គណៈ​ប្រតិភូ​វិនិយោគ​អាមេរិក​ជាង ១០ ក្រុមហ៊ុន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចំពោះ​សក្តានុពល និង​ភាព​អំណោយផល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​លើ ខណៈ​ការ​នាំ​ទំនិញ​​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក ​ក្នុង​រយៈ​ពេល ១១ ខែ​ដើម​ឆ្នាំ ២០២៤ មាន​ទឹក​ប្រាក់​ជាង ៩ ពាន់​លាន​ដុល្លារ កើន​ជាង ១១ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ២០២៣។

នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) កាល​ពី​ថ្ងៃ​ទី៩ ខែធ្នូ ឆ្នាំ ២០២៤ ក្រុម​វិនិយោគិន​អាមេរិក​ចំនួន ១៦ ក្រុមហ៊ុន ដែល​ដឹកនាំ​ដោយ លោក គឹម ឆាហួត អគ្គ​កុងស៊ុល​កិត្តិយស​កម្ពុជា និង​ជា​ប្រធាន​ការិយាល័យ​តំណាង​សភា​ពាណិជ្ជកម្ម​កម្ពុជា​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក (Mr. Kim Chha Hout, the President of the Representative Office of the Cambodia Chamber of Commerce in California, USA) បាន​ចូល​ជួប​ពិភាក្សា​ជាមួយ លោក ​ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋមន្រ្តី អនុ​ប្រធាន​ទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

លោក គឹម ឆាហួត បាន​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​វិនិយោគ​​អាមេរិក​នាពេល​​​នេះ គឺ​កើត​ឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​​ទៅ​ទាក់​ទាញ និង​ជំរុញ​ការ​វិនិយោគ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​ដឹកនាំ​ដោយ លោក ស៊ុន ចាន់ថុល នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០២៤។

លោក​បាន​ថ្លែង​ថា៖​«​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​មក​ប្រទេស​កម្ពុជា​ដោយ​ផ្ទាល់​នេះ គណៈ​ប្រតិភូ​វិនិយោគ​អាមេរិក​បាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​ និង​ភាព​ទាក់ទាញ​ប្រកប​ដោយ​សក្តានុពល និង​ភាព​អំណោយផល​នៃ​ការ​វិនិយោគ​​ក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​ទាំង​អស់​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​​លើ​វិស័យ​មាន​ជាអាទិ៍​ដូចជា បច្ចេកវិទ្យា កសិ-ឧស្សាហកម្ម និង​អប់រំ​ជាដើម»។

ក្រៅ​ពី​ជំនួប​ខាង​លើ ក្នុង​​ថ្ងៃ​ទី​១០ ខែ​ធ្នូ ​គណៈ​ប្រតិភូ​វិនិយោគ​​អាមេរិក ក៏​បាន​ជួប​ជាមួយ​ លោក លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​​​វិនិយោគ​ និង​ស្វែង​រក​ការ​យល់​ដឹង​អំពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច កាលានុវត្តភាព កម្លាំង​ពលកម្ម​វ័យ​ក្មេង និង​ទីផ្សារ​ដ៏​ទូលំទូលាយ​របស់​កម្ពុជា​ផងដែរ។

លោក លឹម ហេង បានប្រាប់​គណៈ​ប្រតិភូ​អាមេរិក​​​ថា៖​«អាមរិក​គឺ​ជា​ទីផ្សារ​នាំចេញ​ដ៏ធំមួយ​របស់​កម្ពុជា ហើយ​អាមរិក​ក៏​ជាដៃគូ​វិនិយោគ​ដ៏​ចម្បង​របស់​កម្ពុជា​។ ក្រុមហ៊ុន​ធំៗ​ជាច្រើន​របស់​អាមរិក​បាន​និង​កំពុង​វិនិយោគ​នៅ​កម្ពុជា»។

លោក​បន្ត​ថា៖​«ខ្ញុំ​សូម​ជំរុញ​លើក​ទឹកចិត្ត​ធុរជន​អាមេរិក ឱ្យ​ចូល​មក​ចាប់​ដៃគូ​ជាមួយ​ធុរជន​កម្ពុជា ដើម្បី​ទាញ​យក​កាលានុវត្តភាព​ធុរកិច្ច​នៅ​កម្ពុជា​ឱ្យ​បាន​កាន់​តែ​ច្រើន»។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​អាមេរិក​-​កម្ពុជា កាលពី​ថ្ងៃទី​ ២២ ខែកញ្ញា ឆ្នាំ ​២០២៣ នៅក្នុង​ទីក្រុង​ញូវយ៉ក បាន​លើក​ឡើង​ថា កិច្ច​សហ​ប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ ២ ​គឺ​ពិត​បាន​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​និង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ទីតាំង​យុទ្ធ​សាស្ត្រ និង​កម្លាំង​ពលកម្ម​វ័យ​ក្មេង​ដែលមាន​ថ្លៃឈ្នួល​ទាប ព្រម​ទាំង​មាន​ជំនាញ​សម្រាប់​វិស័យ​កម្មន្តសាល​។ ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ថ្លៃ​ទំនិញ​ផលិត​កម្ពុជា​មានតម្លៃ​ទាប​សម្រាប់​អ្នក​ប្រើ​ប្រាស់ ខណៈ​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ពី​ការនាំ​ចេញទៅ​ទីផ្សារ​អាមេរិក។

លោក​បាន​បន្ថែមថា នេះ​ជា​ឱកាស​នោះ​ល្អ​សម្រាប់​វិ​និ​យោ​​គិ​ន និង​ធុរជន​សហរដ្ឋអាមេរិក​មក​សិក្សា​ស្វែងយល់​ពីស​ក្ដា​នុ​​ពល​របស់​កម្ពុជា។

លោក​លើកឡើងថា​៖ «​បានឃើញ​ម្ដង ប្រសើរ​ជាង​បានឮ ​១ ​ពាន់​ដង​» ​ដូច្នេះ​សូម​វិនិយោគិន​មក​ស្វែងយល់​អំពី​កម្ពុជា រាជ​​រដ្ឋាភិបាល​នឹង​បន្ត​ការគាំទ្រ​មុត​មាំ​ដល់​កាលានុវត្តភាព​សម្រាប់​ប​ង្កើ​ត​កិច្ចសហប្រតិបត្តិការ និង​ការពង្រីក​ធុរកិច្ច​ព្រមទាំង​ដោះ​ស្រាយ​រាល់​បញ្ហា​ប្រឈម​ទាំងចាស់ និង​ថ្មី​ដើម្បី​ជំរុញ​សន្ទុះ​នៃ​ការអភិវឌ្ឍ​វិស័យ​ឯកជន​ឱ្យបាន​ពេញលេញ និង​ក្លាយ​ជា​ដៃគូ​គន្លឹះ​របស់​រាជរដ្ឋាភិបាល»។

យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចាប់​ពី​ឆ្នាំ ១៩៩៤ ដល់​ខែ​មករា ឆ្នាំ ២០២៤ ទុន​វិនិយោគ​របស់​អាមេរិក​នៅ​កម្ពុជា មាន​ទឹក​ប្រាក់​សរុប​ជាង ១ ០៧៧ លានដុល្លារ​អាមេរិក។ ក្រុមហ៊ុន​របស់​អាមេរិក​ភាគ​ច្រើន​វិនិយោគ​លើ​វិស័យ​កសិកម្ម, កសិក-​ឧស្សាហកម្ម, ឧស្សាហកម្ម និង​ទេសចរណ៍។

ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ឱ្យ​ដឹង​ថា រយៈពេល ១១ ខែ​ដើម​ឆ្នាំ ២០២៤ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​កម្ពុជា ជាមួយ​អាមេរិក មាន​ទឹក​ប្រាក់​សរុប ៩,៣ ពាន់​លាន​ដុល្លារ កើនឡើង ១១,២ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣ ក្នុងនោះ​កម្ពុជា​នាំ​ទៅ​អាមេរិក ចំនួន ៩,០៦ ពាន់​លាន​ដុល្លារ កើន​ឡើង ១១,៣ ភាគរយ និង​ទំនិញ​អាមេរិក​នាំមក​កម្ពុជា ២៤៤,៤២ លាន​ដុល្លារ​ កើនឡើង ៩,៨ ភាគរយ។​ តាម​តួលេខ​ខាង​លើ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​មាន​ឧត្តមភាព ៨,៨២ ពាន់​​លាន​ដុល្លារ៕