ទឹក​ប្រាក់​ដែល​បាន​ពី​ការ​នាំ​ទំនិញ​ផលិត​នៅ​កម្ពុជា​ទៅ​ប្រទេស​កាណាដា​បាន​ហក់​ឡើង​គួរ​ឱ្យកត់​សម្គាល់​នៅ​ក្នុង​រយៈ​ពេល ៩ ខែ​ដើម​ឆ្នាំ​ ២០២៤ ដោយ​មាន​ចំនួន​ជិត ៨៥០ លាន​ដុល្លារ កើន​ឡើង​ជាង ៣០ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ មាន​ចំនួន​ជិត ៩០០ លាន​ដុល្លារ។ ប្រទេស​កាណាដា គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ ៦ របស់​កម្ពុជា។

ទិន្នន័យ​កត់​ត្រា​ដោយ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែកញ្ញា ឆ្នាំ​២០២៤ កម្ពុជា​ប្រមូល​ប្រាក់​បាន ៨៤៨,៦៨ លាន​ដុល្លារ​ពី​ការ​នាំ​ទំនិញ​ទៅ​លក់​នៅ​ទីផ្សារ​កាណាដា ដោយ​ចំនួន​នេះ​កើន​ឡើង ៣០,៨ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣ ដែល​មាន​ចំនួន ៦៤៨,៧៧ លាន​ដុល្លារ ចំណែក​ទំនិញ​កាណាដា​នាំ​មក​កម្ពុជា​មាន​ត្រឹម​តែ ៤៧,៣ លាន​ដុល្លារ​ប៉ុណ្ណោះ ធ្លាក់​ចុះ ៥,៦ ភាគរយ​ពី​ចំនួន ៥០,១ លាន​ដុល្លារ។

សម្រាប់​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ គឺ​មាន​សរុប ៨៩៥,៩៨ លាន​ដុល្លារ កើន ២៨,២ ភាគរយ​បធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែល​មាន​ចំនួន ៦៩៨,៨៧ ​លាន​ដុល្លារ។ ទឹក​ប្រាក់​ទំនិញ​កម្ពុជា​នាំ​ទៅ​កាណាដា គឺស្មើ ៩៤,៧២ ​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រទេស​ទាំង​ ២។ 

ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា រយៈ​ពេល ៩​ខែ​ដើម​ឆ្នាំ​២០២៤ មាន​ឧត្តមភាព​ ៨០១,៣៨ លាន​ដុល្លារ ខណៈ​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​២០២៣ មានចំនួន ៥៩៨,៦៦ លាន​ដុល្លារ។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ​ថា កំណើន​ទឹក​ប្រាក់​ដែល​បាន​ពី​ការ​នាំ​ចេញ​ទំនិញ​ផលិត​នៅ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នា​រយៈ​ពេល​ជិត ១​ឆ្នាំ​កន្លងមក​នេះ គឺ​មាន​មួយ​ចំណែក​បាន​មក​ពី​កំណើន​ការ​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​ទៅ​ប្រទេស​កាណាដា។

ការ​បិទ​បញ្ចប់​ក្តី​បារម្ភ​ពី​ជំងឺ​កូវីដ​១៩ បាន​លើក​ទឹក​ចិត្ត​ឱ្យ​មនុស្ស​ធ្វើ​ដំណើរ​ច្រើន​ជាង​មុន ហេតុនេះ​ត្រូវ​ការ​សម្លៀក​បំពាក់ ស្បែកជើង កាបូប​ធ្វើ​ដំណើរ សុទ្ធ​តែ​កើន​ឡើង ខណៈ​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ទីតាំង​ផលិត​ផលិត​ផល​ទាំង​អស់​នេះ​ក្នុង​បរិមាណ​ច្រើន​ជា​រៀងរាល់​ឆ្នាំ។

លោក​បន្ត​ថា បច្ចុប្បន្ន​ក្រៅពី​មាន​ទំនាក់​ទំនង​ការទូត និង​ពាណិជ្ជកម្ម​ល្អ​ជាមួយ​គ្នា សភា​ពាណិជ្ជកម្ម​កម្ពុជា​(CCC) ក៏​បាន​បើក​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​ទីក្រុង​តូរ៉ុនតូ​(ប្រទេស​កាណាដា)​ ដែល​ការិយាល័យ​តំណាង​នេះ​មាន​តួនាទី​ជួយ​ផ្សព្វផ្សាយ​ផលិតផល​កម្ពុជា​ទៅ​ដល់​អតិថិជន​កាណាដា និង​ផ្តល់​ព័ត៌មាន​ដើម្បី​ទាក់ទាញ​វិនិយោ​គិន​កាណាដា​ឱ្យ​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា។

លោក​បាន​ថ្លែង​ថា៖​«ចំនួន​ទឹក​ប្រាក់​នាំចេញ​របស់​កម្ពុជា​ទៅ​កាណាដា​នឹង​មាន​ភាព​វិជ្ជមាន​បន្ថែម​ទៀត ព្រោះ​បច្ចុប្បន្ន​ក្រៅ​ពី​ផលិតផល​វាយនភណ្ឌ​កម្ពុជា​ក៏​មា​ផលិតផល​កសិកម្ម និង​គ្រឿងបង្គុំ​មួយ​ចំនួន​នាំ​ទៅប្រទេស​កាណាដា​ដែរ»។

លោក​បាន​ប្រាប់​ទៀត​ថា បច្ចុប្បន្ន​កម្ពុជា​ក៏​កំពុង​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទំនិញ​មួយ​ចំនួន​ទៅ​កាន់​ទីផ្សារ​កាណាដា។

បើ​យោង​តាម លោក លឹម ហេង ភាគ​ច្រើន​នៃ​ទំនិញ​កម្ពុជា​នាំ​ទៅ​កាណាដា គឺ​ជា​ផលិត​ផល​សម្លៀក​បំពាក់ ផលិត​ផល​ធ្វើ​ដំណើរ ស្បែក​ជើង កង់ និង​គ្រឿង​បង្គុំ​អេឡិច​ត្រូនិក​-អគ្គិសនី ចំណែក​ទំនិញ​កាណាដា នាំ​មក​កម្ពុជារួម​មាន​ ​គ្រឿង​អេឡិច​ត្រូនិក ឧបករណ៍​វេជ្ជសាស្រ្ត និង​រថយន្ត​ជាដើម។

កាល​ពី​ថ្ងៃទី​១១ ខែ​តុលា នៅ​ក្នុង​ជំនួប​ទ្វេភាគី​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត ក្រៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ក្នុង​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ នាយក​រដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau បាន​លើក​ឡើង​ពី​ការ​ពង្រឹង​ទំនាក់​ទំនង​វិស័យ​ការទូត​ជា​មួយ​ប្រទេស​កម្ពុជា និង​បាន​ប្រាប់​ថា រដ្ឋាភិបាល​កាណាដា​គ្រោង​បើក​ស្ថាន​ឯកអគ្គរាជរដ្ឋទូត​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​ឆាប់ៗ។ 

លោក​លើកឡើង​ថា ការ​បើក​ឱ្យ​មាន​ស្ថានទូត គឺ​ដើម្បី​បញ្ជាក់​ពី​ការ​បន្ត​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​រឹងមាំ​ថែម​ទៀត។

ប្រធាន​សហព័ន្ធ​សមាគម​អ្នក​វិនិយោគ​កម្ពុជា និង​ជា​ប្រធាន​សមាគម​ស្បែក​ជើង​កម្ពុជា លោក លី ឃុនថៃ ​ថ្មី​ៗ​នេះ​បាន​និយាយ​ថា ប្រទេស​កាណាដា គឺ​ជា​ទីផ្សារ​ធំ​សម្រាប់​ផលិត​ផល​វាយនភណ្ឌ​កម្ពុជា ហើយ​ការ​នាំ​ចេញ​ទៅ​ទីនោះ​បាន​ចាប់​ផ្តើម​មាន​សញ្ញា​វិជ្ជមាន​ឡើង​វិញ​តាំង​ពី​ចុង​ឆ្នាំ​២០២៣។ 

មូល​ហេតុ​ដែល​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​ប្រទេស​ភាគ​ច្រើន រួម​ទាំង​កាណាដា ​កើន​ឡើង​ គឺ​ដោយ​សារ​ភាព​ធូរ​ស្បើយ​នៃ​ជម្លោះ​ភូមិ​សាស្រ្ត​នយោ​បាយ​រវាង​ប្រទេស​មហា​អំណាច​ធំៗ និង​និន្នាការ​នៃ​ការ​ចេញ​ដើរ​កម្សាន្ត​របស់​ប្រជាជន​លើ​ពិភព​លោក​ក៏​កម្រើក​ឡើង​វិញ បន្ទាប់​ពី​ស្ងាប់​ស្ងាត់​ជាង ៣​ឆ្នាំ​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩​។

លោក​អះអាង​ទៀត​ថា៖​«​ក្នុង​ឆ្នាំ​២០២៤ នេះ​ចំនួន​ទឹក​ប្រាក់​នាំ​ចេញ​ផលិត​ផល​វាយនភណ្ឌ​កម្ពុជា​នឹង​មាន​ច្រើន​លើស​ឆ្នាំ​២០២៣​។ កាណាដា គឺ​ជាទីផ្សារ​ចម្បង​សម្រាប់​ផលិត​ផល​វាយនភណ្ឌ​កម្ពុជា​»។​

ក្នុង​ឆ្នាំ​២០២៣ ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-​កាណាដា មាន​ទឹក​ប្រាក់​សរុប ៩៤០,៤៨​លាន​ដុល្លារ ធ្លាក់​ចុះ ១៨,៥​ភាគរយ​បើ​ធៀប​ឆ្នាំ​២០២២ ដែល​មាន​ចំនួន ១,១៥​ពាន់​លាន​ដុល្លារ។ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទំនិញ​ទៅ​កាណាដា ៨៦៩,៥៤លាន​ដុល្លារ​ ធ្លាក់​ចុះ ២២,៤​ភាគ​រយ ចំណែក​កាណាដា នាំ​មក​កម្ពុជា ៧០,៩៥​លាន​ដុល្លារ កើន​ឡើង ១០៩,៤ ភាគ​រយ៕