ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បាន​ស្នើ​ឱ្យ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ជួយ​ទិញ​អង្ករ​ពី​កម្ពុជា ព្រម​ទាំង​លើក​ទឹក​ចិត្ត​ឱ្យ​វិនិយោគិន​​អារ៉ាប៊ីសាអូឌីត​ចូល​មក​វិនិយោគ​លើ​ការ​កែច្នៃ​ផលិតកម្ម​ស្រូវអង្ករ​កម្ពុជា ​ដើម្បី​នាំ​ទៅ​ប្រទេស​អារ៉ាប៊ីសាឌីត ខណៈ​រយៈ​ពេល​ ១១ ខែ​ដើម​ឆ្នាំ​ ២០២៤ នេះ​កម្ពុជា​បាន​នាំចេញ​​អង្ករ​ទៅ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ បាន​ជាង ៧ ០០០ តោន។

លោក ហ៊ុន សែន ចន្លោះ​ពីថ្ងៃ​ទី ​៨​-១៤ ខែធ្នូ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា​​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចំនួន ៤ នៅ​តំបន់​មជ្ឈឹមបូព៌ា និង​អ៊ឺរ៉ុប​ ដែល​រួម​មាន​ ប្រទេស​​អារ៉ាប៊ីសាអូឌីត កាតា តួកគី និង​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម។ គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ពង្រឹង​ និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ស្ថាប័ន​នីតិបញ្ញាត្តិ​​​កម្ពុជា ជាមួយ​ស្ថាប័ន​នីតិបញ្ញាត្តិ​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​មជ្ឈឹមបូព៌ា និង​អឺរ៉ុប។

នៅ​ក្នុង​ឱកាស​ជួប​ពិភាក្សា​ជាមួយ លោក Abdullah Mohammed Ibrahim Al-Sheikh ប្រធាន​រដ្ឋ​សភា​ប្រទេស​អារ៉ាប៊ី​សាអូឌីត នៅ​វិមាន​រដ្ឋសភា រាជធានី​រីយ៉ាដ កាល​ពី​ថ្ងៃទី៩ ខែធ្នូ លោក ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​អារ៉ាប៊ី​សាអូឌីតដែល​បាន​ទទួល​ស្វាគមន៍​លោក​ ព្រម​ទាំង​សង្ឃឹម​ថា​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​នឹង​រឹត​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ តាម​រយៈ​ការ​ជំរុញ​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម និង​កីឡា។

បន្ថែម​ពី​លើ​នេះ លោក ហ៊ុន សែន ក៏​បាន​លើក​ទឹក​ចិត្ត​ឱ្យ​វិនិយោគិន​អារ៉ាប៊ី​សាអូឌីត​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ ជា​ពិសេស​លើ​រោង​ម៉ាស៊ីនកិនស្រូវ ឃ្លាំង​ស្តុក និង​ការ​វេចខ្ចប់​នៅ​កម្ពុជា ដើម្បី​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​អារ៉ាប៊ី​សាអូឌីត និង​ប្រទេស​នានា​ក្នុង​តំបន់។

លោក​​លើក​ឡើង​ថា៖​«​ប្រទេស​យើង​ទាំង ២(កម្ពុជា-​អារ៉ាប៊ី​សាអូឌីត) គួរ​ចាប់​ផ្តើម​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជា​ស្នូល តាម​រយៈ​កម្ពុជា​នាំ​ចេញ​អង្ករ​មក​កាន់​​​អារ៉ាប៊ី​សាអូឌីត ដោយសារ​កម្ពុជា​មាន​ប្រព័ន្ធ​ស្រោចស្រព​ល្អ​ជាង​មុន និង​មាន​អតិរេក​ស្រូវ។ 

ដូច្នេះ​សូម​ស្នើ​លោក​ប្រធាន​សភា ជំរុញ​វិនិយោគិន​អារ៉ាប៊ី​សាអូឌីត ឱ្យ​មក​វិនិយោគ​លើ​ការ​រៀបចំ​ម៉ាស៊ីន​កិន​ស្រូវ ស្តុក និង​វេច​ខ្ចប់​នៅ​កម្ពុជា សម្រាប់​ធ្វើ​ការ​នាំ​ចេញ​អង្ករ​មក​កាន់​ប្រទេស​អារ៉ាប៊ី​សាអូឌីត និង​ប្រទេស​នានា​ក្នុង​តំបន់»។

លោក ហ៊ុន សែន បាន​បន្ថែម​​​ថា៖«អារ៉ាប៊ី​សាអូឌីត​មាន​សន្តិសុខ​ថាមពល រីឯ​កម្ពុជា មាន​សន្តិសុខ​ស្បៀង។ ប្រទេស​យើង​ទាំង​ពីរ​អាច​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក»។

ជា​កិច្ច​ឆ្លើយតប លោក Abdullah Mohammed Ibrahim Al-Sheikh បាន​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក​ ហ៊ុន សែន គឺ​ពិត​ជា​មាន​សារៈសំខាន់ ហើយ​លោក​នឹង​យក​ចិត្ត​ទុក​ដាក់ និង​យក​ទៅ​ពិចារណា។ លោក​ប្រធាន​សភា​អារ៉ាប៊ី​សាអូឌីត បាន​លើក​ឡើង​ថា ប្រទេស​អារ៉ាប៊ី​សាអូឌីត​នឹង​បើក​ស្ថានទូត នៅ​កម្ពុជា​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ ការ​បើក​ស្ថានទូត​ទូត​នេះ​នឹង​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ជំរុញ និង​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ។

អគ្គ​លេខាធិការ​ដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា(CRF) លោក លន់ យេង បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​១០ ខែ​ធ្នូ​ថា ​​រយៈ​ពេល ១១ ខែ​ដើម​ឆ្នាំ ២០២៤ កម្ពុជា​​​នាំ​ចេញ​អង្ករ​ទៅ​តំបន់​មជ្ឈឹម​បូព៌ា​បាន​ប្រហែល​ជាង ៧ ៥០០​ តោន ក្នុង​នោះ​​ប្រទេស​អារ៉ាប៊ី​សាអូឌីត ស្រូប​យក​ប្រហែល ៧ ២០០ តោន​។ 

តំបន់​មជ្ឈឹមបូព៌ា គឺ​ជា​ទីផ្សារ​​​សក្តានុពល​មួយ​សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ហើយ​តាម​រយៈ​ប្រទេស​អារ៉ាប៊ី​សាអូឌីត អង្ករ​កម្ពុជា​ក៏​អាច​មាន​លំហូរ​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​ ព្រម​ទាំង​ទៅ​កាន់​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក​ដែល​នៅ​ក្បែរៗ​នោះ​ផងដែរ។

លោក​បាន​ថ្លែង​ថា៖​«តំបន់​មជ្ឈឹមបូព៌ា​បច្ចុប្បន្ន​ គឺ​ជា​ទីផ្សារ​ដែល​ដើរ​នាំមុខដោយ​​​ប្រទេស​អារ៉ាប៊ី​សាអូឌីត និង​អេមីរ៉ាត​អារ៉ាប់រួម។ ​ប្រទេស​ទាំង ២ គឺ​វា​ជា​ច្រក​សំខាន់​សម្រាប់​បែងចែក​ទៅ​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​តំបន់​មជ្ឈឹមបូព៌ា ដូចជា ប្រទេស​អ៊ូម៉ង់ ...។ ដោយ​មើល​ឃើញ​ពី​សក្តានុពល​ទាំង​អស់​នេះ កាល​ពី​ឆ្នាំ​មុន​យើង(សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា)​ក៏​បាន​ចូល​រួម​តាំង​ពិព័រណ៌​នៅ​ក្នុង​រាជធានី​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត»។

លោក​បន្ថែម​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន គឺ​ជា​ការ​ជួយ​ពង្រីក​​សក្ដានុពល និង​កិច្ច​សហ​ប្រតិបត្តិការ​បន្ថែម ហើយ​ក៏​ជា​ការ​ជួយ​ផ្សព្វផ្សាយ​ពី​ផលិតផល​កម្ពុជា​​ទៅ​ដល់​ប្រជាជន​នៅ​ក្នុង​ពិភព​អារ៉ាប់ ខណៈ​អារ៉ាប៊ី​សាអូឌីត គឺ​ជាប្រទេស​ដែល​ធំ​ជាងគេ និង​មាន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​ក្នុង​តំបន់​នោះ​។

របាយការណ៍​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF) បាន​បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​​​ចំនួន ៥៧៥ ៥៦២ តោន​ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ និង​ទទួល​បាន​ប្រាក់​ប្រមាណ ៤១៣ លាន​ដុល្លារ។ 

គោល​ដៅ​សំខាន់ៗ​រួមមាន បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ ២៨៣ ៩៨១ តោន, ប្រទេស​ចិន​(រួមទាំង​ហុងកុង និង​ម៉ាកាវ) ១០៩ ៤៤៨ តោន, ប្រទេស​ក្នុង​អាស៊ាន​(រួមទាំង​ទីម័រខាងកើត) ១១៣ ៧៩២ តោន និង​ទៅ​​គោលដៅ​ផ្សេង​ទៀត​រួម​មាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន បាន​ចំនួន ៦៨ ៣៤១ តោន។

CRF បាន​ឱ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​នាំ​ចេញ​អង្ករ កម្ពុជា ក៏​បាន​នាំ​ចេញ​ស្រូវ​ចំនួន ៤ ៦៤២ ៥១១ តោន ដែល​គិត​ជា​ទឹកប្រាក់​បាន​ប៉ាន់​ប្រមាណ ១ ៣៧៨,៧៣ លាន​ដុល្លារ៕