ភ្នំពេញ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រកាស​ដាក់ឱ្យ​ដំណើរការ​សាក​ល្បង​​ប្រព័ន្ធ​វិក្កយបត្រ​អេឡិចត្រូនិក​កម្ពុជា នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២៤ ក្នុង​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅរក​ទំនើបកម្ម​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​របស់​ប្រទេស​។​

​ប្រព័ន្ធ​វិក្កយបត្រ​អេឡិចត្រូនិកដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អគ្គនាយកដ្ឋាន​សេដ្ឋកិច្ច​ឌីជីថល (GDDE) មាន​តួនាទី​ជា​ប្រព័ន្ធ​កណ្តាល​សម្រាប់​ផ្លាស់ប្តូរ​វិក្កយបត្រ ក្នុង​ទម្រង់​ជា​អេឡិចត្រូនិក​រវាង​ភាគី​អ្នកលក់ ឬ​អ្នកផ្តល់​សេវា និង​ភាគី​អ្នកទិញ ឬ​អ្នកទទួល​សេវា និង​មាន​មុខងារ​ផ្តល់ អត្តសញ្ញាណ និង​បញ្ជាក់​ទទួលស្គាល់​វិក្កយបត្រ​អេឡិចត្រូនិក​ជា​ផ្លូវការ ដោយ​មិន​តម្រូវឱ្យ​បោះពុម្ព​វិក្កយបត្រ​ជាក្រដាស​ឡើយ​។​

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មានរបស់ GDDE បាន​ឱ្យដឹងថា​៖ «​ប្រព័ន្ធ​វិក្កយបត្រ​អេឡិចត្រូនិក​កម្ពុជា គឺជា​ឧបករណ៍​សម្រាប់​ជំរុញ​ការប្រើប្រាស់​វិក្កយបត្រ​អេ​ឡិច ត្រូ​និក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​លើកកម្ពស់​តម្លាភាព និង​គណនេយ្យភាព​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សា ធារ​ណៈ គាំទ្រ​ដល់​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា»។

សេចក្ដីប្រកាស​ព័ត៌មាន​បានបន្ដថា​៖ «វា​បាន​ចូលរួម​ពង្រឹង​អនុលោមភាព​បទ​ប្បញ្ញត្តិ​សារពើពន្ធ ចូលរួម​ក្នុងការ​សម្រេច​នូវ​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកប ដោយ​ចីរភាព និង​ត្រៀម​ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន»​។​

នេះ​ស្របតាម​យុទ្ធសាស្ត្រ​នៃ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ និង​ផែនការ​សកម្មភាព​រួម​នៃ​កម្មវិធី កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ដែលក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ និង​បញ្ចប់ ការអភិវឌ្ឍ ប្រព័ន្ធ​វិក្កយបត្រ​អេឡិចត្រូនិក​កម្ពុជា រួចរាល់​ក្នុងការ​ដាក់ឱ្យ​ដំណើរការ​ប្រើប្រាស់​។

ប្រព័ន្ធ​វិក្កយបត្រ​អេ​ឡិចត្រូ​និក​កម្ពុជា គឺជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​រដ្ឋ ដែលមាន​តួនាទី​ជា​ប្រព័ន្ធ​កណ្តាល​សម្រាប់​ផ្លាស់ប្តូរ​វិក្កយបត្រ ក្នុង​ទម្រង់​ជា​អេឡិចត្រូនិក​រវាង​ភាគី​អ្នកលក់ ឬ​អ្នកផ្តល់​សេវា និង​ភាគី​អ្នកទិញ ឬ​អ្នកទទួល​សេវា និង​មាន​មុខងារ​ផ្តល់​អត្តសញ្ញាណ និង​បញ្ជាក់​ទទួលស្គាល់​វិក្កយបត្រ​អេឡិចត្រូនិក​ជា​ផ្លូវការ ដោយ​មិន​តម្រូវឱ្យ​បោះពុម្ព​វិក្កយបត្រ​ជា ក្រដាស​ឡើយ​។

ប្រព័ន្ធ​វិក្កយបត្រនេះ​ផ្តល់ជូន​អាជីវកម្ម​នូវ​អត្ថប្រយោជន៍​សំខាន់ៗ រួមទាំង​ការ​សន្សំសំចៃ​រហូតដល់ ៩០ភាគរយ​ ការរួមបញ្ចូល​យ៉ាង​រលូន​ជាមួយនឹង​ប្រព័ន្ធ Enterprise Resource Planning (ERP) និង​ការពង្រឹង​សមត្ថភាព​កត់​ត្រា​សម្រាប់​ការត្រួតពិនិត្យ និង​ការ​អនុលោមភាព​កាន់តែ​ងាយស្រួល​។​

​វា​ធ្វើ​មាត្រដ្ឋាន​យ៉ាង​ងាយស្រួល​ជាមួយនឹង​កំណើន​អាជីវកម្ម ធានាបាន​នូវ​ការរំខាន​តិចតួច ខណៈពេលដែល​ផ្តល់នូវ​ភាពបត់បែន​ក្នុងការ​គ្រប់គ្រង​វិក្កយបត្រ​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ដែលមាន​អ៊ីនធឺណិត​។​

លើសពីនេះ ប្រព័ន្ធ​នេះ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ សម្រួល​ដំណើរការ​វិក្កយបត្រ និង​បង្កើន​ប្រសិទ្ធភាព និង​តម្លាភាព​ជារួម​។​

អគ្គនាយកដ្ឋាន​សេដ្ឋកិច្ច​ឌីជីថល បាន​​អំពាវនាវ​ដល់ម្ចាស់​​ ឬ​តំណាង​ក្រុមហ៊ុន​អាជីវកម្ម​ទាំងអស់​​​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​នៃ ប្រព័ន្ធ​វិក្កយបត្រ​អេឡិចត្រូនិក​កម្ពុជា ឬ​ត្រៀម​ផ្តល់​កិច្ចសហការ​ក្នុងការ​ចូលរួម​ជា​បន្តបន្ទាប់​ក្នុងការ​អនុវត្ត​។

សម្រាប់ ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់​លេខ +855 81 881 611 ឬ ធ្វើការ​ស្កេ​ន QR Code ខាងក្រោម​នេះ​៕​