ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច បានធ្វើឱ្យសកម្មភាពនៃការដឹកជញ្ជូនទំនិញទៅទីផ្សារអន្តរជាតិកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងរយៈពេល ១១ ខែដើមឆ្នាំ ២០២៤ កំពង់ផែស្វយ័តភ្នំពេញ(ក.ស.ភ.) ទទួលបាននាវាដឹកទំនិញឆ្លងកាត់ជាង ៤ ៦០០ គ្រឿង កើនឡើងជិត ៣០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ក្នុងនោះកុងតឺន័រផ្ទុកទំនិញមានជាង ៤៣ ម៉ឺនធីអ៊ីយូ(TEU)។
របាយការណ៍លទ្ធផលការងារអាជីវកម្ម-សេវាកម្ម របស់កំពង់ផែស្វយ័តភ្នំពេញ(ក.ស.ភ.) ដែលផ្ញើឱ្យក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា(CSX) ចុះកាលបរិច្ឆេទថ្ងៃទី១១ ខែធ្នូ ឱ្យដឹងថា ចន្លោះពីខែមករា-ខែវិច្ឆិកា ឆ្នាំ ២០២៤ នាវាដឹកទំនិញឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួនសរុប ៤ ៦៤៤ គ្រឿង កើនឡើង ២៧,៦៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ចំណែកកុងតឺន័រឆ្លងកាត់ មានចំនួន ៤៣៦ ៨៣៩ ធីអ៊ីយូ កើនឡើង ២០,៦៩ ភាគរយ។
ជាមួយគ្នានេះបរិមាណទំនិញ-ប្រេងឥន្ទនៈឆ្លងកាត់ មានចំនួន ៤ ៣៦៦ ៥៨៩ តោន កើនឡើង ១៦,០១ ភាគរយ។ ក្រៅពីនោះ ក.ស.ភ. ក៏ទទួលបាននាវាដឹកអ្នកដំណើរឆ្លងកាត់ ៦៣៣ គ្រឿង កើនឡើង ២៥,៣៥ ភាគរយ និងអ្នកដំណើរឆ្លងកាត់ចំនួន ៣២ ៨៥០ នាក់ កើនឡើង ៤៧,១៧ ភាគរយ។
សម្រាប់ខែវិច្ឆិកា ឆ្នាំ ២០២៤ ចំនួននាវាដឹកទំនិញឆ្លងកាត់មានចំនួន ២៤៧ គ្រឿង កើនឡើង ៣៨,៧៦ ភាគរយធៀបនឹងខែវិច្ឆិកា ឆ្នាំ ២០២៣, កុងតឺន័រឆ្លងកាត់ ៣៥ ៥៨៨ ធីអ៊ីយូ កើន ៣២,០១ ភាគរយ និងបរិមាណទំនិញ-ប្រេងឥន្ទនៈឆ្លងកាត់ ៤០០ ៩៧០ តោន កើន ២៩,២៧ ភាគរយ។ សម្រាប់នាវាដឹកអ្នកដំណើរឆ្លងកាត់មានចំនួន ៩៣ គ្រឿង កើន ១៩,២៣ ភាគរយ និងអ្នកដំណើរមានចំនួន ៤ ៨៦៤ នាក់ កើនឡើង ៩,៩ ភាគរយ។
ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP លោក សំ សុខនឿន ដែលទើបដឹកនាំគណៈប្រតិភូក្រុមហ៊ុនជាតិ និងអន្តរជាតិចំនួន ៥ ទៅជួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅទីស្តីការ CDC កាលពីថ្ងៃទី ១០ ខែធ្នូ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុ្ងថ្ងៃទី១២ ខែធ្នូ ថា ប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃយុគ្គមាស នៃការអភិវឌ្ឍលើគ្រប់វិស័យ។ ការដឹកជញ្ជូនឆ្លងកាត់តាមកំពង់ផែស្វយ័តភ្នំពេញ នឹងកាន់តែមានភាពមមាញឹកបន្ថែមទៀតនៅពេលគម្រោងព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់។
លោកបន្ថែមថា ការដឹកជញ្ជូនតាមផ្លូវទឹក គឺមានផលចំណេញច្រើនបើធៀបនឹងមធ្យោបាយដឹកជញ្ជូនផ្សេងទៀតដូចជាផ្លូវគោក និងផ្លូវអាកាស។ តម្លៃដឹកជញ្ជូនទាប នឹងជួយឱ្យទំនិញកម្ពុជាកាន់តែមានសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
លោកបានថ្លែងថា៖«និន្នាការទៅអនាគត ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជានឹងកាន់តែមមាញឹក ជាពិសេសតំបន់នៅក្បែរគម្រោងព្រែកជីកតេជោ។ ព្រែកជីកនេះនឹងក្លាយជាផ្លូវដឹកជញ្ជូនទំនិញដ៏សំខាន់ រវាងកំពង់ផែស្វយ័តភ្នំពេញទៅកាន់កំពង់ផែសមុទ្រក្នុងខេត្តព្រះសីហនុ និងកំពត ជាដើម»។
បើយោងតាមលោក សុខនឿន ក្រុមហ៊ុនទាំង ៥ ដែលបានទៅជួបជាមួយថ្នាក់ដឹកនាំ CDC គឺមានមកពីសហរដ្ឋអាមេរិក សិង្ហបុរី ទីក្រុងហុងកុង និងក្រុមហ៊ុនកម្ពុជា SAM SN GROUP។ ក្រុមហ៊ុនទាំងអស់កំពុងសហការគ្នាដើម្បីសិក្សាពីលទ្ធភាពក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមតំបន់ក្បែរព្រែកជីកតេជោ និងគម្រោងវិនិយោគមួយចំនួនទៀត។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បាននិយាយថា ការដឹកជញ្ជូនតាមមធ្យោបាយណាដែលមានភាពងាយស្រួល និងមានតម្លៃទាប ប្រាកដជាទទួលបានការពេញនិយមច្រើន។ ចំនួននាវាដឹកទំនិញ និងមនុស្សឆ្លងកាត់តាមកំពង់ផែស្វ័យតភ្នំពេញនឹងមានកំណើនខ្ពស់នៅពេលព្រែកជីកហ្វូណនបើកដំណើរការ។
មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក គឺមានសារៈសំខាន់ណាស់សម្រាប់ការដឹកជញ្ជូនទំនិញធ្ងន់ៗទៅកាន់គោលដៅឆ្ងាយៗ និងមានតម្លៃទាបជាងការដឹកជញ្ជូនតាមមធ្យោបាយផ្សេងទៀត។
លោកបញ្ជាក់ថា៖«នៅពេលមានការតភ្ជាប់បណ្តាញផ្លូវទឹកកាន់តែច្រើន ចរាចរណ៍នាវាឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញក៏កើនឡើងដែរ»។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ ការផ្លាស់ប្តូរទំនិញរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិមានទឹកប្រាក់សរុប ៤៩,៨៧ ពាន់លានដុល្លារ កើនឡើង ១៧,៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមាន ៤២,៥ ពាន់លានដុល្លារ ក្នុងនោះទំនិញកម្ពុជានាំទៅក្រៅប្រទេស ២៣,៩៣ ពាន់លានដុល្លារ កើនឡើង ១៦,៨ ភាគរយ និងទំនិញនាំចូល ២៥,៩៤ ពាន់លានដុល្លារ កើន ១៧,៩ ភាគរយ៕