រដ្ឋាភិបាលកម្ពុជាក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៤ បានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយនឹងម្ចាស់បំណុលក្នុងចំនួនទឹកប្រាក់ជិត ៧៤០ លានដុល្លារអាមេរិក ដែលធ្វើឱ្យសន្និធិបំណុលសាធារណៈរបស់កម្ពុជា គិតត្រឹមដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០២៤ កើនដល់ជិត ១១,៧ ពាន់លានដុល្លារអាមេរិក ក្នុងនោះជាង ៩៩ ភាគរយជាបំណុលសាធារណៈក្រៅប្រទេស។
ក្រៅពីចុះកិច្ចព្រមព្រៀងឥណទានថ្មី រដ្ឋាភិបាលកម្ពុជាក៏បានធ្វើការទូទាត់សេវាបំណុលទៅឱ្យម្ចាស់បំណុលបានប្រមាណ ២៣៦,១៨ លានដុល្លារអាមេរិកផងដែរនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៤។
ឯកសារព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា (Cambodia Public Debt Statistical Bullentin) របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ ចេញផ្សាយក្នុងថ្ងៃទី១០ ខែធ្នូ បង្ហាញថា ដោយគិតទាំងបំណុលមរតក នៅត្រឹមដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០២៤ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១១,៧៨ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៩ ភាគរយ ត្រូវនឹងប្រមាណ ១១,៦៧ ពាន់លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស(ក្របខ័ណ្ឌទ្វេភាគី ៦៤ ភាគរយ និងក្របខ័ណ្ឌពហុភាគី ៣៦ ភាគរយ) និង ១ ភាគរយ ត្រូវនឹង ១១៥ លានដុល្លារអាមេរិកជាបំណុលសាធារណៈក្នុងប្រទេស។
សម្រាប់សមាសភាគបំណុលសាធារណៈទាំងនោះរួមមាន ៤៥ ភាគរយ ជាដុល្លារអាមេរិក, ១៩ ភាគរយ ជាអេសដេអ៊ែរ, ១២ ភាគរយ ជាយ៉េនជប៉ុន, ១១ ភាគរយជាយ័នចិន, ៨ ភាគរយ ជាអឺរ៉ូ, និង ៥ ភាគរយទៀតជារូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ។
ឯកសារឱ្យដឹងទៀតថា សម្រាប់ត្រីមាសទី៣ ឆ្នាំ ២០២៤ រដ្ឋាភិបាលក៏បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាសរុប ៧៣៨,០៧ លានដុល្លារអាមេរិក សមមូលនឹង ៥៤២,៥៥ លានអេសដេអ៊ែរ។ ជារួមសរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១,០៧ ពាន់លានដុល្លារអាមេរិក ដែលសមមូលនឹង ៧៨៦,៦៨ លានអេសដេអ៊ែ ស្មើនឹងប្រមាណ ៤៦ ភាគរយនៃពិតានដែលច្បាប់អនុញ្ញាត (១៧០០ លានអេសដេអ៊ែ) ក្នុងនោះក្របខ័ណ្ឌទ្វេភាគី ៣៨ ភាគរយ និងក្របខ័ណ្ឌពហុភាគី ៦២ ភាគរយ។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ គឺការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ ២០២៤ នេះ មានកំណើនប្រមាណ ៧ ភាគរយ។
ឯកសារបានបញ្ជាក់ថា៖«ឥណទានទាំងនេះសុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤៧ ភាគរយ។ គោលដៅការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម»។
ផ្ទុយពីការចុះកិច្ចព្រមព្រៀងឥណទានថ្មី ក្នុងត្រីមាសទី៣ ឆ្នាំ ២០២៤ រដ្ឋាភិបាលក៏បានធ្វើការទូទាត់សេវាបំណុលបានចំនួន ២៣៦,១៨ លានដុល្លារអាមេរិក ដែលជារួមក្នុងរយៈពេល ៣ ត្រីមាសដំបូងឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានទូទាត់សេវាបំណុលចំនួន ៤៦៦,៧៩ លានដុល្លារអាមេរិក រួមមាន ១.ក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសចំនួន ៤៥៦,៤៥ លានដុល្លារអាមេរិក(ប្រាក់ដើម ៣៥៤,៥៤ លានដុល្លារអាមេរិក និងការប្រាក់និងកម្រៃផ្សេងៗ ១០១,៩១ លានដុល្លារអាមេរិក) និង ២.ក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេស មានប្រមាណ ១០,៣៣ លានដុល្លារអាមេរិក(ប្រាក់ដើម ៧,៧៩ លានដុល្លារអាមេរិក និងការប្រាក់ ២,៥៤ លានដុល្លារអាមេរិក)។
ឯកសារបានបញ្ជាក់ថា៖«បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ(២០២៣) ការទូទាត់សេវាបំណុលសរុប ក្នុងត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ ២០២៤ មានកំណើនប្រមាណ ៧ ភាគរយ»។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក្នុងឯកសារព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាបានអះអាងថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជានៅតែត្រូវបានវាយតម្លៃថា ស្ថិតនៅក្នុងភាពអាចគ្រប់គ្រងបានពោល គឺនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប»។
លោកបានលើកឡើងថា៖«ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលមានជាអាទិ៍ ១.ក្របខ័ណ្ឌគតិយុត្ត, ២.គោលនយោបាយ, យុទ្ធសាស្ត្រ, និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, ៣.សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់, និង ៤.ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល»។
សេចក្តីព្រាងច្បាប់ថវិកា ដែលព្រឹទ្ធសភា បានអនុម័តកាលពីចុងខែវិច្ឆិកា បានបង្ហាញថា សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ រាជរដ្ឋាភិបាលអាចខ្ចីប្រាក់ពីគេ ក្នុងកម្រិត ២ ០០០ ០០០ ០០O SDR(ពីរប៊ីលានអេសដេអ៊ែ)។ ការខ្ចីប្រាក់ពីគេដែលត្រូវចុះកិច្ចសន្យាក្នុងកម្រិតខាងលើ ត្រូវមានលក្ខណៈជាការខ្ចីសម្បទាន ដែលត្រូវសងវិញជាមួយការប្រាក់អនុគ្រោះ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ កាលពីខែវិច្ឆិកា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍ កម្ពុជាប្រាកដជាមានតម្រូវការថវិកាច្រើនសម្រាប់យកទៅវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទរាប់ចាប់តាំងពីផ្លូវថ្នល់ ផ្លូវដែក ស្ពាន អាកាសយានដ្ឋាន និងកំពង់ផែ ដើម្បីបង្កើតបរិយាកាសទាក់ទាញសម្រាប់ការចូលមកវិនិយោគក្នុងប្រទេស និងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឈានទៅមុខឆាប់រហ័ស។
លោកបន្តថា រាល់ប្រាក់កម្ចីដែលរដ្ឋាភិបាលទទួលបានពីម្ចាស់បំណុលនាពេលកន្លងមក គឺសុទ្ធតែបានប្រើប្រាស់ចំគោលដៅតាមការស្នើសុំ និងមានប្រសិទ្ធភាពខ្ពស់។
លោកបានថ្លែងថា៖«កន្លងមករាជរដ្ឋាភិបាលបានមើលឃើញពីឱកាសក្នុងការជំរុញល្បឿនការអភិវឌ្ឍប្រទេសតាមរយៈការស្វែងរកប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ រួមទាំងប្រទេសដៃគូ។ ប្រាក់កម្ចីទាំងអស់នោះ ភាពច្រើនត្រូវបានប្រើប្រាស់សម្រាប់ការវិនិយោគសាធារណៈដើម្បីជួយឱ្យកម្ពុជារត់ទាន់ប្រទេសក្នុងតំបន់ និងពិភពលោក ខណៈកម្ពុជាបានបាត់បង់ពេលវេលាជាច្រើនទសវត្សរ៍ដើម្បីដោះស្រាយវិបត្តិក្នុងប្រទេស»៕