្មវិធីពិព័រណ៍ធំៗ គឺតែងមានភ្ញៀវចម្រុះជាតិសាសន៍ចូលរួម។ នេះជាឱកាសដែលអ្នកចូលរួមតាំងបង្ហាញ អ្នកវិនិយោគ និងអតិថិជនអាចជួបគ្នាដើម្បីពិភាក្សា»។
ស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ចេញផ្សាយក្នុងថ្ងៃទី ១០ ខែតុលា បង្ហាញថា ចន្លោះពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ ការនាំចេញ-ចូលទំនិញរវាងកម្ពុជាជាមួយប្រទេសដៃគូពាណិជ្ជកម្មទាំងអស់មានទឹកប្រាក់សរុប ៤០,៩៤ ពាន់លានដុល្លារ កើនឡើង ១៦,៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានចំនួន ៣៥,១៦ ពាន់លានដុល្លារ។
បើតាម GDCE ក្នុងចំនួននេះ គឺការនាំចេញទំនិញរបស់កម្ពុជា មានចំនួន ១៩,៨៣ ពាន់លានដុល្លារ កើនឡើង ១៧ ភាគរយពីចំនួន ១៦,៩៤ ពាន់លានដុល្លារ និងទំនិញនាំចូលពីក្រៅប្រទេសមានចំនួន ២១,១ ពាន់លានដុល្លារ កើនឡើង ១៥,៩ ភាគរយពីចំនួន ១៨,២១ ពាន់លានដុល្លារ។ ផ្អែកតាមស្ថិតិខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឱនភាពប្រមាណជាង ១,២៧ ពាន់លានដុល្លារ ដែលចំនួននេះគឺប្រហាក់ប្រហែលនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
Cap: