កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​«ពិព័រណ៍​ពាណិជ្ជកម្ម ឆ្នាំ ២០២៤» ប្រចាំ​ឆ្នាំ ២០២៤ នៅ​ចុង​សប្តាហ៍​នេះ ដែល​នឹង​មាន​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​សក្តានុពល​ជាច្រើន​បង្ហាញ​ដល់​អ្នក​ចូល​រួម ព្រម​ទាំង​ផ្តល់​ឱកាស​ឱ្យម្ចាស់​​ក្រុមហ៊ុន និង​អាជីវកម្ម បាន​ជួប​ជា​មួយ​ក្រុមហ៊ុន​បញ្ជា​ទិញ​ពី​ទីផ្សារ​អន្តរជាតិ​ផងដែរ។

«ពិព័រណ៍​ពាណិជ្ជកម្ម ឆ្នាំ ២០២៤» នឹង​ធ្វើ​ឡើងរយៈ​ពេល ៤​ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៣-១៦ ខែ​ធ្នូ នៅ​មជ្ឈមណ្ឌល​ភីរេច ក្នុងបុរី​ប៉េងហួត ​បឹងស្នោ​(ច្បារ​អំពៅ) ​ក្រោម​មូលបទ​«យុគសម័យ​ថ្មី​នៃ​ពាណិជ្ជកម្ម» 2024 Theme: “Trade Renaissance”។ 

មាន​ស្តង់​ចំនួន ២៤៦ សម្រាប់​ពាណិជ្ជករ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​ដាក់​តាំង​បង្ហាញ​ផលិត​ផល​។ ក្រសួង​ពាណិជ្ជកម្ម​រំពឹង​ថា ព្រឹត្តិការណ៍នេះ​​នឹង​មាន​អ្នក​ចូលរួម​ទស្សនា​ប្រមាណ ៥០ ០០០ នាក់ ក្នុង​នោះ​ក៏​មាន​តំណាង​ក្រុមហ៊ុន​បញ្ជា​ទិញ​ទំនិញ​ពី​បរទេស​ផងដែរ។

នៅ​ក្នុង​ពិធី​ជំនួប​ជាមួយ​អ្នក​សារ​ព័ត៌មាន កាល​ពី​ថ្ងៃទី​៩ ខែធ្នូ លោក ប៉ែន សុវិជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​ឱ្យ​ដឹង​ថា ពិព័រណ៍​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​នៅ​កម្ពុជា និង​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ។ ព្រឹត្តិការណ៍​នេះ​ ក៏​ជា​វេទិកា​នៃ​ការ​កសាង​បណ្តាញ​រវាង​អ្នក​តាំង​ពិព័រណ៍​ក្នុង​ស្រុក និង​ភ្ញៀវជាតិ-​អន្តរជាតិ​ដែល​ចូល​ទស្សនាអ្នក​ទស្សនា​ពិព័រណ៍​ផងដែរ។

បើ​តាម​លោក ប៉ែន សុវិជាតិ ក្នុង​ព្រឹត្តិការណ៍​ខាង​មុខ នឹង​មាន​ការ​តាំង​បង្ហាញ​ផលិតផល​សក្តានុពល​នាំ​ចេញ និង​មាន​គុណភាព​ខ្ពស់​ជាច្រើន​របស់​កម្ពុជា ជា​ពិសេស​ផលិតផល​ចំនួន ១០ មុខ រួមមាន៖ ស្រូវ, អង្ករ, ស្វាយចន្ទី, ម្រេច, ស្វាយ, ចេក​អំបូងលឿង, ដំឡូងមី, មៀនប៉ៃលិន, ទឹកឃ្មុំ, អំបិល និង​ដូង ជា​ទំនិញ​មាន​សក្តានុពល ដែល​ក្រសួង​ជំរុញ​ការ​នាំ​ចេញ។

លោក សុវិជាតិ បាន​និយាយ​ថា៖​«យើង​មាន​ផលិតផល៖​ ស្រូវ, អង្ករ, ស្វាយចន្ទី, ម្រេច, ស្វាយ, ចេកអំបូងលឿង, ដំឡូងមី, មៀនប៉ៃលិន, ទឹកឃ្មុំ, អំបិល និងដូង។ ទាំង​អស់​នេះមាន​ទំនិញ​ខ្លះជា​ទំនិញ ម៉​ក​សម្គាល់​ភូមិសាស្ត្រ(GI) និង​ទំនិញ​ខ្លះ​ទៀតជា​ទំនិញ​សក្ដានុពលដែល​កំពុង​តែមាន​ភាព​ទាក់ទាញ​ទៅ​លើ​ទីផ្សារ​បច្ចុប្បន្ន»។

បន្ថែម​ពី​លើ​នេះ​លោក​​ប្រាប់​​​ថា ក្រសួង​ពាណិជ្ជកម្ម មាន​បំណង​ចង់​ជំរុញ​ទំនិញ ទាំង​ទំនិញ​ដែល​ជា​ទំនិញ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ និង​ទំនិញ​ដែល​ផលិត​នៅ​កម្ពុជា «Made in Cambodia» ឱ្យ​មាន​ភាព​ល្បីល្បាញ ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​លើ​ឆាក​អន្តរជាតិ។

ពិព័រណ៍​នេះ គឺ​ជា​ព្រឹត្តិការណ៍​ពិព័ណ៍​ពាណិជ្ជកម្ម​កម្រិត​អន្តរជាតិ​ដ៏​ធំ​ប្រចាំ​ឆ្នាំ របស់​ក្រសួង​ពាណិជ្ជកម្ម ដើម​ឡើយ​មាន​ឈ្មោះ​ថា «ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ-​នាំចូល ដែល​ចាប់​តាំង​ពី​ឆ្នាំ ២០០៦ មក ត្រូវ​បាន​រៀបចំ​ឡើង​ទទួល​បាន​ជោគជ័យ​ចំនួន ១៦ លើក។

ប្រធាន​សម័្ពន្ធ​សមាគម​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា​(FASMEC) លោក តែ តាំងប៉រ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១០ ខែ​ធ្នូ ថា ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម ឆ្នាំ ២០២៤ ដែល​រៀបចំ​ដោយ​ក្រសួង​ពាណិជ្ជកម្ម នឹង​ផ្តល់​ផល​វិជ្ជមាន​យ៉ាង​ច្រើន​សម្រាប់​ផលិតករ​ក្នុង​ស្រុក ដូច​ជា​ផ្តល់​ឱកាស​សម្រាប់​ក្រុមហ៊ុន និង​អាជីវកម្ម​ក្នុង​ស្រុក​បង្ហាញ​ផលិតផល និង​សេវាកម្ម​ទៅ​កាន់​ទីផ្សារ, ជួយ​បង្កើន​ការ​យល់​ដឹង​អំពី​ផលិតផល​ខ្មែរ, និង​បង្កើន​ការ​ជឿជាក់​ទៅ​ដល់​ម្ចាស់​អាជីវកម្ម។ 

លោក​បន្ថែម​ថា សម្រាប់​សមាជិក​របស់​ FASMEC នឹង​មាន​ផលិត​ផល​ជា​ច្រើន​យក​ទៅ​ចូល​រួម​តាំង​បង្ហាញ​ដែល​មាន​ដូច​ជា ផលិតផល​គ្រាប់​ស្វាយចន្ទី ត្រីងៀត សាច់ក្រក ងៀតគោ និង​ដំណាប់​ផ្លែឈើ ជាដើម។

លោក​​ថ្លែង​ថា៖​«ក្នុង​នាម FASMEC យើង​ពេញចិត្ត​ក្នុង​ការ​គាំទ្រ​ដល់​កម្មវិធី​បែបនេះ​ដែល​ផ្តោត​លើ​ការ​ផ្សព្វផ្សាយ​ផលិត​ផល​ខ្មែរ។ កម្មវិធី​បែប​នេះ​គួរ​តែ​មាន​ជា​ថ្មីជា​រៀងរាល់​ឆ្នាំ ដើម្បី​រួម​ចំណែក​ក្នុង​ការ​កែលំអ​សេដ្ឋកិច្ច និង​បង្កើន​ការ​ចូល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ»។

លោក​ប្រាប់​ទៀត​ថា និន្នាការ​នៃ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​កំពុង​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ គឺ​ដោយ​សារ​តែ​គុណ​ភាព​ត្រូវ​បាន​ទីផ្សារ​អន្តរជាតិ​ទទួល​ស្គាល់​កាន់​តែច្រើន ខណៈ​ការ​ចរចា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​មួយ​ចំនួន​ជាមួយ​ប្រទេស​ផ្សេង​៕