កែប: អភិបាលរងខេត្តកែប បញ្ជាក់ថា វិថីតេជោសន្តិភាពឆ្នេរអង្កោល បានក្លាយជាសរសៃ ឈាមដ៏សំខាន់ក្នុងការជំរុញកំណើនទេសចរណ៍ និងការដឹកជញ្ជូន ជាពិសេសការតភ្ជាប់ ក្រុងកែបទៅកាន់ផ្លូវជាតិ និងសហគមន៍នេសាទ ក្រោមកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
នៅក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានដែលដឹកនាំដោយលោកស្រី Jyotsana Varma នាយិកាធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ លោក ប៊ុន យោង អភិបាលរងខេត្តកែប បានឱ្យដឹងថា វិថីតេជោសន្តិភាពឆ្នេរអង្កោល គឺជាវិថីថ្មីមួយ ដែលបានតភ្ជាប់ ពីក្រុងទៅស្រុក ផ្នែកប្របមាត់សមុទ្រ និងបានផ្តល់ប្រយោជន៍ដល់អន្តរវិស័យ។
លោកបញ្ចាក់ថា៖ «ផ្លូវនេះ ជាប្រភេទផ្លូវខ្លី តែផ្តល់ផលប្រយោជន៍មហាសាល ទី១ គឺប្រព័ន្ធទំនាក់ ទំនងចរាចរណ៍ ដែលធ្វើដំណើរបានងាយស្រួលឆ្លងកាត់ទៅវិញទៅមក ពីក្រុងមកស្រុក ទី២ បានផ្តល់ផលឱ្យអ្នកទេសចរជាតិ និងអន្តរជាតិ បានមកសម្រាកលម្ហែកម្សាន្ត ក៏ដូចជាទស្សនា នូវទេសភាពថ្មីនៅមាត់សមុទ្រយើង ទី៣ នាំឱ្យភ្ញៀវស្គាល់ឆ្នេរអង្កោល ដែលពីមុនគ្រាន់តែជា កន្លែងប្រមូលផ្តុំចំណតទូក ទិញលក់ផលិតផលសមុទ្រ ក្លាយរមណីយដ្ឋានទេសចរន៍ ទី៤ ឱ្យប្រជាជនប្តូរពីការនេសាទ មកផ្តល់សេវាទេសចរណ៍ ដែលធ្វើឱ្យជីវភាពពួកគាត់ មានភាពល្អប្រសើរ»។
ក្រោមគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៃមហាអនុតំបន់ទន្លេមេគង្គ ដើម្បីកំណើនប្រកប ដោយបរិយាប័ន្ន ជំហានទី២ ធនាគារអភិវឌ្ឈន៍អាស៊ី (ADB) បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការសាងសង់វិថីតេជោសន្តិភាពឆ្នេរអង្កោលនេះឡើង។
លោកអភិបាលរងខេត្ត ចាត់ទុកថា គម្រោងក្រោមកម្ចីឥណទានពីធនាគារអភិវឌ្ឃន៍អាស៊ី (ADB) គឺជាការកិច្ចសហការមួយដ៏ល្អប្រសើរ ខណៈកន្លងមក រដ្ឋបាលខេត្តកែប បានទទួលបាននូវ គម្រោងជាច្រើនរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដូចជាសាងសង់ទៅទីលានទុកដាក់សំរាម កំពង់ផែទេសចរណ៍កោះទន្សាយ ដែលសុទ្ធសឹងតែបម្រើផលប្រយោជន៍ប្រជាជនកម្ពុជា។
អ្នកស្រី រី ម៉េងហ៊ន អ្នកលក់ដូរចំណីអាហារតាមរទេះនៅឆ្នេរអង្កោល បានបង្ហាញពីភាពរីករាយ ដោយសារអ្នកស្រី ទទួលបានប្រាក់ចំណូលបន្ថែមពីលក់ដូរអាហារជូនដល់ភ្ញៀវទេសចរណ៍ ខណៈមុនពេលពុំទាន់មានផ្លូវនេះ អ្នកស្រីគឺជាស្ត្រីមេផ្ទះ ដែលមានស្វាមីប្រកបរបរនេសាទ។
អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះថា៖ «កាលមុនខ្ញុំនៅតែផ្ទះទេ ប្តីខ្ញុំចុះនេសាទ តែពេលផ្លូវនេះធ្វើ ហើយស្អាត ខ្ញុំមកលក់នៅទីនេះភ្លាម ខ្ញុំមានកន្លែងរកស៊ី អ៊ីចឹងយើងអាចជួយជីវភាព យើងបានច្រើន ព្រោះយើងលក់ដូរបានច្រើន ហើយភ្ញៀវមកលេងក៏កាន់តែច្រើន»។
ស្រី្តវ័យ៤១ឆ្នាំខាងលើនេះ បានប្រៀបធៀបមុន និងក្រោយពេលមានថា វិថីតេជោសន្តិភាព ឆ្នេរអង្កោលនេះថា៖ «ខុសគ្នាឆ្ងាយណាស់ ពីមុនគ្រាន់តែផ្លូវជិញកង់ក៏ពិបាករកជិះដែរ យើងចង់ទៅណា មកណាក៏ពិបាក មិនថាទៅផ្ទះបងប្អូន ឬមន្ទីរពេទ្យទេ តែឥឡូវស្រួលគ្រប់ បែបយ៉ាងទាំងការរកស៊ី និងការធ្វើដំណើរ»។
អ្នកលក់ដូរនៅលើវិថីតេជោសន្តិភាពឆ្នេរដង្កោលម្នាក់ទៀត អ្នកស្រីស្វាយ សារ៉ាយ និយាយថា អ្នកស្រីអាចរកចំណូលបានប្រមាណ១០ម៉ឺនរៀលក្នុងមួយថ្ងៃ តាមរយៈការលក់ទឹកអំពៅ ប្រហិត និងភេសជ្ជៈនៅទីនេះ ខណៈចំណូលទាំងនេះ អ្នកស្រីប្រើប្រាស់សម្រាប់ផ្គត់ផ្គងក្នុងគ្រួសារ និងទំនុកបម្រុងការរៀនសូត្ររបស់កូនៗ។
អ្នកស្រី សារ៉ាយ បន្ថែមថា៖ «ពេលមានផ្លូវនេះ ប្រជាពលរដ្ឋនៅទីនេះរីកចម្រើនខ្លាំង ដូចថាមានមុខរបររកស៊ីអ៊ិចឹង ខ្លះមានការងារធ្វើ កូនៗក៏បានទៅរៀន ព្រោះមានផ្លូវស្អាតងាយស្រួលធ្វើដំណើរ វាលឿនរហ័ស»។
លោកស្រី Jyotsana Varma, នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានឱ្យដឹងថា ការអនុវត្តគម្រោងលើទីតាំងនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ទោះគម្រោងនេះតូច ក៏ពិតមែន តែគម្រោងនេះបានផ្តល់នូវផលវិជ្ជមានយ៉ាងទូលំទូលាយ ទៅដល់វិស័យទេសចរណ៍ បរិស្ថាន និងសហគមន៍ ជាពិសេសភ្ជាប់ប្រជាពលរដ្ឋប្រមាណ ៦០០០នាក់ ទៅនឹងទីផ្សារ តួយ៉ាងបច្ចុប្បន្ននេះ ផលនេសាទរបស់ពួកគាត់ មានទីផ្សារ និងមានភ្ញៀវមកទិញដល់ទីកន្លែង។
គួរបញ្ជាក់ថា វិថីតេជោសន្តិភាពឆ្នេរអង្កោល មានប្រវែង ១២ ៦៤៥ ម៉ែត្រ គឺជាគម្រោងហេដ្ឋរចនាសម្ព័ន្ធទេសចរណ៍មហាអនុតំបន់ទន្លេមេគង្គ ដើម្បីកំណើនប្រកបដោយបរិយាបន្ន ជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលសាងសង់ឡើងអស់ទឹកប្រាក់ប្រមាណ១០លានដុល្លារ៕